បង្រៀន​ខ្លួន​ឯង​តាម​វិធីសាស្ត្រ​ “ទាំង​៧”​នេះ​​ក៏​​​មាន​ចំណេះដឹង​កើន​ឡើង​​ដែរ

ប្រភព​នៃ​ចំណេះដឹង​មាន​ច្រើន​ណាស់សម្រាប់មនុស្ស​គ្រប់រូប ​មិនមែន​មាន​​​នៅ​​តែ​សាលា​​​នោះ​ទេ។ ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​៧ចំណុច ​ដែល​អ្នក​អាច​​បង្រៀន​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ទៅ​​អង្គុយ​​នៅ​ក្នុង​សាលា​នោះ​ឡើយ។​​​

១) អាន​សៀវភៅ

នេះ​​គឺ​ជា​​វិធីសាស្ត្រ​មួយ​ដែល​អ្នក​មិន​​​អាច​ប្រកែក​បាន​​នោះ​ឡើយ ​ត្បិត​វា​អាច​ជួយ​ឲ្យ​អ្នក​​បាន​រៀនសូត្រ និងក្រេប​ចំណេះដឹង​ថ្មីៗ​​កាន់តែ​ច្រើន​​ដោយ​មិន​ចាំបាច់​ទៅ​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន។ ហេតុដូច្នេះ​ហើយបើ​អ្នក​យល់​ឃើញ​ថា ​សៀវភៅ​ដែល​អ្នកអាន​គួរឲ្យ​ចាប់អារម្មណ៍​ និងមាន​ប្រយោជន៍ សូម​កុំ​នៅ​បង្អែបង្អង់​អី​ ឆ្លៀត​ពេល​​អាន​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ។

២) ទំនាក់ទំនង​ ឬយក​​បុគ្គល​ជោគជ័យ​​ធ្វើ​ជា​គំរូ​

ទំនាក់ទំនង​​ដ៏​ល្អ​របស់​អ្នក​ជា​មួយ​មិត្តភ័ក្ដិ​នៅ​ខាងក្រៅ​សាលា​ ជា​ពិសេស​ជា​មួយ​បុគ្គល​ជោគជ័យ​នៅ​ជុំវិញ​ខ្លួន​អ្នក​បាន​កាន់តែ​ច្រើន គឺ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​កាន់តែ​ច្រើន ព្រោះ​ថា​ពួកគេ​អាច​ផ្ដល់​ជា​ត្រីវិស័យ ឬចែក​រំលែក​បទពិសោធន៍​​ល្អៗ​អ្នក​បាន​។ បើ​នេះ​ជា​រឿង​លំបាក​បន្តិច​សម្រាប់​អ្នក អ្នក​អាច​ស្វែង​រក​​ប្រវត្តិ​បុគ្គល​ជោគជ័យ​នៅ​ជុំវិញ​ពិភពលោក​មក​ធ្វើ​ជា​គំរូ ដើម្បី​ពិនិត្យ​មើល​ដំណើរ​ជីវិត​ និងសកម្មភាព​របស់​​បុគ្គល​ទាំង​នោះ​សម្រាប់​​ធ្វើ​ជា​ថ្នាល​បណ្ដុះ​ភាព​​ជឿជាក់ និងជួយ​លើក​ទឹកចិត្ត​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

៣) ទស្សនាចរ​ឲ្យ​បាន​ច្រើន

នេះ​វា​​គន្លឹះ​មួយ​​ទៀត​ដែល​ផ្ដល់​ចំណេះដឹង​ដល់​អ្នក​។ ​ប្រជាជន​នៅ​​លោក​ខាងលិច​ចូលចិត្ត​ដើរ​កម្សាន្ត​​ខ្លាំង​ណាស់​ ពី​ព្រោះ​​វា​បាន​ផ្ដល់​ចំណេះដឹង​​យ៉ាង​ច្រើន​ដល់​ពួកគេ​​​តាម​រយៈ​ការ​សិក្សា​ស្វែងយល់​ពី​​បរិបទ​រស់​នៅ វប្បធម៌​ ការ​អភិវឌ្ឍ​នានា​នៅ​តាម​ប្រទេស​នីមួយៗ​នៅ​ជុំវិញ​ពិភពលោក។​ អ្នក​​ក៏​ត្រូវឆ្លៀត​ពេល​ទំនេរ​ណាមួយ​ដើរ​លេង​កម្សាន្ត​ផង សិក្សា​រៀន​សូត្រ​​ផង​ទើប​ជីវិត​របស់​អ្នក​ស្រស់ស្រាយ និងមាន​ចំណេះដឹង​កើន​ឡើង។ ​​

