ធានា​ថា​​អ្នក​នឹងសល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​ “៨យ៉ាង” ​នេះបាន!

0
210

ទ្រឹស្ដី​មួយ​ដើម្បី​​សល់​ប្រាក់​ច្រើន គឺ​ព្យាយាម​បង្កើន​ប្រាក់​ចំណេញ និង​កាត់បន្ថយប្រាក់​ចំណាយ ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ជាង​នេះ​ថា ប្រឹង​រក​ប្រាក់ ចាយវាយរិះ​ថាំ និងខំ​សន្សំ។ ក្រៅ​ពី​នោះក៏​មាន​ពាក្យ​មួយ​តំណាល​ថា​ «សម្បូរ​ទ្រព្យ – rich» និង​ «សម្បូរ​ប្រាក់ – wealthy» មិន​ដូច​គ្នា​ទេ។

ពាក្យ​ថា​ «សម្បូរ​ប្រាក់» មាន​ន័យ​ថា​ប្រាក់​សម្បូរហូរហៀរ​ ប្រាក់​ចាយ​មិន​ចេះ​អស់​ដូច​ពាក្យ​សំនួន​របស់​ខ្មែរ​ថា «ហែក​ដំបូល​ចាក់» មានន័យ​ថា​លុយ​សម្បូរ​ខ្លាំង​ពេកដល់​ថ្នាក់​ចាក់​លុយ​ចូល​ក្នុង​ផ្ទះ​តាម​ដំបូល​ផ្ទះ​តែម្ដង។ មួយ​វិញ​ទៀតពាក្យ​ថា​ «ពូកែ​រកលុយ​» និង​ពាក្យ «ពូកែ​សន្សំលុយ» ក៏​ខុស​គ្នា​ដែរ។ ​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ «ក្លាយ​ជា​អ្នក​មាន​ឆាប់​ទេ តែ​បើ​ចង់​រក្សា​ប្រាក់​ឲ្យ​នៅ​សល់​យូរ​អង្វែង​កុំ​ឲ្យ​ខ្វះ​ចាយ​ទៅ​ថ្ងៃ​ក្រោយ ជា​រឿង​មិន​ងាយ​ស្រួល​ឡើយ» ។

អ្នក​ដែល​ចង់ «សល់​លុយ​ច្រើន» យល់​ថា​គេ​អាច​ប្រើ​សាច់​ប្រាក់ដើម្បី​បង្កើន​សាច់​ប្រាក់ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​សាច់​ប្រាក់​មាន​លំហូរ​ជានិច្ច មិន​ឲ្យ​វា​នៅ​ស្ងៀម​ទេ។ ពួកគេ​យល់​អំពី​តម្លៃ​ប្រាក់ និង​ចំណាយ​ត្រូវ​ខ្ទង់ ហើយ​ប្រាក់​នឹង​ឲ្យ​ពរ​ឲ្យ​ជ័យ​ត្រឡប់​ទៅ​គេ​វិញ តែ​ប្រសិន​បើ​លោក​អ្នក​មើលងាយ​ប្រាក់​ដោយ​ចាយ​ប្រាក់​ខ្ជះខ្ជាយ ប្រាក់​នឹង​ឲ្យ​ទុក្ខ​ទោស​ទៅ​លោក​អ្នកវិញ​ដែរ។ ខាង​ក្រោម​នេះជា​ប្រការ “៨យ៉ាង” ​សម្រាប់អ្នក​​ប្រាថ្នា​ចង់ «សម្បូរ​ប្រាក់» ត្រូវ​ជៀសវាង​ព្រោះ​សុទ្ធ​សឹង​ជា​កំហុស។

1- លោភ​ខាង​ទ្រព្យ​សម្បត្តិ​

«អ្នក​សម្បូរ​ប្រាក់ – The wealth» លោភ​ខាង​សេរីភាព និង​លោភ​ខាង​កើប​លុយ​ទុក យូរៗ​ទៅប្រាក់​លែង​អាស្រ័យ​តែ​លើ​កិច្ច​ខិតខំ (efforts) របស់​គេ​តែ​មួយ​មុខ​ទៀត​ហើយ តែ​អាស្រ័យ​លើ​កត្តា​ដទៃ​ទៀត។ មនុស្ស​ជំពូក​នេះលោភ​តែ​ខាង​ប្រាក់ និង​សេរីភាពប៉ុណ្ណោះ រីឯ​របស់របរ​ប្រើប្រាស់ទំនើប ឬអត់បានការ​មិន​មែន​ជា​មុខ​សញ្ញា​​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។

