ភាព​ខុសគ្នា​ “១០ចំណុច”​ ដែល​ “​​អ្នក​មាន”​​ គិត​ខុស​ពី ​”​​​អ្នក​ក្រ”

អ្នក​ក្រ​ច្បាស់​ជា​មាន​ចម្ងល់​ច្រើន​ទៅ​លើ​អ្នក​មាន​​ដែល​មាន​ប្រាក់​ស្តុកស្តម្ភ​ ខណៈ​ដែល​ខ្លួន​មិន​អាច​ងើបចេញ​ពី​ភាព​ក្រីក្រ​បាន​។​ នេះ​មិនមែន​​ជា​រឿង​មួយ​ចៃដន្យ​នោះ​ឡើយ ត្បិត​អី​ច្បាស់​ជា​​មាន​ហេតុផល​​អ្វី​ម្យ៉ាង​ជា​ពិសេស​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​គេ។ ថ្ងៃនេះសាកល្បង​សិក្សា​លើ​ភាព​ខុសគ្នា​នៃ​ការ​គិត​របស់​អ្នក​មាន​ និង​អ្នក​ក្រ​ទាំង​១០​ចំណុច​ខាងក្រោម​នេះ​​វិញ​ម្តង​មើល៍​​?​​​

១- ​ទម្លាប់​ប្រចាំ​ថ្ងៃ​​របស់​មនុស្ស​នឹង​​មាន​ឥទ្ធិពល​ជា​សំខាន់​​ក្នុង​ជីវិត​របស់​​ខ្លួន

ក្រុម​អ្នក​​មាន​​​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​ចំនួន​៥២% ខណៈ​ដែល​ក្រុម​អ្នក​ក្រ​វិញ​យល់​ស្រប​ត្រឹមតែ​៣%​ប៉ុណ្ណោះ។ ​ក្រុម​អ្នក​មាន​ពន្យល់​ដោយ​ខ្លី​ថាសាង​ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍ សាង​ទម្លាប់​ល្អ​ទទួល​បាន​ឱកាស និង​លាភសក្ការៈ​ដែល​ក្រុម​អ្នក​ក្រ​គ្មាន។

២- ​ភាព​មាន​បាន​កើត​ឡើង​ដោយ​​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន

ក្រុម​អ្នក​មាន​ប្រមាណ​ជា ​៩៨% ​បាន​យល់​ឃើញ​ថាទស្សនៈ​​ខាងលើ​​ពិត​ជា​ត្រឹមត្រូវ​ ខណៈ​អ្នក​ក្រ​ដល់​ទៅ​៨៧%​ បដិសេធន៍​ទៅ​នឹង​​អំណះអំណាង​នេះ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថាទ្រព្យសម្បតិ្ត​ ៩៤% នៃ​ក្រុម​អ្នក​មាន​ប្រាក់​របស់​ប្រជាជន​អាមេរិក​​ទទួល​បាន​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ប្រកប​ដោយ​សក្ដានុពល​​របស់​ខ្លួន​​​។

៣- ការ​ទំនាក់ទំនង​អាច​បង្កើន​ជំនាញ​វិជ្ជាជីវៈ និងការ​អភិវឌ្ឍ​ខ្លួន​ឯង

ជុំវិញ​ការ​លើកឡើង​នេះ​ ក្រុម​អ្នក​ក្រ​បាន​យល់​ស្រប​ចំនួន ​១៧% រីឯ​ក្រុម​អ្នក​មាន​វិញ​បាន​យល់ស្រប​រហូត​ដល់​ ៨៨%។ ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ទាញ​ហេតុ​ផល​​ថា អ្នក​មាន​ឲ្យ​តម្លៃ​លើ​ការ​ទំនាក់ទំនង ដើម្បី​បង្កើន​ភាព​ជោគជ័យ​ក្នុង​ជីវិតតាម​រយៈ​ការ​ពង្រីក និង​ពង្រឹង​​សក្ដានុពល​របស់​គេ​​ជា​មួយ​ក្រុម​មនុស្ស​ដ៏​ទៃ​ទៀត​ដែល​នាំ​ខ្លួន​ឆ្ពោះ​ទៅ​រក​ពន្លឺ​នៃ​ជីវិត។

