បើ​ចង់ធ្វើការ​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាពនោះ​ គន្លឹះ​ទាំង៤ចំនុចនេះអាច​ជួយ​អ្នក​បាន!

មុន​ពេល​ចេញ​ជា​សកម្មភាព​អ្វីមួយ មនុស្ស​គ្រប់​គ្នា​តែង​ធ្វើ​ការ​សម្រេចចិត្ត។ ការ​សម្រេច​ចិត្ត​ខុស ធ្វើ​ឲ្យ​សកម្មភាព​ដែល​អ្នក​ធ្វើ​នោះ​ខុស តែ​បើ​ការ​សម្រេច​ចិត្ត​ត្រូវ​វិញ សកម្មភាព​ដែល​អ្នក​ធ្វើ​នោះប្រាកដ​ជាចេញ​ជា​លទ្ធផល​វិជ្ជមាន។ ដូច្នេះ​ការ​សម្រេច​ចិត្ត​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ណាស់សម្រាប់​មនុស្ស​គ្រប់​គ្នា ជាពិសេសគឺ​អ្នក​ដឹកនាំ​តែ​ម្តង។ ដូច្នេះមុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ អ្នក​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ជាទីបំផុត ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ។ ខាង​ក្រោម​នេះជា​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ប្រកប​ដោយប្រសិទ្ធភាព៖

១) សរសេរ​ជម្រើស​ទាំងអស់​ដើម្បី​ប្រៀប​ធៀប (Write all your options for comparing )

ជា​ធម្មតា​ទេ ដើម្បី​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ អ្នក​គួរ​តែ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​សិន។ ការ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គិតគូរ និងប្រៀប​ធៀប​រក​មើល​ថាមួយ​ណា​ល្អ​ជាង​គេ បន្ទាប់​មក​ធ្វើការ​សម្រេច​ចិត្ត​ធ្វើ​វា​តែ​ម្តង។​​

២) បញ្ឈប់​​ការ​ស្វែង​រក​ភាព​ល្អឥតខ្ចោះ (Stop seeking perfection) ​

ការ​គិតគូរ​​វែង​ឆ្ងាយ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ប្រកប​ដោយ​ផល​វិជ្ជមាន ប៉ុន្តែ​បើ​អ្នក​សញ្ជឹង​គិត​ដោយ​ព្យាយាម​​រក​ឲ្យ​ឃើញ​ភាព​ល្អ​ឥត​ខ្ចោះ​នោះក៏​មិន​អាច​ទៅ​រួច​ដែរ​ ព្រោះ​ក្នុង​លោក​នោះគ្មាន​រឿង​បែប​នេះ​ឡើយ ហើយ​ជា​ធម្មតា​ វា​តែង​តែ​មាន​បញ្ហា​ខ្លះៗ​ដែល​មិន​អាច​ជៀស​រួច។

បើ​អ្នក​ចាំ​ទាល់​​តែ​រក​ឃើញថា អ្វីៗ​​ល្អ​ឥត​ខ្ចោះ​សិន​ទើប​សម្រេច​ចិត្ត​នោះ​ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ចេញ​ជា​ផែន​ការ ឬសកម្មភាព​ការងារ​ផ្សេងៗ។ អ្វី​ដែល​សំខាន់​ត្រង់​ចំណុច​នេះ គឺគ្រាន់​តែ​ព្យាយាម​គិត​ឲ្យ​បាន​ម៉ត់ចត់ ហើយ​ធ្វើ​ការ​សម្រេចចិត្ត​ជា​មួយ​នឹង​ទំនួល​ខុស​ត្រូវ​ខ្ពស់ នោះ​អាច​និយាយ​បាន​ថាវា​គឺ​ជា​រឿង​ដ៏​ប្រសើរ​មួយ​។

​៣) ត្រូវ​មាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង​ (Be independent)

ភាព​ឯករាជ្យពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ ព្រោះ​បើ​គ្មាន​ភាព​ឯករាជ្យ​ទេ ពួកគេ​មិន​អាច​ធ្វើអ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នោះ​ឡើយ។ ដូច្នេះដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នោះ អ្នក​ត្រូវ​តែ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ពោល​គឺត្រូវ​ធ្វើអ្វី​ដែល​ខ្លួន​ពេញ​ចិត្តជាជាង​ធ្វើ​ទៅ​តាម​ការ​បញ្ចុះបញ្ចូល​របស់​អ្នក​ដទៃ។ មិនមែន​មាន​ន័យ​ថា អ្នក​មិន​ស្តាប់​អ្នកដទៃ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះគឺ​អ្នក​ត្រូវ​មាន​ជំហរ​ច្បាស់លាស់ និងស្គាល់​យ៉ាង​ច្បាស់​ពី​គោល​បំណង​របស់​ខ្លួនដើម្បី​ជៀសវាង​ធ្វើអ្វីៗ​ទៅ​តាម​តែ​គេ។

៤) ចេះ​ទទួល​ស្គាល់​កំហុស (Admit your mistakes)

គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​សាង​កំហុស​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះថា​តើ​ចេះ​​ទទួល​ស្គាល់​កំហុស​នោះ​ឬអត់។ ការ​ទទួល​ស្គាល់​កំហុស មានន័យថាអ្នក​បាន​ទទួល​ស្គាល់​ថា វិធី​ដែល​ធ្វើ​កន្លង​មក​គឺ​មាន​បញ្ហា ដូច្នេះត្រូវ​ការ​ផ្លាស់ប្ដូរដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ។ ដូច្នេះការ​ទទួល​ស្គាល់​កំហុសអាច​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ល្អ​ជាង​មុន៕