បើ​​ចង់​ឲ្យ​កូន​​ធំ​ឡើង​ក្លាយ​ជា​អ្នក​មាន​ គួរបង្រៀន​​វិធីសាស្ត្រ​ទាំង “9យ៉ាង”​នេះដល់ពួកគេ

អាណាព្យាបាល​ភាគច្រើនបាន​បណ្តោយ​ពេលវេលា​​​​រសាត់​អណ្ដែត​តាម​ខ្យល់​ឥតប្រយោជន៍រក​អនាគត​ដ៏​ល្អ​​សម្រាប់​​​​កូនៗ​របស់​ខ្លួន​គ្មាន រហូត​ដល់​​ពេល​ទឹក​ដល់​ច្រមុះហើយ​ទើប​ស្រវេស្រវា​ឲ្យ​គេ​ជួយ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ ត្បិត​អី​គ្មាន​មនុស្ស​ណា​ម្នាក់​កើត​មក​​ចង់​ក្លាយ​ជា​អ្នក​ក្រ​នោះ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ដែល​ចង់​​កូនៗ​របស់​អ្នក​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​ពេល​ដែល​ពួកគេ​ធំ​ដឹងក្តី​ឡើង​ ក៏​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ដែរ។

សម្រាប់​អ្នក​ជំនាញ​បាន​​លើក​ឡើង​ថា ការ​​ហាត់ពត់លត់ដំ​កូនៗ​របស់​អ្នក​តាំង​ពី​តូចៗ​រហូត​ដល់​ធំ​ដឹងក្តី​​នូវ​គន្លឹះ​១០​យ៉ាង​ខាងក្រោម​នេះ គឺ​ជា​វិថី​មួយ​យ៉ាង​ជោគជ័យ​អាច​ធ្វើ​ឲ្យ​ពួកគេ​​មាន​អនាគត​ភ្លឺស្វាង​ក្លាយ​ជា​អ្នក​មាន​​បាន​​។ តើ​វិធីសាស្ត្រ​​ទាំង​នោះ​មាន​អ្វី​ខ្លះ?​​

1) បង្រៀន​​ឲ្យ​បង្កើត​ជម្រើស​​​សម្រាប់​ជីវិត

ពិភពលោក​ពោរពេញ​ទៅ​ដោយ​ឱកាស​យ៉ាង​សំបូរ​បែប​ ដើម្បី​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​អ្នក​​មាន​​ជម្រើស និងមហិច្ឆតា​មួយ​សម្រាប់​ខ្លួន​ឯង​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ពេល​អនាគត​។ ប៉ុន្តែអ្នក​ត្រូវតែ​បង្ហាញ​ជម្រើស​មួយដល់​ពួកគេ​ឲ្យ​ចេះ​​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​លើ​ការ​ធ្វើ​ជំនួញ​ ឬវិធីសាស្ត្រ​រក​ប្រាក់​ចំណូល ព្រោះ​ថាជម្រើស​លើ​ផ្លូវ​​មួយ​នេះ​អាច​​​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​បាន​។ ​​

2) បង្រៀន​ឲ្យ​ចេះ​ស្រលាញ់​​ការងារ

ក្នុង​នាម​ជា​អាណាព្យាបាល អ្នក​គឺ​ជា​មនុស្ស​​តែ​​ម្នាក់​​គត់​ដែល​រស់​នៅ​យ៉ាង​ជិតដិត​បំផុត​ជា​មួយ​​កូនៗ​របស់​អ្នក​​ជាងគេ។ ដូច្នេះក្រៅ​តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ស្រលាញ់​ការងារ មិន​ខ្ជិលច្រអូស អ្នក​ក៏​ត្រូវ​បង្ហាញ​សកម្មភាព​មួយ​យ៉ាង​សកម្ម​​ផង​ដែរ​ ដើម្បី​​ឲ្យ​ពួកគេ​យក​គំរូ​តាមដូចជា​និយាយ​ទៅ​កាន់​កូនៗ​របស់​អ្នក​​ថា បើ​ចង់​មាន​លុយ​ច្រើន ត្រូវ​តែ​ធ្វើ​ការ។ ជៀសវាង​ដាច់ខាត​សកម្មភាព​មួយចំនួន​ដែល​​ជា​គំរូ​អាក្រក់​ដល់​ពួកគេ។

