ប្រវត្តិនយោបាយ និងជីវិតឯកជនសង្ខេបរបស់លោក​ វ៉្លាឌីមៀ​ពូទីន (Vladimir Putin) ​បុរស​មាន​ឥទ្ធិពល​បំផុត​នៅ​រុស្សី

ប្រធានាធិបតី​រុស្ស៊ី លោក​វ៉្លាឌីមៀពូទីន (Vladimir Putin) បាន​ដឹក​នាំ​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​ឆ្នាំ១៩៩៩ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ លោក​ពូទីន​ជា​មេដឹកនាំ ដែល​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ និង​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពលនៅក្នុង​នយោបាយ​រុស្ស៊ី​បច្ចុប្បន្ន​។ យើងសូម​ណែនាំ​​អ្នក​​ឲ្យ​បាន​ដឹងអំពី​ប្រវត្តិ​របស់​លោក​ពូទីន ដោយ​ផ្ដោត​លើ​ប្រវត្តិ​ការងារ ប្រវត្តិ​នយោបាយ និង​ជីវិត​ឯកជន​របស់​លោក​។

ទិន្នន័យ​សង្ខេប​អំពី​លោក​ពូទីន៖ កើត ថ្ងៃ​ទី០៧ ខែតុលា ឆ្នាំ១៩៥២ កន្លែង​កំណើត ទីក្រុង​សាំងប៉េទែស្បួ កម្រិត​វប្បធម៌ បញ្ចប់​មហាវិទ្យាល័យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ប្រចាំទីក្រុង​ឡេនីនក្រាត (បច្ចុប្បន្ន​ប្ដូរ​ទៅ សាំងប៉េទែស្បួ) ភាសាដែល​ចេះ រុស្ស៊ី (ភាសា​កំណើត) អាល្លឺម៉ង់ និង​អង់គ្លេស កម្ពស់ ១,៧០m ភរិយា (លែង​លះ) Lyudmila Shkrebneva។

លោក​វ៉្លាឌីមៀ​ពូទីន មាន​ឈ្មោះ​ពេញ Vladimir Vladimirovich Putin។ លោក​​ធ្លាប់​មាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​ភ្នាក់ងារ​ចារកម្ម​សូវៀត (កាហ្សេបេ -KGB)។ លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី ពី​ឆ្នាំ ១៩៩៩-២០០៨ និង​ពី​ឆ្នាំ២០១២ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន និង​ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ នៅ​ឆ្នាំ១៩៩៩ ម្ដង និង​ពី​ឆ្នាំ២០០៨-២០១២ ម្ដង​ទៀត។

លោក​ពូទីន​សិក្សា​មុខ​វិជ្ជា​ច្បាប់​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ប្រចាំ​ទីក្រុង​ឡេនីនក្រាត (Leningrad State University)។ លោក​ធ្លាប់​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់ នៃ​អង្គភាព​ចារកម្ម​កាហ្សេបេ អស់​រយៈ​ពេល ១៥ឆ្នាំ ក្នុង​នោះលោក​ធ្លាប់​ទៅ​បំពេញ​បេសកកម្ម​នៅ​អាល្លឺម៉ង់​ខាង​កើត​អស់​រយៈ​ពេល ៦ឆ្នាំ ពី​ឆ្នាំ១៩៨៥-១៩៩០។

បទ​ពិសោធន៍​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ​ហើយ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​លោក​បន្ត​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​រដ្ឋាភិបាល​អាល្លឺម៉ង់។ ក្រៅ​ពី​ភាសា​រុស្ស៊ី​ដែល​ជា​ភាសា​កំណើត លោក​ពូទីន​អាច​និយាយ​ភាសា​អាល្លឺម៉ង់​បាន​យ៉ាង​ស្ទាត់​ជំនាញ​។ បន្ទាប់​ពី​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី លោក​បាន​សិក្សា​ភាសា​អង់គ្លេស និង​អាច​និយាយ​គ្នា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ប្រធានាធិបតី​ប៊ូស និង​ថ្នាក់​ដឹកនាំ​ដែល​និយាយ​ភាសា​អង់គ្លេស​ពី​កំណើត​មួយ​ចំនួន​ទៀត។

អាជីព​នយោបាយ​របស់​លោក​ពូទីន (Political career)

