ពេលមានបញ្ហាគេងមិនលក់ តើយើងត្រូវដោះស្រាយបែបណា?

ការគេងឲ្យបានគ្រប់គ្រាន់ (៨ម៉ោងក្នុងមួយថ្ងៃ) ពិតជាសំខាន់ណាស់ចំពោះមនុស្សគ្រប់គ្នា។ គ្មាននរណាម្នាក់អាចធ្វើការពេញមួយថ្ងៃ ដោយមិនបាច់គេងនោះឡើយ។ សម្ពាធការងារ អារម្មណ៍មិនល្អ ការគិតច្រើន សំឡេងរំខាន គឺជាកត្តាដែលធ្វើឲ្យគេងមិនលក់ ឬពិបាកគេងជាប្រចាំ។ វាគឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់។ តើគួរធ្វើបែបណា ទើបអាចគេងលក់ស្កប់ស្កល់?

1- ត្រូវរៀបចំកន្លែងគេងរបស់អ្នកឲ្យបានស្អាតមានរបៀប មានផាសុកភាព ងងឹត និងស្ងាត់។ ផ្លាស់ប្តូរពូកចាស់ចេញ សម្អាតស្រោមពូក និងខ្នើយឲ្យបានថ្មីស្អាតជាប្រចាំ ដើម្បីបំបាត់ក្លិន ដែលនាំឲ្យពិបាកគេង។ ត្រូវចាំថា បន្ទប់គេង គឺសម្រាប់តែគេងប៉ុណ្ណោះ កុំយកការងារមកធ្វើក្នុងបន្ទប់គេងឲ្យសោះ។

2- ទម្លាប់ចូលគេងឲ្យបានទៀងទាត់ ទោះជាមិនទាន់ងងុយក៏ដោយ។ អាចស្តាប់បទចំរៀង អានសៀវភៅ វានឹងធ្វើឲ្យត្របកភ្នែកយើងទន់ ឬសមាធិធ្វើអារម្មណ៍ឲ្យស្ងប់។ ប្រើភ្លើងពណ៍លឿងស្រទន់មុនចូលគេង ឲ្យបាន៣០នាទី បន្ទាប់មកបិទភ្លើងតែម្តង ដើម្បីឲ្យការគេងបានស្ងប់។

3- មិនត្រូវងើបញាំអាហារនៅពេលគេងមិនលក់នោះទេ ព្រោះថានឹងធ្វើឲ្យយើងលែងងងុយគេងទៀត។ ម៉្យាងទៀត វាក៏ប៉ះពាល់ដល់សុខភាពផងដែរ ធ្វើឲ្យក្រពះរំលាយអាហារមិនបានល្អ។ ត្រូវញាំអាហារឲ្យបានឆ្អែតល្អ 3-4 ម៉ោងមុនពេលចូលគេង។ ចូរញាំទឹកឲ្យបានច្រើននៅពេលថ្ងៃ តែត្រូវកាត់បន្ថយនៅពេលមុនចូលគេង។

4- ការហាត់ប្រាណនៅពេលរសៀល ជួយឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ បំបាត់នូវភាពស្មុគស្មាញ និងគេងបានស្រួលផងដែរ។ បណ្តោយឲ្យចិត្ត និងរាងកាយបានធូរស្រាលមុនពេលគេង នោះវានឹងជួយឲ្យអ្នកទទួលបាន ការគេងដ៏ល្អមួយនៅពេលយប់យ៉ាងស្កប់ស្កល់។ 

5- ជៀសវាងការទទួលទានគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន។ ប្រាកដណាស់ថា អ្នកអាចគេងបានលឿននៅពេលស្រវឹង តែវាមិនធ្វើឲ្យអ្នកគេងលក់ស្រួលពេញមួយយប់ឡើយ។ តែបែរជារំខានដល់ដំនេកទៅវិញ ធ្វើឲ្យអ្នកដឹងខ្លួនកណ្តាលយប់ ឈឺក្បាល បន្ទាប់ពីអស់ជាតិស្រវឹងនោះ។

6- គួររំលឹកថា ការគេងមិនលក់ម្ដងម្កាលជារឿងធម្មតា តែការគេងមិនលក់ញឹកញាប់ទាមទារឲ្យមានការពិគ្រោះព្យាបាល រកមូលហេតុដែលនាំឲ្យគេងមិនលក់នោះ ។ ការប្រើប្រាស់ថ្នាំងងុយគេង មិនមែនជាជម្រើសល្អឡើយ។