ប្រវត្តិជោគជ័យ​របស់​ Samsung ​ពី​ក្រុមហ៊ុន​​អាហារ​តូ​ច​មួយ​នៅ​កូរ៉េ​​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​ក្នុង​លោក!

បច្ចុប្បន្ន​នេះក្រុមហ៊ុន ​Samsung របស់​ប្រទេស​​កូរ៉េខាងត្បូង​​ កំពុង​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​​ទីផ្សារ​ប្រកួតប្រជែង​ផ្នែក​អេឡិចត្រូនិក ក្នុង​នោះ​រួមបញ្ចូល​ទាំង​ទូរស័ព្ទ​ស្មាត​ហ្វូន​ផង​ដែរ។ យ៉ាងណាក៏ដោយ មុន​ពេល​ក្រុមហ៊ុន Samsung ទទួល​បាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន មាន​ការ​វិវឌ្ឍន៍​ជាច្រើន​ដំណាក់កាល ​​និង​បាន​​​ប្រឈម​ផល​លំបាក ឬឧបសគ្គ​​ទម្រាំ​បាន​មក​ដល់​​ដូច​ថ្ងៃ​នេះ​។

​Samsung គឺ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៣៨ ជា​ក្រុមហ៊ុន​ជំនួញ​តូច​មួយ​ ផ្ដោត​សំខាន់​លើ​ ផលិតផល​អាហារ​តែ​ប៉ុណ្ណោះ​។ ​​Samsung បង្កើត​ឡើង​ដោយ​លោក​​ Lee Byung-chull ជា​​សមាជិក​គ្រួសារ​​ម្ចាស់​ដី​ដ៏​ធំ​មួយ​​នៅ​​ Uiryeong។

ក្រុមហ៊ុន​ដំបូង​មាន​ឈ្មោះ​ថា​​ Samsung Sanghoe។​ ​បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ លោក​ Lee ​បាន​ផ្លាស់​ប្ដូរ​ការិយាល័យ​កណ្ដាល​ពី​​ទៅ​ទីក្រុង​សេអ៊ូល​នៅ​ឆ្នាំ​១៩៤៧​។ ​​នៅ​ពេល​​ដែល​សង្គ្រាម​​​កូរ៉េ​ផ្ទុះ​ឡើង​​ ក្រុមហ៊ុន​ Samsung Sanghoe ​​បាន​បង្ខំ​ចិត្ត​​ផ្លាស់ប្ដូរ​​​​ការិយាល័យ​កណ្ដាល​ពី​ទីក្រុង​សេអ៊ូល​ និងចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​មួយ​ ​គឺ​​បង្កើត​រោង​ចក្រ​​ស្ករ​​នៅ​ទីក្រុង​ប៊ូសាន​ ដោយ​ដាក់​ឈ្មោះ​ថា​ Cheil Jedang។ ​

​បន្ទាប់​ពី​សង្គ្រាម​នៅ​កូរ៉េ​ចប់​ នៅ​ឆ្នាំ​១៩៥៤​ លោក​ Lee Byung-chull ​​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​​ឈ្មោះ​ថា​ Cheil Mojik​ ​​​​ដែល​ផ្ដោត​ទៅ​លើ​ការ​ផលិត​ខោ​អាវ​ធ្វើ​ពី​ឡែន​ ​ដោយ​បោះ​ទីតាំង​រោងចក្រ​នៅ​ទីក្រុង​ Daegu។

​ចាប់​ពី​ពេល​​នោះម​ក​ ក្រុមហ៊ុន​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ និង​បាន​បង្កើត​ក្រុមហ៊ុន​​ថ្មី​ៗ​ជា​ច្រើន​​ ពោលគឺ​ក្រុមហ៊ុន​បាន​​​ពង្រីក​ការ​រក​ស៊ី​របស់​ខ្លួន ដោយ​ផ្ដោត​លើ​​វិស័យ​ផ្សេង​ៗ​ទៀត​​ដូចជា ធានារ៉ាប់រង លក់រាយ ​​​ភាគហ៊ុន​ និងវាយនភណ្ឌ​ជាដើម។