ក្រោយ​ពេល​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​ទៅ លោក​បាន​ដាក់ពាក្យ​សុំ​ចូល​និវត្ត​នៅ​ឆ្នាំ១៩៩០ ក្នុង​តំណែង​ជា​វរសេនីយ៍ឯក (សក្ដិ​ប្រាំ) ហើយ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ ទៅ​បំពេញ​មុខ​ងារ​នៅ​សាកលវិទ្យាល័យ​ជាតិ​ទីក្រុង​ឡេនីន​ក្រាត ដោយ​មាន​ភារកិច្ច​ជា​មន្ត្រី​ទំនាក់​ទំនង​រវាង​សាធារណៈ​។

ក្រោយមក លោក​មាន​តំណែង​ជា​ទីប្រឹក្សា​អភិបាល​ក្រុង​សាំងពេទែស្បួ ហើយ​ត្រូវ​ចៅហ្វាយ​នាយ​ស្រឡាញ់​ទុក​ចិត្ត ព្រោះ​លោក​ជា​អ្នក​ដែល​មាន​សមត្ថភាព ​និង​ទេពកោសល្យ​ខ្ពស់ អាច​បំពេញ​ការងារ​ដែល​ថ្នាក់​លើ​ប្រគល់​ឲ្យ។ ឆ្នាំ១៩៩៤ លោក​ឡើង​ឋានៈ​ជា​អភិបាល​រង​ក្រុង។

នៅ​ឆ្នាំ១៩៩៦ លោក​បាន​ផ្លាស់​ទៅ​ទីក្រុង​មូស្គូ ដើម្បី​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​អម​ប្រធានាធិបតី មាន​ឋានៈ​ជា​អនុប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​រុស្ស៊ី។ នៅ​ខែកក្កដា ​ឆ្នាំ១៩៩៨ ប្រធានាធិបតី​រុស្ស៊ី​កាល​ជំនាន់​នោះ លោក​បូរីសយែល​ស៊ីន (Boris Yeltsin) បាន​ដំឡើង​ឋានៈ​និង​តួនាទី​លោក​ពូទីន ជា​នាយក​ទីចាត់ការ​នៃ​អង្គភាព​សន្តិសុខ​ជាតិ (Federal Security Service) ដែល​ជា​អង្គភាព​ចារកម្ម​ជាតិ​របស់​រុស្ស៊ី ប្ដូរ​ឈ្មោះ​ពី​កាហ្សេបេ កាលពី​ជំនាន់​សហភាព​សូវៀត។ មិន​យូរ​ប៉ុន្មាន លោក​បាន​ក្លាយ​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ហើយ​នៅ​ឆ្នាំ១៩៩៩ លោក​យែលស៊ីន បាន​តែង​តាំង​លោក​ពូទីន ជា​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី។

​ថ្ងៃ​ទី៣១ ខែ​ធ្នូ ​ឆ្នាំ១៩៩៩ លោក​យែលស៊ីនបាន​ប្រកាស​លាលែង​ពី​តំណែង​ដោយ​មិន​ដឹង​មូលហេតុ ហើយ​បាន​តែងតាំង​លោក​ពូទីន​ជា​ប្រធានាធិបតី​ស្ដីទី។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ ២០០០ លោក​ពូទីន​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី បាន​សន្យា​ថា​នឹង​កសាង​ប្រទេស​រុស្ស៊ី​ឲ្យ​មាន​កិត្យានុភាព​ឡើង​វិញ ​ក្រោយ​ពី​សហភាព​សូវៀត​ដួល​រលំ​ទៅ ហើយ​លោក​ក៏​បាន​ឈ្នះ​ឆ្នោត​ដោយ​មិន​ពិបាក ដោយ​ទទួល​បាន ៥៣% នៃ​សំឡេង​ឆ្នោត​បាន​ការ។ លោក​ពូទីន ​ក្រោយ​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ពេញ​សិទ្ធិ​ បាន​ខិតខំ​បំបាត់​អំពើ​ពុក​រលួយ និង​ជំរុញ​ការ​អនុវត្ត​តាម «សេដ្ឋកិច្ច​ទីផ្សារ -market economy»។

