បេតិកភណ្ឌ​ពិភពលោក​ដែល​អ្នក​ជំនាញ​វាយ​តម្លៃ​ថានឹង​វិនាស​សាប​សូន្យ​ក្នុង​ពេល​ឆាប់ៗ​នេះ

បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​អង្គការ​ UNESCO ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​ខ្លួន​ដើម្បី​ថែទាំនិង​ជួសជុល ក្នុង​ករណី​ទទួល​រង​ការ​បំផ្លិចបំផ្លាញ ឬ​ខូចខាត​ដោយ​ប្រការ​ណា​មួយ។ ដោយ​ឡែកបេតិកភណ្ឌ​ខ្លះ​ហួស​ពី​រង​ការ​ខូចខាត​ទៅ​ទៀត គឺ​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង​ដោយ​សារ​សង្គ្រាម ដោយ​សារ​ការ​ដាប់​ថ្ម​ជញ្ជាំងដើម្បី​យក​រូប​ចម្លាក់​ទៅ​លក់​ដោយ​ក្រុម​ខិលខូច ដោយ​អាយុកាល​ ដោយ​គ្រោះ​ធម្មជាតិ​ដូចជា​រញ្ជួយ​ដី។ល។

ខាងក្រោម​នេះជា​បញ្ជី​ឈ្មោះ​បេតិកភណ្ឌ​ពិភពលោក​ស្ថិត​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ ដែល​កំពុង​រង​ការ​វិនាស​សាបសូន្យ និង​បេតិកភណ្ឌ​ត្រូវ​បាន​កម្ទេច​រួច​ជា​ស្រេច។ បេតិកភណ្ឌ​ដទៃទៀតកំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​រក​សេចក្ដី​អន្តរាយ ប្រសិនបើ​គ្មាន​វិធានការណ៍​ទប់​ស្កាត់​ឲ្យ​បាន​ខ្លាំង​ក្លា។

១- វិហារ​ឥស្លាម Umayyad នៅ​ប្រទេស​ស៊ីរី ៖

វិហារ​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ ចាត់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ឥឡូវ​វិហារ​នេះ​ត្រូវ​បាន​កម្ទេច​ខ្ទេច​ខ្ទី​អស់​ដោយ​សារ​សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ វិហារ Umayyad បាន​ខូចខាត​យ៉ាង​ដំណំ​នៅ​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាលពី​ឆ្នាំ ២០១៣ រហូត​ដល់​រាប់​ដល់​ដី។

២- ប្រាសាទ​ម៉ាគូពីគូ (Machu Picchu) ប្រទេស​ប៉េរូ ៖

ប្រាសាទ​នេះ​ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​លំដាប់​កំពូល​របស់​ពិភពលោក។ បច្ចុប្បន្នអាស្រ័យ​ដោយសារ​ការ​អភិវឌ្ឍ​ខ្វះ​ការ​អភិរក្ស​ដិត​ដល់ បាន​នាំ​មក​នូវ​គ្រោះ​គម្រាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទ Machu Picchu។ កត្តា​ទាំង​នោះ​មាន​ដូច​ជា​ការ​បាក់​ដី ទឹកហូរ​ច្រោះ​ដី។ កាល​ពី​ឆ្នាំ​២០១៣ អាស្រ័យ​ដោយ​សារ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​តំបន់ Aguas Calientes ដែល​ស្ថិត​នៅ​ក្បែរ​ប្រាសាទ​នោះ​ដែរ ទើប​អង្គការ​យូណេស្កូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ប៉េរូ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ ដើម្បី​បង្កើត​តំបន់​ក្រវាត់​ជុំ​វិញ​ប្រាសាទទុក​ជា​តំបន់​ការពារ។

