បុគ្គលិកលក្ខណៈ​ចៅហ្វាយ​នាយ​ល្អៗ​​ “៣ ប្រភេទ” ​ដែល​​បុគ្គលិក​គ្រប់រូប​​មិន​ត្រូវ​មើល​រំលង

យោង​តាម​ស្ថានភាព​ជាក់​ស្តែង បុគ្គលិក​គ្រប់រូប​​អាច​សង្កេត​ឃើញ​​ដោយ​ខ្លួន​ឯង​ថាការ​ស្វែង​រក​​ចៅហ្វាយ​​ដ៏​ល្អ​ឥតខ្ចោះ​​មួយ​រូប​ គឺ​វា​មិន​មែន​​ជា​រឿង​មួយ​ងាយស្រួល​នោះ​​​ទេ​ ព្រោះ​គ្មានទេ​មនុស្ស​​ដែល​ល្អ​ឥតខ្ចោះ​។ ទោះបី​ជា​​ចៅហ្វាយ​​របស់​អ្នក​មាន​​ចំណេះដឹង​ខ្ពស់​យ៉ាងណា​ក៏ដោយ រមែង​មាន​ចំណុច​ខ្វះខាត។ យ៉ាងណាមិញ ចៅហ្វាយ ​​”៣ប្រភេទ” ​ខាងក្រោម​​នេះ​អាច​ជា​​​បុគ្គល​ដែល​​​​បុគ្គលិក​គ្រប់រូប​មិន​ត្រូវ​មើល​រំលង។ តើ​ចៅហ្វាយ​ទាំង​នេះ​មាន​បុគ្គលិកលក្ខណៈ​ដូចម្តេច​ខ្លះ?​​

១) ចៅហ្វាយ​ដែល​ជួយ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​កាន់​​ទី​ខ្ពស់

ចៅហ្វាយ​​ប្រភេទ​ទី១​នេះ ជា​ចៅហ្វាយ​ដែល​និយាយ​ទៅ​កាន់​​អ្នក​ដូច្នេះ​ថា៖ « វា​មិន​ទាន់​ល្អ​​គ្រប់គ្រាន់​នៅ​ឡើយ​ទេ»។ កាលៈទេសៈ​នេះ​អ្នក​អាច​ដឹង​ដោយ​ខ្លួន​ឯង​​ថា​ ចៅហ្វាយ​​របស់​អ្នក​គឺ​ជា​អ្នក​ត្រូវ​​ ទោះបី​​ជា​អ្នក​ព្យាយាម​​តាម​ការពារ​ខ្លួន​ឯង​ក៏ដោយ។ ទន្ទឹម​នឹង​នេះ​បើ​អ្នក​សង្កេត​ឃើញ​ថា ចៅហ្វាយ​របស់​អ្នក​ចូលចិត្ត​និយាយ​​​ការ​ពិតត្រង់ៗ ឬក៏​ជា​​ចៅហ្វាយ​​ដែល​ចូលចិត្ត​ឲ្យ​​អ្នក​គិត​ដោយ​ខ្លួន​​ឯង​បាន​កាន់​​​តែ​ច្រើន​ នេះ​ហើយ​ជា​ចៅហ្វាយ​នាយ​ដ៏​ល្អ​មួយ​រូប​ដែល​​​ជួយ​ធ្វើ​ឲ្យ​អ្នក​​បំពេញ​​ភារកិច្ច​​អសា្ចរ្យ​ជា​ច្រើន​​​ដោយ​ជោគជ័យ ព្រម​ទាំង​ហួស​ពី​ការ​រំពឹង​ទុក​​ទៀត​ផង។

២) ចៅហ្វាយ​ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​កាន់តែ​ច្រើន​

នៅ​ទី​នេះគេ​ឃើញ​​ចៅហ្វាយ​មួយ​ប្រភេទ​ទៀត​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​ហែល​ទឹក​នៅ​ពេល​ដែល​ខ្លួន​ដឹង​ថា អ្នក​មិន​អាច​ហែល​ទឹក​បាន ឬអាច​​រុញ​អ្នក​ឲ្យ​ចូល​អាងទឹក​​ នៅ​ពេល​ដែល​ខ្លួន​ដឹង​ថាអ្នក​អាច​ចេះ​ហែល​ទឹក​បាន។ បុគ្គលិក​លក្ខណៈ​របស់​ចៅហ្វាយ​​ដែល​លើក​យក​មក​និយាយ​នេះ គឺ​សំដៅ​​លើ​ចៅហ្វាយ​ដែល​បើក​សិទ្ធិ​សេរីភាព ឬផ្តល់​ឱកាស​ដល់​អ្នក រួម​ទាំង​បុគ្គលិក​ផ្សេង​ទៀត​ទទួល​បាន​ឱកាស​ដ៏​ល្អ​មួយ​ដែល​ចូល​មក​ដល់។