ក្នុង​អាណត្តិ​ទីមួយ លោក​ពូទីន​ប្រឈម​នឹង​បញ្ហា​ក្នុង​ប្រទេស ដោយ​កាលណោះ ក្រុម​បំបែក​ទឹក​ដី​នៅ​តំបន់​ឆេចនី (Chechya) បាន​វាយ​ប្រហារ​បែប​ភេរវកម្ម​នៅ​ទីក្រុង​មូស្គូ និង​ងើប​បះបោរ​ដោយ​កម្លាំង​អាវុធ ច្បាំង​ទល់​នឹង​កងទ័ព​រដ្ឋាភិបាល​រុស្ស៊ី​នៅ​តាម​តំបន់​ភ្នំ។ ឆ្នាំ២០០២ លោក​ពូទីន​ប្រកាស​បើក​យុទ្ធនាការ​បោស​សម្អាត​ក្រុម​ឧទ្ទាម​ទាំង​នោះ ប៉ុន្តែ​កងទ័ព​រុស្ស៊ី​បាន​បាត់​បង់​កម្លាំង​ប្រយុទ្ធ​និង​សម្ភារៈ​យ៉ាង​ច្រើន ទម្រាំ​អាច​បង្ក្រាប​ពួក​នោះ​បាន និង​វាយ​ដណ្ដើម​តំបន់​ផ្ដាច់​ខ្លួន​យក​មក​គ្រប់​គ្រង​ក្នុង​ដៃ​វិញ។

លោក​ពូទីន​​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​លោក​អតីត​ប្រធានាធិបតី​អាមេរិក​កាល​ណោះ ចចដាប់បលយូប៊ូស (George W. Bush) ដែល​កាលពីឆ្នាំ២០០១ បាន​សម្រេច​លុប​ចោល​សន្ធិសញ្ញា​ប្រឆាំង​នឹង​កាំជ្រួច​ផ្លោង Ballistic។ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែកញ្ញា ​ឆ្នាំ២០០១ លោក​ពូទីន​សន្យា​សហការ និង​គាំទ្រ​ចំពោះ​យុទ្ធនាការ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ដើម្បី​បោស​សម្អាត​ក្រុម​ភេរវករ។

មិន​ត្រឹម​ប៉ុណ្ណឹង លោក​ពូទីន​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ដែន​អាកាស​រុស្ស៊ី​ ដើម្បី​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌ និង​សហការ​លើ​ផ្នែក​ចារកម្ម​ទៀតផង (ចែក​រំលែក​ព័ត៌មាន​គ្នា)។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ដែល​សហរដ្ឋ​អាមេរិក​បាន​លើក​កងទ័ព​ជើង​គោក​វាយ​ចូល​អ៊ីរ៉ាក់​ដើម្បី​ផ្ដួលរំលំ​របប​លោក​សាដាំ​ហ៊ូសេន​នោះ លោក​ពូទីន​មិន​គាំទ្រ​ទេ។

លោក​ពូទីន​មាន​សមត្ថភាព​ដឹក​នាំ​សេដ្ឋកិច្ច​រុស្ស៊ី​ឲ្យ​រីក​ចម្រើន ធៀប​និង​ស្ថានភាព​សេដ្ឋកិច្ច​រុស្ស៊ី ដែល​ត្រដាបត្រដួស​ពេញ​មួយ​ទសវត្ស​ទី៩០។ ដោយ​សារ​ហេតុ​នេះ ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​គាំទ្រ​លោក​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​រុស្ស៊ី​ក្នុង​អាណត្តិ​ថ្មី​ ឆ្នាំ២០០៤។ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​រុស្ស៊ី លោក​ពូទីន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី​បាន​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ។

