ធ្វើ​ដូចម្តេច​ដើម្បី​កម្ចាត់​ចោល​ភាព​មិនច្បាស់លាស់ចេញពីខ្លួនឲ្យអស់?

0
184

តើ​​អ្នកធ្លាប់​មាន​ភាព​មន្ទិលសង្ស័យ​លើ​​ខ្លួន​ឯង​ដែរ​ឬទេ​? ប្រាកដណាស់ មនុស្ស​ម្នាក់​ៗ​សុទ្ធតែធ្លាប់​ជួប​​ករណី​នេះ​។ នេះ​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​​អ្នក​​ធ្វើ​កិច្ចការ​ផ្សេងៗ​មិន​បាន​សម្រេច​ និង​ចេះ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ភ័យខ្លាច​​មិន​ហ៊ាន​ប្រឈមមុខ ហើយ​ទី​បំផុត​អ្នក​នៅ​តែ​ក្លាយ​ជា​អ្នក​ចាញ់​ដដែល។ បើ​វា​ក្លាយ​ជា​ទម្លាប់​របស់អ្នក សូម​ចាប់​ផ្តើម​កម្ចាត់​វា​ចោល​ភ្លាម​ទៅ ដោយ​អាច​សិក្សា​រៀនសូត្រ​ពី​គន្លឹះ​ខ្លីៗ​ចំនួន​៣ខាងក្រោម​នេះ​បាន​។

១) តើ​គោលដៅ​របស់​អ្នក​ត្រឹមត្រូវ​ឬ​អត់? (Is your goals true?)

មុន​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ អ្នក​សុទ្ធតែ​មាន​ហេតុផល​មួយ​​ដើម្បី​ធ្វើ​កិច្ចការ​នោះ។ ដូចគ្នា​នេះ​ដែរ​ គោលដៅ​របស់​អ្នក​​គឺ​ជា​អ្វី​ដែល​ព្យាយាម និងពុះពារ​​​ចង់​សម្រេច​ឲ្យ​បាន​តាម​​​ក្តី​ប្រាថ្នា ​ទោះបី​ជា​​អ្នក​ត្រូវ​បរាជ័យ​ជា​ច្រើនលើកច្រើនសា​ក៏​ដោយ។ មក​ដល់​ចំណុច​នេះ បើ​​​​​​គោលដៅ​របស់​​អ្នក​មាន​ភាព​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន នោះ​ភាព​សង្ស័យ​​ជា​ច្រើន​នឹង​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​មួយ​មិន​មាន​អ្វី​ប៉ះពាល់​ ឬបង្អាក់​សកម្មភាព​របស់​អ្នក​នោះ​ឡើយ។​

ផ្ទុយ​ទៅវិញបើ​គោលដៅ​របស់​អ្នក​មិន​ច្បាស់ហើយ នោះ​អ្នក​មិន​ដឹង​​ត្រូវ​ធ្វើ​អ្វី​ខ្លះ។ ​ដល់​ពេល​ដែល​អ្នក​ត្រូវ​គិត​និងរៀបចំ​គោលដៅ​ពិត​ប្រាកដ​មួយ​ឡើង​វិញ។ ដរាបណា​​អ្នក​មាន​គោលដៅ​កាន់តែ​ច្បាស់ និងត្រឹមត្រូវ​ភាព​មន្ទិលសង្ស័យ​ក៏​​សាប​រលត់​ទៅ​តាម​នោះ​ដែរ។​​

២) តើ​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​គោលដៅ​នោះ​បាន​ដែរឬទេ? (Are you Capable?)

​​ពេល​ខ្លះ​ភាព​សង្ស័យ​មួយ​ចំនួន​គឺ​ជា​រឿង​សាមញ្ញ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​ត្រង់​ថាអ្នក​មិន​ព្រម​ស្វែង​រក​ដំណោះស្រាយ​កម្ចាត់​ចោល​ភាព​សង្ស័យ​នោះ​ឲ្យ​បាន​ភ្លាម​រហូត​ទុក​វា​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​មិន​អាច​កែប្រែ​បាន​។ យ៉ាងណាមិញមានតែ​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​ថា តើ​គោលដៅ​របស់​អ្នក​អាច​សម្រេច​បាន​​ដែរ​ឬ​យ៉ាងណា? ត្រូវ​ដើរ​តាម​វិធី​ណា? ត្រូវ​សម្រេច​បាន​នៅ​ពេល​ណា?

