ពេលឃើញគេត្រូវខ្សែភ្លើងឆក់ តើត្រូវជួយសង្គ្រោះដោយវិធីណា?

គ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ តែងកើតឡើងភ្លាមៗ ដោយសារតែខ្វះការប្រុងប្រយ័ត្ន នៅពេលប្រើប្រាស់ភ្លើងអគ្គីសនី។ លទ្ធផលគឺអាចបណ្ដាលឲ្យជនរងគ្រោះរលាក ឬបាត់បង់ជីវិត ដោយសារសួត និងបេះដូងលែងដំណើរការ។ នៅពេលមានករណីនេះកើតឡើង បើអ្នកចេះជួយសង្គ្រោះបឋម អ្នកអាចស្រោចស្រង់ជីវិតជនរងគ្រោះបាន។

នៅពេលឃើញអ្នកដែលត្រូវខ្សែភ្លើងឆក់ ដំបូងបង្អស់គឺត្រូវប្រញាប់ផ្ដាច់ចរន្ធភ្លើង (បើស្គាល់កន្លែងបារ៉ែតច្បាស់ គឺទៅបិទវាតែម្តង)។ អ្នកអាចប្រើប្រាស់ឈើ ឬរបស់អ្វីមួយដែលស្ងួត លើកលែងតែលោហធាតុ ដើម្បីទាញយកខ្សែភ្លើងចេញពីជនរងគ្រោះ។ មិនត្រូវប្រើដៃទទេជាដាច់ខាត ប៉ុន្ដែត្រូវពាក់ស្រោមដៃ ជ័រ និងប្រើស្បែកជើងក្រាស់ស្ងួត ដោយឈរពីលើជ័រ ឬឈើស្ងួត។

យកជនរងគ្រោះទៅដាក់នៅកន្លែងត្រជាក់មានខ្យល់ច្រើន ដើម្បីឲ្យសួតងាយស្រូបខ្យល់ និងដាក់ជនរងគ្រោះឲ្យដេងផ្ងារលើដីរាបស្មើ។ ពិនិត្យមើលជនរងគ្រោះថានៅមានដង្ហើម ឬអត់ ហើយមើលថាបេះដូងនៅដើរឬទេ? ករណីដែលមិនមានដង្ហើម អ្នកត្រូវតែធ្វើចលនាជួយឲ្យបេះដូង និងសួតឲ្យដើរឡើងវិញ ដោយសង្កត់ទ្រូង និងផ្លុំខ្យល់រហូតដល់ជនរងគ្រោះមានដង្ហើមឡើងវិញ ឬរហូតដល់គ្រូពេទ្យជំនាញមកដល់ទើបឈប់។

នៅពេលជនរងគ្រោះដឹងខ្លួនអ្នកត្រូវលើកទឹកចិត្តឲ្យជនរងគ្រោះស្ងប់អារម្មណ៍ និងប្រញាប់នាំជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ដែលនៅក្បែរបំផុត ឬហៅទូរសព្ទទៅកាន់លេខសង្គ្រោះបន្ទាន់ដែលនៅជិតបំផុតភ្លាមៗ។