ប្រទេស​ទាំង៧ ដែល​មាន​ស្តង់ដារ​រស់នៅ​​ល្អ​បំផុតក្នុងពិភព​លោក​

ផ្អែក​លើ​​របាយការណ៍​ស្រាវជ្រាវ​របស់​​​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) ​បាន​បង្ហាញ​​ប្រទេស​ចំនួន ​៣៤ ​ដែល​ខ្លួន​បាន​មើល​ឃើញ​ថា ​បាន​​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​​មាន​ស្តង់ដារ​រស់​នៅ​ល្អ​បំផុត​ (The Highest Quality of Life) កាល​ពី​ឆ្នាំ ២០១៨។ 

លទ្ធផល​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើប្រាក់​ចំណូល មាន​លំនៅឋាន​ល្អ មាន​ការងារ​ត្រឹមត្រូវ ការ​ចូលរួម​ការងារ​សហគមន៍ ការ​អប់រំ មាន​សុខភាព និងបរិស្ថាន​រស់​នៅ​ល្អ ពេញចិត្ត​នឹង​ការ​រស់​នៅ​របស់​​ខ្លួន រួម​ទាំង​ជីវិត​រស់​​នៅ​​មាន​តុល្យភាព។ ប៉ុន្តែក្នុង​ចំណោម​ប្រទេស​ទាំង ៣៤ ខាងលើ យើងសូម​លើក​យក​តែ​ប្រទេស​ចំនួន ៧ ប៉ុណ្ណោះ​ដែល​មាន​ស្តង់ដារ​រស់​នៅ​ល្អ​បំផុត​ដូច​ខាងក្រោម៖ 

៧) ប្រទេស​ដាណឺម៉ាក៖ ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ២៤ ៦៨២ ដុល្លារ។ ​មាន​តែ​​បុគ្គលិក ២% ប៉ុណ្ណោះ​ដែល​ធ្វើ​ការ​លើស​ម៉ោង​​ក្នុង​មួយ​សប្ដាហ៍។

៦) សហរដ្ឋអាមេរិក៖ ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ៣៨ ០០១ ដុល្លារ។ ដោយ​​ប្រាក់​ចំណូល​​ប្រចាំ​ក្រុម​គ្រួសារ​​អាមេរិក​មាន​ចំនួន​ខ្ពស់​ជាងគេ​ ប្រជាជន​របស់​មហាអំណាច​មួយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លំនៅឋាន​​សម្រាប់​​រស់​នៅ​​ល្អ​ប្រសើរ ប្រកបដោយ​សុវត្ថិភាព និងទីតាំង​ធំ​ទូលាយ។ 

៥) ប្រទេស​ស្វីស​​៖ ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ៣០ ០៦០ ដុល្លារ។ យុវជន​ស្វីស​​ប្រមាណ ៨៦% ត្រូវ​បាន​​និយាយ​ថា ស្តង់ដារ​រស់​នៅ​របស់​ពួកគេ​មាន​លក្ខណៈ​ល្អ​ប្រសើរ។ មិនតែប៉ុណ្ណោះ ប្រជាជន​របស់​​ប្រទេស​មួយ​នេះ​មាន​អាយុ​សង្ឃឹម​រស់​ខ្ពស់​ទៀត​ផង ខណៈ​ដែល​ប្រជាជន​គ្រប់វ័យ ៩៥% និយាយ​ថាពួកគេរីករាយ​នឹង​ឆាក​ជីវិត​របស់​ពួកគេ។

៤)​ ប្រទេស​ន័រវែស៖ ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ៣១ ៤៥៩ ដុល្លារ។ ​​ប្រជាជន​ន័រវែស​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការងារ​សហគមន៍​ដែល​ពួកគេ​មាន​ការ​លះបង់​ខ្ពស់​។ ប្រជាជន​ប្រមាណ ៩៣% បាន​និយាយ​​ថា តម្រូវ​ការ​រស់​នៅ​របស់​ពួកគេ​ប្រចាំ​ថ្ងៃ​គឺ​គ្រប់គ្រាន់​​អស់​ហើយ ស្រប​ពេល​ដែល​បុគ្គលិក​ធ្វើ​ការ​លើស​ម៉ោង​មាន​ត្រឹមតែ៣% ប៉ុណ្ណោះ​។ 

៣) ប្រទេស​កាណាដា​៖ ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ២៨ ១៩៤ ដុល្លារ​។ ប្រជាជន​កាណាដា​ប្រមាណ ៧២% ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ធ្វើ​ការ​ដោយ​មាន​ប្រាក់​ឈ្នួល​ត្រឹមត្រូវ។ ក្រៅ​ពី​ចាត់​ទុក​ថា ​ពួកគេ​បាន​រស់​នៅ​ក្នុង​ដែនដី​​ជា​មហាអំណាច​ពិភពលោក​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​មួយ​ ប្រជាជន​កាណាដា​ជាង ៩០% ពេញចិត្ត​នឹង​ជីវភាព និងលក្ខខណ្ឌ​រស់នៅ​របស់​ពួកគេ។

២) ​ប្រទេស​ស៊ុយអែត​៖ ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ២៦ ២៤២ ដុល្លារ។ ក្រៅ​ពី​មាន​ប្រព័ន្ធ​អប់រំ​ល្អ ប្រជាពលរដ្ឋ​​ ៨៧% ដែល​មាន​អាយុ​ពី ២៥ ដល់ ៦៤ ឆ្នាំ​ មាន​ការងារ​ធ្វើ​តាំង​ពី​ថ្នាក់​វិទ្យាល័យ ទន្ទឹម​នឹង​​ចាត់ទុកថា ការ​រស់​នៅ​របស់​ពួកគេ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ​មួយ​។ ប្រជាពលរដ្ឋ​ស៊ុយអែត​ ៩៥% ពេញចិត្ត​នឹង​ការ​រស់​នៅ​របស់​ពួកគេ។

១) ប្រទេស​អូស្ត្រាលី ៖​ប្រាក់ចំណូល​មធ្យម​ប្រចាំ​គ្រួសារ​ស្មើ​នឹង ២៨ ៨៨៤ ដុល្លារ។ ដោយ​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​សុភមង្គល​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​មាន​សុភមង្គល​បំផុត​​ទាំង ១០ ប្រជាជន​អូស្ត្រាលី​ត្រូវ​បាន​គេ​រក​ឃើញ​ថា រស់​នៅ​ប្រកបដោយ​ផាសុកភាព​ល្អ មាន​ការ​ចូលរួម​សកម្មភាព​សង្គម​​​យ៉ាង​សស្រាក់សស្រាំ។ ប្រជាពលរដ្ឋ​របស់​ខ្លួន​ ៩៣% ពេញចិត្ត​នឹង​លក្ខខណ្ឌ​រស់​នៅ​របស់​ខ្លួន ខណៈ​ដែល​អាយុ​សង្ឃឹម​រស់​ក៏​ខ្ពស់​ដែរ​ ពោល​គឺ​ប្រមាណ ៨២ ឆ្នាំ៕