3) បង្រៀន​​ឲ្យ​ចេះ​ស្រលាញ់​អ្នក​ដទៃ​

បរិស្ថាន​ខាងក្រៅ​ប្រៀប​ដូច​ជា​ទីលាន​​ប្រយុទ្ធ​សម្រាប់​ឲ្យ​កូនៗ​របស់​អ្នក​បង្ហាញ​​សមត្ថភាព​របស់​ពួកគេ។ រី​ឯ​​លំនៅឋាន​របស់​​អ្នក ឬសាលា​រៀន​​របស់​ពួកគេ គឺ​ជា​កន្លែង​ផលិត​ចំណេះដឹង។ សូម​ផ្តល់​ឱកាស​ ឬបង្រៀន​ពួកគេ​​ឲ្យ​មាន​ប្រស្រ័យ​ទំនាក់ទំនង​​យ៉ាង​ជិតស្និទ្ធ ផ្តល់​ក្តី​ស្រលាញ់ និងស្វែង​យល់​​ជា​មួយ​មនុស្ស​​​ផ្សេងៗ​គ្នានៅ​ក្នុង​សង្គម​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ។ នេះ​ជា​ចំណែក​​មួយ​ដែល​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​ក្លាយជា​សហគ្រិន​បាន។ តែ​ហាម​ដាច់​ខាត​​កុំ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ​ហាក់​​ចាញ់​ប្រៀប​​អ្នកណា​ម្នាក់​ ឬបង្ហាញ​​អត្តចរិត​​ហួសហេតុ​បំពាន​លើ​សិទ្ធិ​អ្នក​ដទៃ។

4) បង្រៀន​​ឲ្យ​ចេះ​​​ចែក​រំលែក និង​មាន​ក្រមសីលធម៌​ល្អ

អ្វីៗ​​ដែល​កូនៗ​របស់​អ្នក​ត្រូវ​ធ្វើ​ឡើង មិនមែន​សុទ្ធតែ​ដើម្បី​តែ​លុយៗនោះ​ទេ ពោល​គឺ​បង្រៀន​ឲ្យ​​ពួកគេ​ចេះ​​ចែក​រំលែក និង​មាន​​ក្រមសីលធម៌​ល្អ​ទៅ​មនុស្ស​​ជុំវិញ​ខ្លួន ត្បិតអី​ចំណុច​ទាំង​នេះ​នឹង​ធ្វើ​​ឲ្យ​​កូនៗ​របស់​អ្នក​មាន​តម្លៃ​សម្រាប់​អ្នកដទៃ។ អ្នក​ត្រូវ​ចាំ​ថាអ្នក​មាន​ពិត​ប្រាកដ គឺ​នៅ​ពេល​​​ដែល​​អ្នក​ចំណាយ​ពេល​យ៉ាង​មាន​តម្លៃ​សម្រាប់​បម្រើ​ប្រយោជន៍​ជា​ច្រើន​​ដល់​សាធារណជន​ទូទៅ។ នេះ​ហើយ​ជា​​​ការ​បណ្ដុះ​បណ្តាល​ឲ្យ​ពួកគេ​រៀន​រស់​ក្នុង​ផ្លូវ​ល្អ​សម្រាប់​​ជីវិត ឬអាជីវកម្ម​​មួយ​ដោយ​ស្ថិតស្ថេរ​បាន​​។

5) បង្រៀន​​ពី​របៀប​ធ្វើ​ជា​សហគ្រិន

សហគ្រិន​ភាព ​គឺ​ជា​គន្លឹះ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្លាយជា​អ្នក​​មាន​បាន។ ប្រសិនបើ​ពួកគេ​កើត​មក​មិន​មាន​ជំនាញ​នេះ ត្រូវ​តែ​បង្រៀន​ពួកគេ​​ឲ្យ​កាន់តែ​ច្រើន​ឡើង​ដូចជា​ស្វែង​រក​​សហគ្រិន អ្នក​ជំនួញ ឬមហាសេដ្ឋី​ណាម្នាក់មក​ធ្វើ​គំរូ​ឲ្យ​ពួកគេ ដើម្បី​រៀនសូត្រ​តាម​​យក​បទពិសោធន៍​។ ទន្ទឹម​នឹង​​នេះ អ្នក​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មាន​ក្តី​សង្ឃឹម និងមហិច្ឆតា​កាន់តែ​ធំ​លើ​ការ​ធ្វើ​​អាជីវកម្ម​​នេះ។​​​

6) បង្រៀន​​​ប្រើ​ល្បិច​ចេះ​កុហក បោកប្រាស់ ​លួច

គ្រាន់តែ​​មើល​ចំណង​ជើង​លើ​ចំណុច​នេះ​ភ្លាម អ្នក​ពិត​ជា​ស្រឡាំងកាំង​ជា​មិន​ខាន ព្រោះ​ថា​ការ​កុហក ឆបោក ឬលួច​​នេះ​ស្តាប់​ទៅ​វា​ជា​រឿង​​​អសីលធម៌​ និងខុស​ច្បាប់​​ទៀត​ផង។ ការ​ពិត​គោលបំណង​​​នៅ​ត្រង់​ចំណុច​នេះ មិនមែន​ដូច្នេះ​នោះ​ឡើយ ពោល​គឺ​ចង់​ឲ្យ​អ្នក​បង្រៀន​​កូនៗ​របស់​អ្នក​ឲ្យ​ចេះ ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្អ និងការពារ​ខ្លួន​ពី​​ជន​ទុច្ចរិត​មួយចំនួន​​នៅ​ក្នុង​​អាជីវកម្ម​​​ទេតើ! ​នេះ​ជា​ក្បូន​ធ្វើ​ឲ្យ​ពួកគេ​រៀន​ភ្លក់​រសជាតិ​​គ្រប់បែប​យ៉ាង​របស់​មនុស្ស​ដូច​ជា ពាក្យចាស់​ពោល​ថា៖ «ផ្លូវវៀច​កុំ​បោះបង់ ផ្លូវ​ត្រូវ​កុំ​ចោល» នោះ​អី!

