នេះ​ជា​កំហុសទាំង​ “៥យ៉ាង” ដែល​សហគ្រិន​ភាគច្រើន​​​ជួបប្រទះ

វិថី​នៃ​ការ​ធ្វើ​អាជីវកម្ម គឺ​​ជា​វិថី​មួយ​ដែល​ពោរពេញ​ដោយ​ហានិភ័យ​ និងកំហុស​នានា​យ៉ាង​ច្រើន​​ផង​ដែរ។ ការ​ជ្រើសរើស​ដៃគូ​ខុស ​ គ្មាន​គោលដៅ​​ទីផ្សារ គ្រប់គ្រង​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ ​ទាំង​នេះ​សុទ្ធ​តែ​ជា​បញ្ហា​របស់​​​សហគ្រិន​គ្រប់រូប។ នៅ​ពេល​នេះ ​​អ្នក​នឹង​បាន​ជ្រាប​​​លម្អិត​ពី​បញ្ហា​ធំៗ​ចំនួន៥ ដែល​ជា​ឧបសគ្គ​របស់សហគ្រិន​​ទូទៅ៖​​

១) ជ្រើសរើស​ដៃគូ​រកស៊ី​​ខុស

ស្តាប់​ទៅ​ហាក់​បីដូច​ជា​រឿង​ល្អ ​ដែល​អ្នក​សម្រេចចិត្ត​បើក​អាជីវកម្ម​របស់​អ្នក​ជាមួយ​មិត្តភក្ដិ​ស្និទ្ធស្នាល​របស់​អ្នក។ នៅ​ទី​នេះ​អ្នក​ត្រូវ​​គិត​ឲ្យ​បាន​ល្អិតល្អន់​បន្តិច​ពី​សមត្ថភាព​មិត្តភក្ដិ​របស់​អ្នក។ ទោះបី​ជា​អ្នក​ទាំងពីរ​មាន​មហិច្ឆតា​ដូចគ្នា​ក្តី តែ​បើ​មិន​មាន​គំនិត​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម ឬថា​តើ​​ត្រូវ​គ្រប់គ្រង​ និងប្រើប្រាស់​លុយកាក់​របស់​ក្រុមហ៊ុន​ដោយ​របៀបណា​នោះ វា​ជា​គ្រោះថ្នាក់​មួយ​ដល់​អនាគត​អាជីវកម្ម​របស់​អ្នក។

បើ​​អ្នក​សម្រេចចិត្ត​រក​ស៊ី​ជា​មួយ​អ្នក​ផ្សេង​វិញ ​ដែល​មាន​​សមត្ថភាព​ និងសក្ដានុពល​ខ្ពស់ តែ​អ្នក​ទាំងពីរ​មិន​សូវ​ចុះ​សម្រុង​គ្នា​នោះ គ្មាន​ភាព​ស្មោះត្រង់​ បុគ្គល​ប្រភេទ​នេះ​ក៏​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​ជៀសវាង​ដែរ។ យក​ល្អ មុន​នឹង​ជ្រើសរើស​ដៃគូ​រកស៊ី អ្នក​គួរតែ​ពិនិត្យ​មើល​​ទាំង​សមត្ថភាព និងប្រវត្តិ​បុគ្គលិក​លក្ខណៈ​របស់​បុគ្គលនោះ​ទើប​ជា​ការ​ប្រសើរ។​​​​​​​​​

២) គ្មាន​គោលដៅ​ទីផ្សារ​​ដែល​ត្រូវ​លក់​

វា​ជា​ការ​ពិត​​ដែរ​ថាទីផ្សារ​របស់​អ្នក​​កាន់តែ​ធំ និង​មាន​កំណើន​ជា​ប្រចាំ​ នៅ​ពេល​ដែល​ចំណែក​នៃ​ការ​លក់​របស់​អ្នក​កាន់​តែ​​ល្អ​មាន​ការ​​គាំទ្រ​ច្រើន​ពី​អតិថិជន​។ ប៉ុន្តែអ្នក​ត្រូវ​ចង់​ចាំ​នៅ​ទី​នេះ​គឺ​ថា ផលិតផល ឬសេវាកម្ម​របស់​អ្នក​មិន​អាច​ផ្គាប់ចិត្ត​របស់​មនុស្ស​គ្រប់រូប​បាន​នោះ​ឡើយ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ដែរ។

ប្រសិន​បើ​​ផលិតផល​ ឬសេវាកម្ម​មួយ​​ត្រូវ​បាន​ធ្វើឡើង​​បំពេញ​តម្រូវ​ការ​ជា​លក្ខណៈ​ទូទៅ​ អ្នក​នឹង​មិន​អាច​កំណត់​បាន​ថា តើ​អ្នក​ត្រូវ​ចែកចាយ និងលក់​​ផលិតផល ឬសេវាកម្ម​របស់​អ្នក​ទៅ​ឲ្យ​​អ្នកណា​នោះ​ទេ? អ្នក​ក៏​មិនអាច​កំណត់​បាន​ដែរ​ថា ​តើ​អ្នក​ណា​នឹង​ទិញ​​ផលិតផល​ ឬសេវាកម្ម​របស់​អ្នក? រូបមន្ត​នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម គឺ​អ្នក​ត្រូវ​ដឹង​គោលដៅ​ដែល​ត្រូវ​លក់​​នេះ​ឯង ពោល​​ការ​កំណត់​ទីផ្សារ​តែម្តង។ ​​​​