នៅ​ឆ្នាំ ១៩៦៩ ក្រុមហ៊ុន Samsung បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​អេឡិចត្រូនិក​ជា​ផ្លូវ​ការ។ ក្នុង​នោះ ​ផលិតផល​ដំបូង​ដែល​​ទទួល​បាន​ការ​គាំទ្រ​ពី​ទីផ្សារ គឺ​ទូរទស្សន៍​ស​ខ្មៅ ១២​អ៊ីញ ហើយ​ប្រទេស​ប៉ាណាម៉ា គឺជា​ទីផ្សារ​អន្តរជាតិ​ដំបូង​របស់​ក្រុមហ៊ុន Samsung។

ក្រោយ​ពេល​ទទួល​បាន​ជោគជ័យ Samsung បាន​បង្កើត​រោងចក្រ​ធំ​មួយ​នៅ​ឆ្នាំ ១៩៧២ ដែល​មាន​លទ្ធភាព​ក្នុង​ការ​ផលិត​ទូរទស្សន៍ ៤៨០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។ នៅ​ឆ្នាំ ១៩៧៣ ក្រុមហ៊ុន​នេះបាន​ផលិត​ទូរទស្សន៍​ស​ខ្មៅ​ស៊េរី​ថ្មី​ទំហំ ១៩ អ៊ីញ មាន​ឈ្មោះ​ថា Maha 506។ បន្ទាប់​មក​ទៀត Samsung ក៏​បាន​ផលិត​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ​ទៀតដូចជា ទូទឹកកក​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​បោកគក់​ និង​កង្ហារ​ជាដើម។

នៅ​ឆ្នាំ ១៩៧៨ បាន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​មាន​តម្លៃ​រហូត​ដល់ ១០០លាន​ដុល្លា​អាមេរិក ហើយ​បាន​ធ្វើ​ឲ្យ Samsung ក្លាយជា​ក្រុមហ៊ុន​មួយ​ដ៏​ល្បី​លើ​ពិភពលោក​។ ​ក្រោយ​មក​ទៀត Samsung បាន​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ក្រៅប្រទេសមាន​ដូចជា អាមេរិក ​អង់គ្លេស ម៉ិចស៊ីកូ និង​ព័រទុយហ្គាល់​ជាដើម​ក្នុង​ទសវត្ស​ឆ្នាំ ៨០។

នៅ​ទសវត្ស​ឆ្នាំ ៩០ ក្រុមហ៊ុន​នេះពង្រីក​សាខា​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត ដូចជា​ម៉ាឡេស៊ី​ អារ៉ាប់រួម និង កោះ​តៃវ៉ាន់។ នៅ​ឆ្នាំ ១៩៩៩ Samsung ក៏​ផ្តើម​ផលិត​ទូរស័ព្ទ​ដៃ​ដើម្បី​ដាក់​លក់​ក្នុង​ទីផ្សារ។

អ្វីៗ​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ បាន​ព្យាយាម​បន្ត​ការ​ច្នៃប្រឌិត​ផលិតផល​របស់​ខ្លួន​បន្ត​ទៀត រហូត​ដល់​ផលិត​ទូរស័ព្ទ​ស្មាត​ហ្វូន ដែល​បច្ចុប្បន្នកំពុង​មាន​ការប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ជា​មួយ​នឹង ទូរស័ព្ទ​ម៉ាក់ Apple របស់​អាមេរិក។

នៅ​ឆ្នាំ ២០១០ Samsung បាន​លក់​ផលិតផល​របស់​ខ្លួន​ដោយទទួលទឹកប្រាក់​សរុប ១៣៥ ពាន់​លាន​ដុល្លា​អាមេរិក។ នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន​នេះ​បាន​ក្លាយ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អេឡិចត្រូនិក​ល្បីៗ​នៅ​លើ​ពិភពលោក ខណៈ​មាន​បុគ្គលិក​ធ្វើការ​សរុប​ប្រមាណ ៩ ០០០០នាក់​នៅ​ទូទាំង​ពិភពលោក​៕