បេតិកភណ្ឌ​ពិភពលោក​ល្អ​ផ្ដាច់​គេ​ “ទាំង ៥”លើលោក

បេតិកភណ្ឌ​ពិភពលោក​ដែល​អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកមាន​ចំនួន​ជាង​មួយ​ពាន់​កន្លែង។ បេតិកភណ្ឌ​ពិភពលោក (World Heritage) មុន​នឹង​អង្គការ​យូណេស្កូ​សម្រេច​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកមិន​ងាយ​ស្រួល​ឡើយ ពោល​គឺ​អង្គការ​មាន​សូចនាករ​ច្បាស់​លាស់​សម្រាប់​វាយ​តម្លៃមុន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី ​ព្រោះ​ក្រោយ​ពេល​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ហើយ បេតិកភណ្ឌ​ទាំងនោះ​មិន​ត្រឹម​ជា​សម្បត្តិ​វប្បធម៌​របស់​សាមី​ប្រទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​មាន​កាតព្វកិច្ច​ថែរក្សា​ឲ្យ​នៅ​គង់វង្ស ប្រសិនបើ​មាន​ខូចខាត​ត្រង់​កន្លែង​ណា​ គេ​ត្រូវ​មាន​កញ្ចប់​ថវិកា​បម្រុង​សម្រាប់​ជួសជុល។ល។

សម្រាប់​លោក​អ្នក​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​កន្លែង​នានា បេតិកភណ្ឌ​ទាំង​៥ ​ខាង​ក្រោម​នេះ​ ពិត​ជា​កន្លែង​ជា​ទី​មនោរម្យ និង​ល្អល្អះ​គ្មាន​ពីរ​ទេ ព្រោះ​មិន​មែន​ជា​តំបន់​ទេសចរណ៍​ធម្មតា​ទេ តែ​ជា​តំបន់​ទេសចរណ៍​វប្បធម៌​ពិសេស ពោល​គឺ​វិសេស​វិសាល​បំផុត​ដែល​កន្លែង​ផ្សេង​ទៀត​គ្មាន។

១- ប្រាសាទ​អង្គរវត្ត

ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ព្រះរាជា​សម័យ​ដើម បង្គាប់​ឲ្យ​គេ​សាងសង់​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះវិស្ណុ ដែល​ជា​ទេវៈ​មួយ​អង្គនៅ​ក្នុង​ព្រហ្មញ្ញសាសនា​ ព្រោះ​ព្រះរាជា​ខ្មែរ​សម័យ​នោះទ្រង់​បដិបត្តិ​តាម​ព្រហ្មញ្ញ​សាសនា។ ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យដែល​ចក្រភព​ខ្មែរ (Khmer Empire) កំពុង​រីក​ចម្រើន​ដល់​កម្រិត​កំពូល (សតវត្ស​ទី៩ ដល់​សតវត្ស​ទី១៥) ប្រៀប​បាន​នឹង​ប្រទេស​មហាអំណាច​សព្វថ្ងៃ​នេះ​ដែរ។

២- ប្រាសាទ Acropolis ប្រទេស​ក្រិក

ប្រាសាទ​នេះ​ជា​បន្ទាយ​ជំនាន់​ដើមកសាង​ឡើង​កាល​ពី ៥០០ ​ឆ្នាំ​មុន​គ្រិស្តសករាជ និង​បែរ​មុខ​ទៅ​រក​ទីក្រុង​បរមបូរាណ (ancient city) របស់​ក្រិក អាតែន (Athen)។ កាល​ពី​អតីតកាល អាណាចក្រ​ផ្សេង​ដែល​ជា​សត្រូវ​នឹង​ប្រទេស​ក្រិក​កាល​សម័យ​នោះ លើក​ទ័ព​យ៉ាង​ពពាក់ពពូន​ទៅ​វាយ​ចូល​បន្ទាយ​នេះ។ បន្ទាយ​នេះ​ ប្រសិនបើ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ពី​ទីក្រុង​អាតែន​ទៅ គឺ​ងាយ​ស្រួល​ទៅ​ដល់​បំផុត។

