បំណុល​នឹង​​​រួច​ទោះបី​ច្រើន​​​ក៏ដោយ​ ឲ្យ​តែ​អ្នក​អនុវត្ត​តាម​គន្លឹះ​ទាំង​ “៨ចំណុច”​ នេះ​

តើ​​​អ្នក​ធ្លាប់​ជំពាក់​បំណុល​​អ្នកដទៃ​ឬទេ? បើ​ធ្លាប់​តើ​លោក​អ្នក​ដោះស្រាយ​បំណុល​​នោះ​​របៀបណា? ចម្លើយលោក​អ្នក​ពិត​ជា​មាន​យុទ្ធសាស្ត្រ​ដោយ​ខ្លួន​ឯង​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី យើងសូម​បង្ហាញ​គន្លឹះ​ស្ដីពី​ការ​ដោះស្រាយ​បំណុល​ឲ្យ​មាន​ប្រសិទ្ធភាព​ ​ទុក​សម្រាប់​អនុវត្ត​ការពារ​ខ្លួន​ដោះ​ឲ្យ​រួច​ និងមិន​ធ្លាក់​ចូល​បំណុល​អ្នក​ដទៃ៖

១) ​ដាក់​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បំណុល

នៅ​ពេល​ដែល​អ្នក​ខ្លួន​ក្នុង​បំណុល​ អ្នក​មិន​ត្រូវ​បាក់ទឹកចិត្ត​ខ្លួន​ឯង​នោះ​ទេ តែ​អ្វី​ដែល​​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ក្តី​សង្ឃឹម និង​ការ​​ប្ដេជ្ញា​ចិត្ត​ថានឹង​ដោះ​វា​ឲ្យ​រួច​នៅ​ថ្ងៃ​ណាមួយ។ ទោះបី​ជា​អ្នក​មាន​គូ ឬនៅ​លីវ​ក៏ដោយ​ ទំនួល​ខុស​ត្រូវ​គឺ​ជា​រឿង​សំខាន់ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថាតើ​អ្នកណា​ខ្លះ​មាន​ចំណែក​ក្នុង​ការ​ដោះបំណុល​នេះ? មិន​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់ ឬសមាជិក​គ្រួសារ​ឯទៀត​នោះ​ទេ​ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​​​ពី​យុទ្ធសាស្ត្រ​ដោះស្រាយ​បំណុល ​ជា​ពិសេស​ការ​​​រួម​គ្នា​កាត់​បន្ថយ​ការ​ចំណាយ​​ឲ្យ​ទិញ​ជាង​ចំណូល​ជា​ដើម។​​

២) រៀបចំ​គម្រោង​ចំណាយ

ក្រឡេក​ទៅ​មើល​ការ​ចំណាយ​ប្រចាំ​ខែ​​របស់​អ្នក​វិញ តើ​អ្នក​បាន​ចំណាយ​​ទៅ​លើ​អ្វី​ខ្លះ? បើ​អ្នក​មិន​ដឹង​ថាអ្នក​បាន​ចំណាយ​ទៅ​លើ​​អ្វី​ខ្លះ ​នោះ​វា​មិនមែន​ជា​រឿង​ចៃដន្យ​​ឡើយ​ ដែល​អ្នក​ជំពាក់​បំណុល​គេ។ យ៉ាងណា​ក៏ដោយ សូម​ចាប់​ផ្តើម​រៀបចំ​គម្រោង​ចំណាយ​ប្រចាំខែ​របស់​អ្នក​​ឡើង​វិញ​ថា តើ​អ្នក​គួរ​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ​ក្នុង​ខែ​​​នេះ? បន្ទាប់​មក​រៀបចំ​​ខ្ទង់​ចំណាយ​ឲ្យ​តូច​ជាង​ចំណូល​ដែល​អ្នក​មាន​។

៣) កំណត់ ​និងលប់​ចោល​ទាំង​អស់​លើ​ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​មិន​ចាំបាច់​​

តើ​អ្នក​មាន​មើល​រំលង​លើ​ការ​ចំណាយ​មួយ​ចំនួន​ដែល​មិន​ចាំបាច់​ដែរ​ឬទេ? បើ​អ្នក​រក​ឃើញ​ថាការ​ចំណាយមួយ​ចំនួន​ឥត​ប្រយោជន៍ ខាត​តែ​លុយ ខណៈ​បំណុល​​ក៏​មាន​ច្រើន ចុះ​ហេតុ​អ្វី​មិន​លុបបំបាត់​ចោល​ភ្លាម​ទៅ? គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​​នៅ​ទីនេះ អ្នក​គួរ​ប្រកាន់ខ្ជាប់​គោលការណ៍​​​ចំណាយ​លើ​អ្វី​ដែល​ចាំបាច់​ កុំ​ចំណាយ​លើ​អ្វី​ដែល​អ្នក​​ចង់​បាន។​​

៤) ដោះ​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាមុន

ដោះ​បំណុល​ចេញ​ពី​ប្រភព​​តែ​មួយ​វា​ជា​បញ្ហា​ទៅ​ហើយ តែ​អ្វី​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​ជំពាក់​បំណុល​ច្រើន​កន្លែង។ បើ​អ្នក​ធ្លាក់​ក្នុង​ស្ថានភាព​នេះ​មែន​ ចូរ​​អនុវត្ត​ប្រើ​យុទ្ធសាស្ត្រ​ដោះ​បំណុល​ណា​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជា​មុន​សិន ទើប​ដោះបំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាង​ជា​ក្រោយ។​​