៤) អាន Wikipedia និង ស្រាវជ្រាវ​ឯកសារ​តាម​ Google ឲ្យ​បាន​ច្រើន​

ការ​ស្រាវជ្រាវ​ឯកសារ​តាម​រយៈ​គេហទំព័រ​ដ៏​ពេញ​និយម​​សម្រាប់​អ្នក​សិក្សា​​​រៀនសូត្រ​ដូច​ជា Wikipedia និង Google គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ។ វា​ជា​បណ្ដុំ​នៃ​ឯកសារ​​ដ៏​ច្រើន​លើសលប់​​សម្រាប់​ផ្ដល់​ចំណេះដឹង​ដល់​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ឬមិន​បាន​ដឹង។ ចំណេះដឹង​របស់​អ្នក​នឹង​កាន់​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បើ​អ្នក​ព្យាយាម​ក្រេប​ជញ្ជក់​​​ចំណេះដឹង​តាម​​គេហទំព័រ​ទាំង​នេះ។

៥) មើល​​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ផ្ដល់​ចំណេះដឹង

នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថានីយ​ទូរទស្សន៍​ល្បី​​ៗ​មាន​ច្រើន​​ណាស់​ទាំង​ទូរទស្សន៍​ខ្សែកាប​ក្តី ផ្សាយ​ផ្ទាល់​​ក្តី​ តាម​អនឡាញ​ក្តី មាន​ច្រើន​ស្អេកស្កះ​។ យ៉ាងណាមិញ ការ​ជ្រើស​រើស​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​​ផ្ដល់​ការ​អប់រំ​ដូចជា BBC CNN CNBC Bloomberg គឺ​សុទ្ធតែ​ទូរទស្សន៍​លំដាប់​ពិភពលោក​ផ្ដល់​ចំណេះដឹង​គ្មាន​ដែន​កំណត់​។ វា​ជា​ប្រភព​ចំណេះដឹង​ដែល​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​មួយ​ដែល​អ្នក​​មិន​ធ្លាប់​ឃើញ​មិនធ្លាប់​ជួប​ពី​មុន​មក​​ជា​ពិសេស​ព្រឹត្តិការណ៍​នយោបាយ​ សេដ្ឋកិច្ច ចំណេះដឹង វប្បធម៌​ជា​ដើម។

៦) សិក្សា​តាម​វគ្គ​ខ្លីៗ​លើ​​បណ្ដាញ​អ៊ីនធឺណិត​​

នៅ​តាម​​សាកលវិទ្យាល័យ​​​ល្បីៗ​នៅ​​ជុំវិញ​ពិភពលោក គេ​សង្កេត​ឃើញ​ថាមាន​សាស្ត្រាចារ្យ​ជា​ច្រើន​បាន​បង្រៀន​ជា​វគ្គ​ខ្លីៗ ជំនាញ​បច្ចេកទេស​ផ្សេងៗ បង្ហោះ​តាម​​អនឡាញ ដូច​​បង្រៀន​ផ្ទាល់​នៅ​តាម​សាកលវិទ្យាល័យ​ដែរ​សម្រាប់​ឲ្យ​និស្សិត ឬសាធារណជន​បាន​​សិក្សា​រៀន​សូត្រ​​​​។ វីដេអូ​ទាំង​នេះ អ្នក​អាច​រៀន​សូត្រ​បាន​ដោយ​ចូល​ទៅ​បើក​មើល​កម្មវិធី​បង្រៀន​ទាំង​នោះ​​​ត្បិតអី​វា​មិន​អស់​ប្រាក់​ច្រើន។

៧) ​ស្រាវជ្រាវ​ឲ្យ​បាន​​ច្រើន​​​នៅ​តាម​បណ្ណាល័យ​នានា

បណ្ណាល័យ​ជា​សាធារណៈជា​ឯកជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ឯកជន គឺ​សុទ្ធតែ​ប្រភព​នៃ​ចំណេះដឹង​មិន​ចេះ​រីង​ស្ងួត។ អ្នក​ត្រូវ​ចាំ​ថា ការ​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ការ​ផ្ដល់​ចំណេះដឹង​ដល់​អ្នក តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​សិក្សា​ស្រាវជ្រាវ​ខ្លួន​​ឯង​នៅ​ខាងក្រៅ​ឲ្យ​បាន​ច្រើន​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ទើប​​ចំណេះដឹង​របស់​អ្នក​កាន់តែ​រីកចម្រើន​ជាង​មុន៕