7) បង្រៀន​ឲ្យ​ចេះ​គិត​លេខ

សម្រាប់​មុខ​វិជ្ជា​គណិតវិទ្យា ​អ្នក​មិន​ចាំបាច់​​តម្រូវ​ឲ្យ​កូនៗ​របស់​អ្នក​​ត្រូវ​តែ​ពូកែ​លើ​មុខវិជ្ជា​នេះ​ឡើយ ពោល​គឺគ្រាន់តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​គិត​លេខ ក្នុង​កម្រិត​មួយ​​អាច​ដោះស្រាយ​ដោយ​​ខ្លួន​ឯង​បាន​គឺ​គ្រប់គ្រាន់​ហើយ។ បើ​​នោះ​គ្រាន់តែ​ជា​ការ​បង្ខិតបង្ខំ មិនយូរមិនឆាប់​ពួកគេ​នឹង​តុកស៊ិក​គិត​មិន​ចេញ មាន​​ផល​វិបាក​​ប៉ះពាល់​ដល់​អារម្មណ៍​ពួកគេ​ជា​មិន​ខាន។ បង្រៀន​កូនៗ​របស់​អ្នក​តាម​សម្រួលពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ពួកគេ​អាច​រក​ឃើញ​វិធីសាស្ត្រ​​គិត​លេខ​ដោយ​ខ្លួន​ឯង​បាន​​ទន្ទឹម​នឹង​មាន​ជំនួយ​ពី​អ្នក។ ​​

8) ផ្តល់​ប្រាក់​រង្វាន់​​​លើក​ទឹកចិត្ត និងបង្រៀន​​ឲ្យ​ចេះ​រក​លុយ

ក្មេង​ៗមួយ​ចំនួន​អាច​​ធ្វើ​កិច្ចការ​​ជា​ច្រើន​​​យ៉ាង​ជោគជ័យ​​ដូច​ជា​​កិច្ចការ​សាលា ​ខិតខំ​រៀនសូត្រ​ជា​ដើម នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ខ្លួន​​​ផ្តល់​ប្រាក់​រង្វាន់​​​លើក​ទឹកចិត្ត​សម្រាប់​​ការ​ខិតខំ​របស់​ពួកគេ។ នេះ​អាច​ជា​វិធីសាស្ត្រ​ម្យ៉ាង​សម្រាប់​ការ​ដោះដូរ​ទៅវិញ​ទៅ​មក។

ប៉ុន្តែ​​អ្វី​ដែល​ត្រូវ​ដើរ​ទន្ទឹម​នឹង​នេះ និងជា​វិធីសាស្ត្រ​កាន់តែហុច​ផល​ល្អ​នៅ​ពេល​អនាគត​វែង​ឆ្ងាយ​​ទៅ​មុខ​ទៀត គឺ​ការ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​រក​លុយ និងយល់​ពី​តម្លៃ​នៃ​​ការងារ​របស់​ខ្លួន។ អ្នក​ជំនាញ​និយាយ​ថាការ​​លក់​​ គឺ​ជា​ជំនាញ​ដ៏​ពិសេស​​ក្នុង​អាជីវកម្ម​ដើម្បី​ឈាន​​ឆ្ពោះ​​ក្លាយ​ទៅ​​ជា​អ្នក​ជំនួញ ឬអាជីវករ​ជោគជ័យ​​​នៅ​ថ្ងៃ​មុខ។

9) បង្រៀន​ឲ្យ​ចេះ​វិនិយោគ

ការ​បង្រៀន​រក​លុយ​គឺ​ជា​រឿង​មួយ​ប្រសើរ​ហើយ តែ​ការ​បង្រៀន​ធ្វើ​ឲ្យ​លុយ​របស់​ពួកគេ​កាន់តែ​ធំ​ឡើង គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​មួយ​ទៀត។ បើ​​ដូច្នេះ​មែន​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ចម្លើយ​តែមួយគត់​​នោះ​គឺការ​វិនិយោគ។ អ្នក​ត្រូវ​បង្រៀន​ពួកគេ​ឲ្យ​ចេះ សន្សំ​ប្រាក់​​វើ​ជា​​ដើមទុន​​ទុក​សម្រាប់​វិនិយោគ​​លើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ។ អ្នក​អាច​ស៊ក​ពាក្យ​មួយ​ឃ្លា​ថា៖ «បើ​កូន​ចង់​ក្លាយ​ជា​អ្នក​មាន កូន​ត្រូវ​សន្សំ​ប្រាក់​​ទុក​សម្រាប់​ការ​វិនិយោគ»។ គន្លឹះ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​​​​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ត្រៀម​ទុកជា​មុន​ក្នុង​សមរភូមិ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត៕