៣- មហាកំពែង​របស់​ចិន៖

មហាកំពែង​មាន​បណ្ដោយ​សរុប​ជាង​ ៧២០០Km និង​ប្រើ​ពេល​សាងសង់​ជាង​ពីរ​ពាន់​ឆ្នាំ​ទើប​រួច​រាល់​ជា​ស្ថាពរ ពោល​គឺ​ឆ្លង​កាត់​ការ​សាងសង់​ជា​ច្រើន​ជំនាន់។ បច្ចុប្បន្នជញ្ជាំង​កំពែង​មួយ​ភាគ​ធំ​ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ដំណំ​ និង​ការ​សឹក​រេចរឹល ព្រោះ​ប្រវែង​វែង​ដល់​ថ្នាក់​នេះ មិន​ងាយ​នឹង​ថែ​ទាំង​គ្រប់​ពេល​វេលា​នោះ​ឡើយ។ កន្លែង​ដែល​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ក៏​រង​ការ​ខូចខាត​យ៉ាង​ដំណំ ព្រោះ​មនុស្ស​ជាន់​ពីលើ​មួយ​ថ្ងៃៗ​ឥត​ឈប់​ឈរ។ កត្តា​ប្រឈម​ធំ​បំផុត​គឺ​មនុស្ស​លួច​គាស់​ជញ្ជាំង​កំពែង​ដើម្បី​យក​ឥដ្ឋ។

៤- ​ទន្លេ​កុងហ្គោ នៅ​ទ្វីប​អាហ្វ្រិក៖

តំបន់​ព្រៃ​នៅស្រប​នឹង​មាត់​ទន្លេ​កុងហ្គោ​ជា «ព្រៃ​ទាក់​ទាញ​ទឹក​ភ្លៀង – rainforests» ធំ​លំដាប់​ទី​ពីរ​ពិភពលោក​បន្ទាប់​ពី​ព្រៃ​អាម៉ាហ្សូន និង​ជា​ដែន​ជម្រក​សត្វ និង​រុក្ខជាតិ​ជាង​ពីរ​ម៉ឺន​ប្រភេទ។ ប៉ុន្តែ​អាស្រ័យ​ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​គំហុកក្នុង​ទ្រង់ទ្រាយ​ធំ ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ត្រូវ​រលស់​អស់​សន្ធឹក ចំណែក​សត្វ​ព្រៃ​ក៏​ហិន​ហោច​ស្ទើរ​តែ​ដាច់​ពូជ។

៥- សមុទ្រ​មរណៈ នៅ​តំបន់​ម៉េឌីទែរ៉ាណេ៖

សមុទ្រ​មរណៈ​ជា​តំបន់​ទាប​បំផុត​ ក្រោម​នីវ៉ូ​ទឹក​សមុទ្រ​នៅ​លើ​ផែនដី​នេះ។ សមុទ្រ​នេះ​ល្បី​ខាង​ផ្ដល់​សារធាតុ​ខនិជ (ដែល​ជា​ប្រភេទ​រ៉ែ​ធម្មជាតិ ជួយ​បំប៉ន​ស្បែក) និង​អំបិល។ អាស្រ័យ​ដោយ​សារ​មនុស្ស​នៅ​តំបន់​នេះ​បូម​ទឹក​អស់​ជា​ច្រើនដើម្បី​បំពេញ​តម្រូវ​ការ ធ្វើ​ឲ្យ​សមុទ្រ​មរណៈ​រាក់​ទៅៗ ស្ទើរ​តែ​រីង​ដល់​បាត​ដី ហើយ​ខូច​សម្រស់​ធម្មជាតិ​ខ្ទេច​ខ្ទី​អស់។ គេ​ព្យាករណ៍​ថា​សមុទ្រ​នេះ​អាច​បាត់​អត្តសញ្ញាណ​ជា​សមុទ្រ ហើយ​នៅ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ត្រឹម​ឆ្នាំ​ ២០៥០ ខាង​មុខ​នេះ។ អ្នក​វិទ្យាសាស្ត្រ​កំពុង​រិះរក​វិធី​បង្ហូរ​ទឹក​សមុទ្រ​ពី​សមុទ្រ​ដទៃ​ដែល​ឆ្ងាយ​ពី​ទីនោះ​រហូត​ដល់​ទៅ​ជាង ១៦០ Km​៕