៥) សន្សំ​ប្រាក់​ទុក​សម្រាប់​គ្រា​អាសន្ន

នេះ​ជា​ករណី​មួយ​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​មាន​បំណុល​ស្រាប់​ ព្រោះ​ថា​ម្ខាង​រក​លុយ​ដើម្បី​ដោះ​បំណុល ម្ខាង​ទៀត​​រក​លុយ​សម្រាប់​ទុក​ចំណាយ​ផ្ទាល់​ខ្លួន។ យ៉ាងណាមិញអ្នក​គួរតែ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្លាក់​បំណុល​គេ? ចម្លើយ​នោះ​គឺ​ដោយសារ​អ្នក​​មើល​រំលង​ការ​សន្សំ​ប្រាក់​ទុក​សម្រាប់​គ្រាអាសន្ន​នេះ​ឯង​នៅ​ពេល​កន្លង​មក។

ដូច្នេះទន្ទឹម​នឹង​ការ​រក​ប្រាក់​ដោះ​បំណុល​គេ អ្នក​ក៏​ត្រូវ​រក​ប្រាក់​បន្ថែម​ក្នុង​កម្រិត​ណា​មួយ​បន្ថែម​ទៀត ដើម្បី​ទុក​ត្រៀម​ចំណាយ​ពេល​មាន​អាសន្ន ត្បិតអី​វា​អា​​ការពារ​អ្នក​មិន​ឲ្យ​ធ្លាក់​ក្នុង​បំណុល​អ្នកដទៃ​ម្តង​ទៀតនៅពេល​ក្រោយ។

៦) រក​ប្រាក់​ចំណូល​បន្ថែម

បើ​អ្នក​មាន​ពេលវេលា​ច្រើន អ្នក​គួរតែ​ឆ្លៀត​រក​ការងារ​ផ្សេង​​ក្រៅ​ម៉ោង​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត នោះ​​អាច​ធ្វើ​ឲ្យ​អ្នក​​ដោះ​ខ្លួន​ពី​បំណុល​បាន​កាន់តែ​ឆាប់។ ពេល​វេលា​ដែល​អ្នក​កំពុង​ជំពាក់​បំណុល​គេ គឺ​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​ស្វាហាប់​បំផុត​ និងមមាញឹក​បំផុត​។

ថ្វីត្បិត​តែ​វា​មាន​ការ​ហត់នឿយ​បន្តិច​ក្តី តែ​ត្រូវ​ចាំ​ថាអនាគត​របស់​អ្នក​ជា​រឿង​សំខាន់​មិនមែន​អង្គុយ​ចំពាក់​បំណុល​គេ​នោះ​ឡើយ។ ដរាប​ណា​អ្នក​រក​ចំណូល​បាន​កាន់តែ​ច្រើន ជឿជាក់​ថា​បំណុល​របស់​អ្នក​ក៏​សាបរលាប​តាម​នោះ​ដែរ។

៧) ព្យាយាម​ធ្វើ​ឲ្យ​​ប្រភព​បំណុល​ច្រើន​ឲ្យ​ក្លាយ​ជា​ប្រភព​បំណុល​តែ​មួយ

រវាង​ប្រភព​​​​បំណុល​តែ​មួយ និងប្រភព​បំណុល​ច្រើន ប្រភព​បំណុល​តែ​មួយ​​​មាន​ហានិភ័យ​តិច​ជាង​​ និងធ្វើ​ឲ្យអ្នក​មាន​លទ្ធភាព​អាច​ដោះ​បាន​​ច្រើន​ទៀត​ផង។​ នៅ​​ពេល​ដែល​អ្នក​ជំពាក់​បំណុល​ច្រើន​ប្រភព​ ប្រៀប​ដូច​ជា​អ្នក​កំពុង​​បង្កើត​កូន​បំណុល​ថ្មីៗ​​បន្ថែម​ទៀត​ ដែល​​នេះ​ជា​រឿង​មួយ​ផ្តល់​ផលវិបាក​បន្ថែម​ទៀត​។ ហេតុដូច្នេះ ​បើ​អ្នក​មាន​បំណុល​ច្រើន​ប្រភព អ្នក​ត្រូវ​ដាច់ខាត​ឆាប់​ដោះបំណុល​ទាំង​នោះ​ចេញ​​ឲ្យ​នៅ​តែ​ជា​ប្រភព​បំណុល​តែ​មួយ​វិញទើប​​ជា​ការ​ប្រសើរ។​

៨) រៀប​ចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ហិរញ្ញវត្ថុ

​​ប្រយោជន៍​មួយ​ឃ្លា​ដែល​អ្នក​ត្រូវ​ចាំ​នៅ​ពេល​នេះ​នោះ​គឺ​ថាអ្នក​ដែល​​គ្មាន​ផែនការ​ហិរញ្ញវត្ថុ ​ គឺ​ជា​អ្នក​​ដែលបរាជ័យ​គ្រប់គ្រង​ហិរញ្ញវត្ថុ។ ​​ព្រោះ​អ្វី? ព្រោះ​មិន​ដឹង​ថាខ្លួន​ត្រូវ​ចំណាយ​ប៉ុន្មាន? ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? ត្រូវ​សន្សំ​ប្រាក់​ទុក​ក្នុង​កម្រិត​ណា? ។ល។ អ្នក​មិន​ត្រឹមតែ​រៀបចំ​​​ផែនការ​​​ចំណាយ​​តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៀត​ផង​​ ដើម្បី​​សន្សំ​ប្រាក់​មួយ​ដោយ​ឡែក​​នៅ​ពេល​ដែល​ចូល​និវត្តន៍។ នៅ​ពេល​ដែល​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ (ចំណូល​ចំណាយ) យ៉ាង​មាន​ប្រសិទ្ធភាព ធានា​ថាអ្នក​នឹង​មិន​ធ្លាក់​បំណុល​ជា​លើក​ទី២​នោះ​ឡើយ៕