៤- ស្វាគមន៍​​ជានិច្ច​ជា​មួយ​មនុស្ស​ថ្មី​ៗ គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ

ទស្សនៈ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកក្រ​យល់​ស្រប​ត្រឹមតែ ១១%​ ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​អ្នក​មាន​​វិញ​យល់ស្រប​​ចំនួន​ ៦៨%។ ក្រុម​អ្នក​​មាន​ពេញ​ចិត្ត​ក្នុង​ការ​ជួបជុំ​ ឬ​ចាប់ដៃ​​​ស្វាគមន៍​ជា​មួយ​មនុស្ស​ថ្មីៗ និង​ជឿជាក់​ថា​ ការ​​កសាង​នូវ​ក្តី​ស្រលាញ់​ និង​ទំនុកចិត្ត​​ពី​ក្រុម​មនុស្ស​ទាំង​នោះ​គឺ​ជា​ជំហាន​ឆ្ពោះ​​ទៅ​រក​​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ។

៥- ការ​​ចេះ​សន្សំ​ប្រាក់​​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្លាយ​ជា​អ្នក​មាន​

ត្រង់​ចំណុច​នេះ​ក្រុម​អ្នកក្រហាក់​បាន​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​បាន​គួរសម​ ពោល​គឺ​មាន​ចំនួន​រហូត​ដល់​៥២%។ តែ​ទោះ​ជា​យ៉ាងណា ក្រុម​អ្នក​មាន​នៅ​តែ​នាំ​មុខ​ដដែល​ដោយ​បាន​​យល់​ស្រប​រហូត​ដល់​៨៨%។ ទស្សនៈ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​ពេលនេះ​​គឺ​ថា ដើម្បី​ក្លាយ​ជា​អ្នក​មាន​មិន​សំខាន់​​ត្រង់​ថា​ខ្លួន​​​ត្រូវ​មាន​សមត្ថភាព​អាច​រក​ល​ឲ្យ​​បាន​ច្រើន​នោះ​ឡើយ តែ​សំខាន់​ត្រង់​ថាតើ​ខ្លួន​​អាច​សន្សំ​លុយ​​​បាន​​ដល់​កម្រិត​ណា។ គោលការណ៍​ដ៏​ល្អ​មួយ​ គឺ​អាច​លៃលក​សន្សំ​លុយ​កាក់​២០%​នៃ​ប្រាក់​ដែល​​យើង​អាច​​រក​បាន​ និង​៨០%​ ផ្សេង​ទៀត​អាច​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​ប្រចាំថ្ងៃ។

៦- ​ជោគវាសនា​​របស់​​មនុស្ស​​ម្នាក់ គឺ​អាស្រ័យ​លើ​ការ​គិត និង​ទង្វើ​របស់​​ខ្លួន​

ក្រុម​អ្នក​មាន​​រហូត​ដល់​ ៩០% ​បាន​យល់​ស្រប​ទៅ​នឹង​អំណះអំណាង​ខាងលើ​នេះ​ ស្រប​ពេល​ដែល​ក្រុម​អ្នក​ក្រ​វិញ​យល់​ឃើញ​ថា​ត្រឹមត្រូវ​ត្រឹមតែ ​១០%​​ ប៉ុណ្ណោះ។ ក្រុម​អ្នក​ក្រ​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​កម្មផល ឬពូជអំបូរ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​​អ្នក​ក្រ។ តែ​តាម​ការ​ពិត ក្រុម​អ្នក​មាន​​ទាំង​អស់​មិនមែន​កើត​មក​សុទ្ធតែ​ជា​អ្នក​មាន​នោះ​ឡើយ ពោល​គឺ​វា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​​របស់​ខ្លួន​។

៧ ភាព​ច្នៃ​ប្រឌិត គឺ​ជា​ជំហាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ

មាន​ក្រុម​​អ្នកក្រ​ត្រឹមតែ​ ១១%​ ប៉ុណ្ណោះ​បាន​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​​នេះ ខណៈ​ដែល​ក្រុម​​អ្នក​មាន​វិញ​បាន​យល់ស្រប​​រហូត​ដល់​ ៧៥%។ ក្រុម​អ្នក​មាន​ជឿជាក់​លើ​ភាព​ច្នៃ​ប្រឌិត​​របស់​ខ្លួន​ដែល​​មាន​ឥទ្ធិពល​​លើ​ភាព​ជោគជ័យ​ទាំងឡាយ ផ្ទុយ​ពី​​ក្រុម​អ្នក​ក្រ​ដែល​ឲ្យ​តម្លៃ និង​​ពឹង​តែ​លើ​ព្រេង​សំណាង។

