បើ​ចង់​ក្លាយ​ជា​អ្នក​​មាន​អំណាច​ពិត​ប្រាកដ​ មិន​ត្រូវ​ធ្វើរឿង៤​យ៉ាង​ខាង​ក្រោម​នេះ​ឡើយ

មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា អ្នក​មាន​អំណាច ឬ​មាន​ឥទ្ធិពល​ គឺតែង​តែ​ធ្វើ​រឿង​អវិជ្ជមាន​ ប៉ុន្តែការ​ពិត​ទៅ អ្នក​​ដែល​មាន​អំណាច​ពិតប្រាកដ​នោះ គឺមនុស្ស​ដែល​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ និងធ្វើ​ការ​ងារ​ខ្លាំង​ជាង​អ្នកដទៃ។ ​

មនុស្ស​មានអំណាចតែងតែ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ជោគជ័យ ទៅ​តាមបំណង​របស់​ខ្លួន ហើយ​ក្នុង​នោះ​ពួកគេ​ក៏​ត្រូវ​ជៀសវាង​នូវ​ប្រការ​មិន​ល្អ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​នេះគឺជាចំណុច​អវិជ្ជមាន​មួយចំនួន ដែល​អ្នក​មាន​អំណាច​ ជៀសវាង​មិន​ធ្វើ​ឡើយ៖

1- ស្តី​បន្ទោស​អ្នកដទៃ៖ វា​មិនមែន​ជា​ពេល​ដែល​ត្រូវ​បន្ទោស​លើ​អ្នកដទៃ​នោះ​ទេ តែ​គឺ​ជា​ការ​ហ៊ាន​ទទួលខុស​ត្រូវ​លើ​គ្រប់​ហេតុការណ៍​ដែល​កើត​ឡើង ហើយ​ព្យាយាម​រក​ដំណោះ​ស្រាយ។ ការ​ស្តី​បន្ទោស ​មិនមែន​ជា​ដំណោះស្រាយឡើយ ប៉ុន្តែ​វា​ជា​ការ​បង្ក​បញ្ហា​ថ្មី​មួយ​ទៀត។ ​បញ្ហា​ថ្មី គឺ​នៅ​ត្រង់​ថាអ្នក​បាន​ធ្វើ​ឲ្យ​អ្នកដទៃ​មិន​អារម្មណ៍​មិន​ល្អ​ ឬអាច​ឈាន​ដល់​ការ​គុំគួន​ក៏​ថា​បាន។ ដូច្នេះ គួរ​ជៀសវាង​ការ​ស្តី​បន្ទោស​អ្នក​ដទៃ តែ​បង្ហាញ​ទំនួលខុសត្រូវ​របស់​ខ្លួន​កាន់តែ​ខ្លាំង​។

2- ធ្វើ​ការ​តែ​ម្នាក់​ឯង៖ មនុស្ស​ពិត​ជា​មិន​អាច​ធ្វើអ្វីៗ​ជោគជ័យ​គ្រប់យ៉ាង​តែ​ម្នាក់ឯង​ឡើយ បើ​ទោះ​បី​ជា​គេ​​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ត្រង់​ចំណុច​នេះ ដើម្បី​ឈាន​ដល់​ការ​ជោគជ័យ​លើ​ចំណុច​អ្វី​មួយ វា​ពិត​ជា​ចាំ​បាច់​ណាស់ក្នុង​ការ​សហការ​ជា​មួយ​នឹង​មនុស្ស​ជុំវិញ​ខ្លួន ព្រោះ​មនុស្ស​ច្រើន​អាច​បញ្ចេញ​យោបល់​ល្អៗ ដែល​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការងារ។

3- ចេះ​តែ​ស្រប​តាម​គេ៖ វាពិត​ជា​រឿង​ដ៏​ចាំបាច់​ខ្លាំង​​ក្នុង​ការ​ស្តាប់​មតិ​របស់​អ្នកដទៃ ដើម្បី​ទទួល​បាន​យោបល់ ​និងគំនិត​ល្អៗ​ជុំវិញ​បញ្ហា​អ្វី​មួយ។ ប៉ុន្តែ​អ្នក​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​ជំហរ​ច្បាស់លាស់ ហើយ​ផ្អែក​លើ​ហេតុផលដើម្បី​អាច​កំណត់​ថា គំនិត​មួយ​ណាល្អ​ដែល​គួរ​ស្របតាម ហើយ​គំនិត ឬមតិ​មួយ​ដែល​​ត្រូវ​ប្រឆាំង។ ប្រសិន​បើ​អ្នក​ចេះ​តែ​ស្រប​តាម​អ្នកដទៃ​តែ​ម្យ៉ាង​នោះ អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​សម្រេច​គោល​ដៅ​អ្វី​ឡើយ ព្រោះ​វា​បង្ហាញ​ថា អ្នក​គ្មាន​គោលការណ៍​ច្បាស់លាស់​នោះ​ទេ។

4- ធ្វេសប្រហែស​លើ​សុខភាព​ផ្ទាល់ខ្លួន៖ សុខភាព គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ ព្រោះ​វា​ជា​កត្តា​​មួយ​ដែល​កំណត់​អនាគត​របស់​អ្នក​ផង​ដែរ។ បើ​សុខភាព​មាន​បញ្ហា​អ្នក​ប្រាកដ​ជាមិន​អាច​ក្លាយ​ជា​មនុស្ស​ជោគជ័យ ឬអស្ចារ្យ​អ្វី​ក្នុង​សង្គម​បាន​ឡើយ។ ដូចនេះ រឿង​សំខាន់​អ្នក​ត្រូវ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ជា​មុន​សិន។