ម្យ៉ាងទៀត​​ការ​ជួយ​​លើកទឹកចិត្ត ការ​មិន​បោះបង់ ការ​ព្យាយាម និងការ​ធ្វើ​ឲ្យ​​អ្នក​កាន់តែ​រឹងមាំ​​ក្នុង​ការ​ធ្វើ​​គម្រោង​អ្វី​មួយ​ដែល​អ្នក​ចង់​ធ្វើ​​ គឺ​ជា​លក្ខណៈ​សម្បត្តិ​ពិសេស​មួយ​របស់​ចៅហ្វាយ​នាយ​​ប្រភេទ​នេះ​​​ ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​នោះ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​ ចៅហ្វាយ​នេះ​ក៏​ជា​បុគ្គល​ដែល​ជួយ​តាមដាន​វាយតម្លៃ​សមិទ្ធផល​របស់​អ្នក ជំរុញ​ឲ្យ​អ្នក​​អនុវត្ត​ឲ្យ​បាន​កាន់តែ​ច្រើន ជា​ពិសេស​គឺ​ការ​ធ្វើ​ឲ្យ​អាជីព​ការងារ​របស់​អ្នក​ដើរ​ទៅ​រលូន និងរីកចម្រើន​តែម្តង។

៣)​ចៅហ្វាយ​​ដែល​បង្រៀន​អ្នក​ពី​របៀប​​ក្លាយ​ទៅ​​ជា​ចៅហ្វាយ​​គេ

នៅ​ក្នុង​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក អ្នក​ប្រហែល​ជា​បាន​ជួប​ចៅហ្វាយ​​ជា​ច្រើន​ដែល​មិន​ធ្លាប់​​​ដឹង និងគ្មាន​សមត្ថភាព​​ដោះស្រាយ​​លើ​បញ្ហា​តានតឹង​​នានា​នៅ​កន្លែង​ការងារ។ បើ​អ្នក​សង្កេត​ឃើញ​បែប​នេះ​មែន​ មានន័យ​ថា​ចៅហ្វាយ​របស់​អ្នក​ គឺ​ជា​​​មនុស្ស​ដែល​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ឈោង​​ចាប់​យក​ឱកាស​រីកចម្រើន​ទៅ​មុខ​បាន​​នោះ​ឡើយ ពោល​គឺ​បាន​ត្រឹមតែ​ខាត​ពេល​វេលា​​ធ្វើ​ឲ្យ​អាជីព​ការងារ​បោះជំហាន​ទៅ​មុខ​​មិន​បាន។

យ៉ាងណាមិញ ​ងាក​មក​មើល​សារធាតុ​ពិត​របស់​ចៅហ្វាយ​​ប្រភេទ​ទី៣​នេះ​វិញ​​​មិន​ចំពោះ​ថា អ្នក​មក​ថ្មី ចូល​ក្រោយ​គេ មាន​ចំណេះ​ដឹង​តិច​ជាងគេ មិន​មានបទពិសោធន៍​ច្រើន​ជាងគេ​យ៉ាងណា​នោះ​ឡើយ គេ​ពេញ​ចិត្ត​នឹង​បង្រៀន​អ្នក​ឲ្យ​ក្លាយ​ទៅ​​ជា​អ្នក​ដឹកនាំ​ក្នុង​ស្ថាប័ន​មួយ​នៅ​ពេល​អនាគត​។

បុគ្គលិក​លក្ខណៈ​​ផ្សេង​ទៀត​នោះ​​គឺ​ថា ចៅហ្វាយ​​​ប្រភេទ​នេះ​ចូលចិត្ត​​ឲ្យ​តម្លៃ​បុគ្គលិក​គ្រប់រូប​​ ផ្តល់​ស្នាម​ញញឹម បង្កើត​ភាព​រាក់ទាក់​ជា​មួយ​មនុស្ស​គ្រប់គ្នា​ដោយ​ស្មើភាព​មិន​ថា​ នៅ​កន្លែង​ការងារ ឬនៅ​កន្លែង​ផ្សេង​​នោះ​ឡើយ។ ​​បើ​និយាយ​ឲ្យ​ងាយ​ស្រួល​យល់​ជាង​នេះ ចៅហ្វាយ​ប្រភេទ​នេះ គឺ​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​យក​គំរូ​តាម​​នៅ​​ថ្ងៃ​ខាងមុខ៕