៨- ពេញ​ចិត្ត និង​ឲ្យ​តម្លៃ​លើ​ការងារ គឺ​ជា​ផ្លូវ​ឈាន​ទៅ​រក​ភាព​សម្បូរហូរហៀរ​ខាង​មាសប្រាក់

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថាក្រុម​អ្នក​មាន​ចំនួន ​៨៥% បាន​ស្រលាញ់​ពេញ​ចិត្ត​ការងារ​របស់​ខ្លួន​ដែល​បាន​ចំណាយ​ពេល​ជា​មធ្យម​ ៥០​ម៉ោង​​ក្នុង​មួយ​សបា្តហ៍​ជា​មួយ​នឹង​ការងារ​នោះ​។ ប៉ុន្តែ​គេ​រក​ឃើញ​ថា ​មាន​អ្នក​ក្រ​ត្រឹមតែ​ ២%​ប៉ុណ្ណោះ ​ដែល​ពេញ​ចិត្ត​ការងារ​របស់​ខ្លួន ហើយ​បាន​ចំណាយ​ពេល​ជា​មួយ​ការងារ​របស់​ខ្លួន​​​ជា​មធ្យម​ត្រឹមតែ​ ៤៣​ម៉ោង​ប៉ុណ្ណោះ។ នេះ​បាន​ធ្វើ​ឲ្យ​គេ​កំណត់​ថា ​ភាព​ច្នៃ​ប្រឌិត​គឺ​ជា​ថ្នាំប៉ូវ​សុខភាព​ហិរញ្ញវត្ថុ​​ដ៏​ស័ក្តិសិទ្ធិ​ដល់​ក្រុម​អ្នក​មាន​ជំរុញ​ឲ្យ​ពួកគេ​ពេញ​ចិត្ត​លើ​ការងារ​​នោះ។

៩- សុខភាព​ល្អ ​គឺ​ជា​​​ថាមពល​បណ្ដុះ​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​​

ក្រុម​អ្នក​មាន​ចំនួន ​៨៥% បាន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​ដោយ​និយាយ​ថា សុខភាព​ល្អ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អាច​បំពេញ​​ការងារ​របស់​ខ្លួន​ជា​ប្រក្រតី​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​​ ដែល​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ឡើយ។ តែ​មាន​​ក្រុម​អ្នកក្រ​ត្រឹមតែ​ ១៣% ប៉ុណ្ណោះ​ដែល​បាន​យល់​ស្រប​។ ​​

១០- ហ៊ាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ ដើម្បី​រក​ច្រក​ផ្លូវ​ធ្វើ​​ជា​អ្នកមាន​

ក្រុម​អ្នក​ក្រ​ ៦% បាន​យល់ស្រប​ទៅ​នឹង​​ទស្សនៈ​នេះ ដែល​​តួលេខ​នេះ​ផ្ទុយ​ពី​​ក្រុម​អ្នក​មាន​​​ប្រមាណ​ ៦៣% ​​យល់​ឃើញ​ថា​ការ​លើកឡើង​​នេះ​ពិត​ជា​ត្រឹមត្រូវ។ ​​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ក្រុម​អ្នក​មាន​ភាគ​ច្រើន​គឺ​​អ្នក​ជំនួញ​។ មុខ​ជំនួញ​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​រៀនសូត្រ​​​យ៉ាង​ច្រើន​ពី​​​ការ​ប្រឈមមុខ​នឹង​ភាព​បរាជ័យ និង​ឧបសគ្គ​ទាំងឡាយ​។ អ្នក​មាន​ ២៧% បាន​សារភាព​ថា បាន​បរាជ័យ​ក្នុង​ជីវិត​របស់​គេ ខណៈ​ដែល​អ្នក​ក្រ​វិញ​មាន​ត្រឹមតែ ​២% ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​រឿង​មួយ​ដែល​គួរឲ្យ​ពិចារណា​បំផុត៕