៣- កោះ​ហ្កាឡាប៉ាហ្គោ (Galápagos Islands) ប្រទេស​អេក្វាឌ័រ

Galapagos Islands ជា​កម្រង​កោះ ឬ​ប្រជុំកោះ (archipelago) ដែល​កកើត​ពី​បន្ទុះ​ភ្នំភ្លើង (volcano eruption) ជា​ច្រើន​កន្លែង​នៅ​ម្ដុំ​នោះ ហើយ​កកើត​បាន​ជា​ប្រជុំកោះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជិត​ប្រទេស​អេក្វាឌ័រ (តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ភ្នំភ្លើងមុន​ដំបូង​រាបស្មើ​ធម្មតា​ទេ តែ​ដោយសារ​កំអែ​ភ្នំភ្លើង​គ​លើ​គ្នា​ច្រើន​ទៅៗ ក៏​កកើត​បាន​ជា​ភ្នំ​តែ​ម្ដង ហើយ​ប្រជុំ​កោះ​ទាំង​នេះ កកើត​ពី​កំអែ​ភ្នំភ្លើង​បាត​សមុទ្រ)។

មាន​គេ​តំណាល​តគ្នា​ថាអ្នក​ប្រាជ្ញ​ដ៏​ល្បី​សញ្ជាតិ​អង់គ្លេស លោក​ឆាលដាវីន បាន​ធ្វើ​ដំណើរ​តាម​សំពៅ​ទៅ​ឈប់​សំចត​នៅ​លើ​ប្រជុំ​កោះ​នេះ ហើយ​បាន​បង្កើត «ទ្រឹស្ដី​នៃ​វិវត្តន៍​របស់​សត្វលោក – Theory of Evolution»។ ប្រជុំ​កោះ​នេះ​មាន​មនុស្ស​ ២៥ ០០០ នាក់​រស់​នៅ​ និង​សម្បូរ​ពពួក​សត្វ​កម្រដែល​មាន​តែ​នៅ​លើ​កោះ​នេះ​ប៉ុណ្ណោះ ហើយ​ដែល​កន្លែង​ដទៃ​ទៀត​គ្មាន។

៤- ឧទ្យានជាតិ​ហ្គោរ៉េម៉េ ( Göreme National Park) ប្រទេស​ទួរគី

ឧទ្យាន​នេះ​ស្ថិត​នៅ​តំបន់​ចុងកាត់មាត់ញក (remote area) នៃ​ប្រទេស​ទួរគី ប៉ុន្តែ​ប្រសិនបើ​គេ​ធ្វើ​ដំណើរ​ពី​ទីក្រុង​អ៊ីស្តាន់ប៊ុល (Istanbul) គឺ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​នោះដោយ​មិន​ពិបាក។ ចម្រាក់​ថ្ម និង​ក្បាច់រចនា ដែល​រំលេច​នៅ​លើ​តួ​ផ្ទាំងសិលា​ធំៗ កកើត​ឡើង​ដោយ​សារ​ចម្រោះ​ទឹក និង​សំណឹក​តាម​ក្រិត្យក្រម​ធម្មជាតិ​សុទ្ធសាធ គ្មាន​អ្នក​ណា​ទៅ​កែច្នៃ​ទេ។

៥-ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ប្រទេស​អូស្ត្រាលី

Great Barrier Reef ស្ថិត​នៅ​ប្រទេស​អូស្ត្រាលី ជា​បណ្ដុំ​នៃ​ថ្ម​ប៉ប្រះ​ទឹក (reef) ៣០០០ ផ្ទាំង​ធំៗ​ និង​កោះ​ជាង ៦០០។ តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​យ៉ាង​ធំ​ទូលាយ សូម្បី​អ្នក​ស្រាវជ្រាវ​អវកាស ពេល​ឡើង​ដល់​ឋាន​ព្រះចន្ទ អាច​មើល​ឃើញ​ថ្ម​ប៉ប្រះ​ទឹក​នេះ​ពី​ឋាន​ព្រះចន្ទ​មក​វិញ៕