៣) មិន​ដឹង​ពី​របៀប​គ្រប់គ្រង​​ហិរញ្ញវត្ថុ​

ប្រសិន​បើ​អ្នក​​អស់​លុយ​​បន្ត​អាជីវកម្ម​នៅ​ក្នុង​​កំឡុង​ពេល​ណាមួយ​នោះ នេះ​ជា​សញ្ញាណ​ដ៏​អាក្រក់​មួយ​ដែល​បញ្ជាក់​ថាអនាគត​​អាជីវកម្ម​របស់​អ្នក​​មាន​ផ្លូវ​តែ​មួយ​គត់ គឺ​ការ​ដួល​រលំ។ ក្នុង​នាម​ជា​​សហគ្រិន ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ អ្នក​ត្រូវ​តែ​មាន​ជាដាច់ខាត​ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​​ដើមទុន​ប៉ុន្មាន? ដាក់​ទុន​បម្រុង​ទុក​ចំនួន​​ប៉ុន្មាន? ប្រាក់​ចំណូល​ប៉ុន្មាន? ចំណាយ​ប៉ុន្មាន? លើ​អ្វី​ខ្លះ? ផ្ទុយ​ទៅ​វិញ បើ​ចំណុច​នេះ​នៅ​មាន​ភាព​ស្រពិចស្រពិលនោះ​ច្បាស់​ណាស់​ថា អាជីវកម្ម​របស់​អ្នក​នឹង​បិទទ្វារ​ដែរ។​​​​

៤) ដាច់​​ទំនាក់ទំនង​ជា​មួយ​អតិថិជន

ក្នុង​សង្គ្រាម​អាជីវកម្ម ការ​ទំនាក់ទំនង​រវាង​អ្នក និងអតិថិជន​ប្រៀប​បាន​ដូច​ជា​​ស្ករ និងស្រមោច​។ បើ​ការ​ទំនាក់ទំនង​របស់​អ្នក​ជា​មួយ​អតិថិជន​មិន​មាន​ភាព​ញឹកញាប់បាន​មួយ​បាត់​មួយ គ្មាន​​មតិ​រិះគន់​វាយតម្លៃ ​និងចំណាប់អារម្មណ៍​​ជា​ដើម នោះ​អ្នក​ក៏​មិន​ដឹង​ដែរ​ថាតើ​អាជីវកម្ម​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាងណា? ត្រូវ​ធ្វើ​អ្វី​ខ្លះ​​មិន​ធ្វើ​អ្វី​ខ្លះ?

ឧទាហរណ៍​ថាបើ​ការ​លក់​របស់​អ្នក​ធ្លាក់​ចុះ ហើយ​អ្នក​មិន​ដឹង​ពី​មូលហេតុ​របស់​វា​ នោះ​វា​ពិត​ជា​គ្រោះថ្នាក់​ហើយ។ នៅ​ត្រង់​នេះ​ចង់​សង្កត់​ធ្ងន់​ថា​ ការ​វាយតម្លៃ​របស់​អតិថិជន​​គឺ​ជា​ជីពចរ​អាជីវកម្ម​របស់​អ្នក ដែល​​កំណត់​ពី​លទ្ធភាព​​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង។​

៥) មាន​​មហិច្ឆតា​ហួសហេតុ​លើ​​​​អាជីវកម្ម​​

ការ​​សម្រេចចិត្ត​បើក​អាជីវកម្ម​ពិត​ណាស់​​ដែរ​ថា ​អ្នក​មាន​ចេតនា​មួយ​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណេញ។ នេះ​អាច​​​ជា​​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​មហិច្ឆតា​បំផុស​គំនិត យុទ្ធសាស្ត្រ និងដំណោះស្រាយ​នានា​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​សូម​ចាំ​ថាបើ​អ្នក​ងប់ងុល​​​​ឲ្យ​តម្លៃ​តែ​ទៅ​នឹង​អ្វី​ដែល​ជា​គំនិត ឬ គោលការណ៍​តែមួយ​​របស់​អ្នក ​មិន​សម្លឹង​មើល​ស្ថានភាព​ និងកាលៈទេសៈ​ជុំវិញ​ខ្លួន​ទេ​នោះ នេះ​​មានន័យ​ថា អ្នក​កំពុង​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​មោហ៍បាំង ស្វែង​រក​ការ​ផ្លាស់ប្ដូរ​មិន​ឃើញ។ ការ​ធ្វើ​អាជីវកម្ម​គឺ​ជា​គំនិត​រួម​ក្រោម​ដំបូល​តែមួយ​ដែល​មនុស្ស​​គ្រប់គ្នា​ ជា​ពិសេស​​ដៃ​គូ​រកស៊ី​ត្រូវ​តែ​មាន​រួមចំណែក​ដូចគ្នា​មើល​ឃើញ​ពី​អនាគត​ក្រុមហ៊ុន​របស់​អ្នក​៕