បើ​អ្នក​ជឿជាក់​ថា​អ្នក​ពិត​ជា​អាច​ធ្វើ​បាន នោះ​គឺ​ជា​ហេតុផល​មួយ​ដែល​អាច​និយាយ​បាន​ថា អ្នក​ពិត​ជា​មាន​ទំនុកចិត្ត​នៅ​ទី​នេះ។ សូម​ចាំ​ថាទំនុកចិត្ត និង​ភាព​ជឿជាក់ គឺ​ជា​អាវុធ​ដ៏​ស័ក្តិសិទ្ធិ​អាច​​ទម្លុះ​ភាព​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ ក៏​ដូច​ភាព​មន្ទិលសង្ស័យ​​នូវ​អ្វី​ដែល​​អ្នក​កំពុង​​ជួប​​​​នៅ​ពេល​នេះ​ឲ្យ​​ចេញ​ផុត​ពី​អ្នក​បាន។

៣) តើ​មាន​បញ្ហា​​ប្រឈមមុខ​អ្វី​ខ្លះ​​អាច​កើត​មាន​ឡើង​នៅ​ពេល​ខាងមុខ? (What’s the worst that can happen?)​​​

ជា​រឿង​មួយ​ដ៏​ល្អ បញ្ហា​ប្រឈមមុខ​​នានា​មិនមែន​​សុទ្ធតែ​ផ្តល់​ផល​អាក្រក់​ចំពោះ​អ្នក​នោះ​ឡើយ ពោល​គឺ​វា​ក៏​មាន​បង្កប់​នូវ​មេរៀន​​ល្អៗ​សម្រាប់​អ្នក​ស្វែងយល់​នៅ​ពេល​ក្រោយ​ដែរ​។ យ៉ាងណាមិញប្រសិនបើ​អ្នក​​ព្យាយាម​គេចវេស​ពី​វា ហើយ​មិន​យក​មក​សិក្សា​រៀនសូត្រ​បន្ថែម​ អ្នក​នឹង​បាត់បង់​ឱកាស​ល្អៗ​ជា​ច្រើន​​​ជាក់ជា​មិនខាន ហើយ​ទីបំផុត​ការ​បរាជ័យ​នឹង​ធ្លាក់​មក​លើ​អ្នក​ម្តង​ទៀត។

ជា​​ឧទាហរណ៍ សុវត្ថិភាព​​ហិរញ្ញវត្ថុ សុខភាព។ល។ ជា​អ្វី​ដែល​អ្នក​ត្រូវ​មើល​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ប្រាកដ​ថា ទោះបី​ជា​មាន​ឧបសគ្គ​ ឬហានិភ័យ​ណាមួយ​កើត​ឡើង អ្នក​នៅ​តែ​ម្ចាស់ការ​ និងទំនុកចិត្ត​សម្រាប់​ខ្លួន​ឯង​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​ទាំង​នោះ។

ក្នុង​ន័យ​នេះ ដើម្បី​កំណត់​ភាព​មន្ទិល​សង្ស័យ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ និងប្រាកដ​ថា អ្នក​ពិត​ជា​បាន​ដើរ​ទៅ​លើ​ផ្លូវ​ត្រូវ​​មួយ និងស្គាល់​បញ្ហា​ចំពោះ​មុខ​យ៉ាង​ច្បាស់​បំផុត​ថា​នឹង​មាន​អ្វី​កើត​ឡើង។ ទន្ទឹម​នឹង​នេះ​អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​​​ និងមាន​ភាព​ក្លាហាន​ដោះស្រាយ​បញ្ហា​ទាំង​នោះ ព្រោះ​ភាព​ក្លាហាន​គឺ​ជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​ភាព​មន្ទិលសង្ស័យ ត្បិតអី​វា​ជា​យន្តការ​ពិសេស​មួយ​ជួយ​​តម្រង់​អ្នក​ឲ្យ​ដើរ​លើ​​ផ្លូវ​ត្រូវ​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​កំណត់៕

LEAVE A REPLY