លោក​ក៏​ជ្រើសរើស​លោក​ឌីមីទ្រមេដវេដេវ (Dmitry Medvedev) ជា​អ្នក​បន្ត​វេន​តំណែង​ប្រធានាធិបតី ហើយ​បន្ទាប់​ពី​លោក​មេដវេដេវ ឈ្នះ​ឆ្នោត​ឆ្នាំ២០០៨ លោក​ក៏​តែងតាំង​លោក​ពូទីន​ជា​នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០០៨ ពោល​គឺ​ក្រោយ​ពេល​លោក​មេដវេដេវ ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ថ្វីត្បិត​លោក​ពូទីន​មាន​តំណែង​ជា​នាយករដ្ឋមន្ត្រី ក៏​គេ​យល់​ថា​អំណាច​ពិត​ប្រាកដ​នៅតែ​ស្ថិត​ក្នុង​ដៃ​លោក​តែ​ដដែល។ ឆ្នាំ២០១២ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​រុស្ស៊ី​សម្រាប់​អាណត្តិ​ទីបី ហើយ​បាន​តែងតាំង​លោក​មេដវេដេវ​ជា​នាយក​រដ្ឋ​មន្ត្រី។ សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ២០១៨ ខាង​មុខ​នេះ លោក​នៅ​តែ​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​បន្ត​ទៀត នេះ​បើ​យោង​ទៅ​តាម​ច្បាប់ ប៉ុន្តែ​លោក​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ។

អំពី​ជីវិត​ឯកជន​ក្រៅ​ម៉ោង​ធ្វើការ​

លោក​ពូទីន​ជា​អ្នក​ចូល​ចិត្ត​វិស័យ​កីឡា និង​បាន​ប្រឡូក​ក្នុង​ប្រភេទ​កីឡា​គ្រោះ​ថ្នាក់​ដូច​ជា​បោកចំបាប់ ប្រណាំង​រថយន្ត និង​ប្រឡែង​លេង​ជា​មួយ​សត្វ​ព្រៃ​ទៀត​ផង។ ពេល​សម្រាក​លំហែកាយ លោក​ចូលចិត្ត​ជិះសេះ​ទៅ​តំបន់​ស៊ីបេរី ដើរ​បាញ់​សត្វ និង​ហែល​ទឹក បើកបរ​យន្តហោះ​ចម្បាំង ហាត់ និង​ប្រកួត​ក្បាច់គុន (martial arts) ជិះ​អូប័រ ជិះ​សេះ ស្ទូច​ត្រី និង​ហែល​ទឹក។

លោក​ចូលចិត្ត​ហាត់​ក្បាច់​គុន ជា​ពិសេស​គឺ​កីឡា​យូដូ (Judo)។ ក្បាច់គុន​របស់​រុស្ស៊ី​មួយ​ប្រភេទ Sambo ត្រូវ​លោក​ហាត់​តាំង​ពី​អាយុ ១៤ ឆ្នាំ​ ហើយ​ក្រោយ​មក ​លោក​ហាត់​ក្បាច់​យូដូ​ទៀត និង​បន្ត​ហាត់​និង​សម រហូត​ដល់​បច្ចុប្បន្ន។ លោក​ពូទីន​ហាត់​យូដូ​បាន​ខ្សែក្រវាត់ ៦ដាន់ ឬ​៦ជាន់។ អំពី​ក្បាច់​គុន​ការ៉ាតេ លោក​ពូទីន​ហាត់​បាន​ខ្សែក្រវាត់​ខ្មៅ ៦ដាន់ ឬ៦​ជាន់ ហើយ​ត្រូវ​បាន​ប្រគល់​ខ្សែក្រវាត់​កាលពី​ឆ្នាំ២០០៩ ដោយ​គណៈកម្មការ​ក្បាច់​គុន​ការ៉ាតេ របស់​ជប៉ុន។ លោក​ពូទីន​ចេះ​លេង​ផ្ចាណូ (piano) និង​ចេះ​ច្រៀង​ទៀត​ផង ​ព្រោះ​ក្នុង​ឱកាស​ពិធី​ប្រគំ​តន្ត្រី​រៃ​អង្គាស​ប្រាក់​សម្រាប់​ជួយ​សង្គ្រោះ​កុមារ លោក​អាច​លេង​ផ្ចាណូ និង​ច្រៀង​។

ឆ្នាំ​១៩៨៣ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នាង Lyudmila Shkrebneva ដែល​កាលណោះ​ កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ប្រចាំ​ទីក្រុង​ឡេនីនក្រាត ផ្នែក​និរុត្តិសាស្ត្រ (Philology)។ អ្នក​ទាំងពីរ​បាន​ចែក​ផ្លូវ​គ្នា កាល​ពី​ឆ្នាំ២០១៣។ ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​នេះ គឺ​កូន​ពីរ​នាក់។