2- ជៀសវាង​ការ​រកស៊ី​ហក់​លោត

គួរ​ជៀសវាង​ការ​ផ្លាស់ប្ដូរ​មុខ​របរ​ញឹកញាប់ ព្រោះ​ការ​រកស៊ី​ហក់លោត ពិបាក​ជោគជ័យ​ណាស់ ពោល​គឺ​បន្តិច​រកស៊ី​នេះ មិន​បាន​ប៉ុន្មាន​ផង ដូរ​មុខ​របរ​ទៅ​រកស៊ី​អ្វី​ផ្សេង។ លោក Mark Cuban ជា​ធុរជន​ដ៏​ឆ្នើម​មួយ​រូបបានឲ្យ​ដំបូន្មាន​ថា «បើ​រក​ស៊ី​អ្វី​ ឲ្យ​ចំ​ជា​រក​ស៊ី​ហ្នឹង ប្រសើរ​ជាង​រកស៊ី​ហក់​លោត»។ ប្រសិនបើលោក​អ្នក​ចង់​ចូល​ក្នុង​ជំពូក «អ្នក​សម្បូរ​ប្រាក់» ត្រូវ​សម្លឹង​មើល​ឱកាស​វិនិយោគ​ឲ្យ​ត្រូវ ហើយ​តម្រង់​ទិស​ទៅ​តែ​មុខ​ព្រួញ​នោះ​តែ​មួយ ពិត​ជា​មិន​ខុស​ទេ។

3- កុំ​ពឹង​លើ​ប្រភព​ចំណូល​តែ​មួយ (រកស៊ី​ងាប់​ក្រឡា)

លោក​អ្នក​គួរ​កុំ​ពឹង​ទៅ​លើ​ប្រភព​ចំណូល​តែ​មួយ មិន​ថា​លោក​អ្នក​រក​ចំណូល​មួយ​មុខ​នោះ​បាន​ច្រើន​ប៉ុណ្ណា​ទេ ព្រោះ​ធ្វើ​បែប​នេះ​មិន​ខុស​ពី​ពាក្យ​ខ្មែរ​ថា «រក​ស៊ី​ងាប់​ក្រឡា»។ មាន​ករណីនារី​ម្នាក់​ធ្វើ​ការ​ឲ្យ​គេ​តែ​មួយ​មុខ មិន​មាន​មុខ​របរ​ផ្សេង​ទេ មានន័យ​ថា​គាត់​ពឹង​តែ​លើ​ប្រាក់ខែ​មួយ​មុខ ស្រាប់​តែ​ថ្ងៃ​មួយក្រុមហ៊ុន​បញ្ឈប់​នាង​ពី​ការងារ បណ្ដាល​ឲ្យ​ប្រភព​ចំណូល​របស់​នាង​ត្រូវ​កាត់ផ្ដាច់​ដូច​គេ​កាត់​ផ្ដាច់​សរសៃឈាម​ដូច្នោះ​ដែរ ព្រោះ​អាង​តែ​លើ​ប្រាក់​ខៃ​តែ​មួយ​មុខ​ មិន​រក​ស៊ី​អ្វី​ផ្សេងដើម្បី​គួបផ្សំ​គ្នា។

ប្រការ​សំខាន់​គឺ​អ្នក​ពុំ​គួរ​ទុក​សាច់​ប្រាក់​ឲ្យ​នៅ​ទំនេរ​ទេ ត្រូវ​បោះ​ទុន​រកស៊ី​លើ​វិស័យ​អ្វី​ផ្សេង ដើម្បី​បង្កើត​ចំណូល​ផ្សំ​គ្នានេះ​បន្តិច​នោះ​បន្តិច។ នេះ​គេ​មិន​ហៅ​ថា «រកស៊ី​ហក់​លោត ឬ​ដូរ​មុខ​របរ» ទេ តែ​ជា «ការ​ពង្រីក​មុខ​របរ – fortification»។

4- កុំ​មើល​បំណាំ​គ្នា (កុំ​គិត​អំពី​គេ គិត​អំពី​ខ្លួនឯង)

ប្រសិនបើ​លោក​អ្នក​រវល់​តែ​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ រក​កំណើត​មាន​មិន​ឃើញ​ទេ ព្រោះ​ការ​ប្រៀប​ធៀប​គ្នា​បែប​នេះ​ បើ​រស់​នៅ​ក្នុង​បរិស្ថាន​មិន​ប្រកួតប្រជែង ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​ខំ​ប្រឹង ព្រោះ​រវល់​តែ​មើល​គេ ប្រសិន​បើ​គេ​មិន​សូវ​ប្រឹង ឯង​មិន​សូវ​ប្រឹង​ដែរ យូរ​ទៅលែង​ចង់​មាន​ចង់​បាន។ ដូចនេះគួរ​កុំ​ខ្វល់​រឿង​គេ​ គិតតែ​ពី​រឿង​ខ្លួន​ឯង​វិញល្អ​ជាង។

5- រកស៊ី​ត្រូវ​ចេះ​មើល​កាលៈទេសៈ

ចូរ​​អ្នក​កុំ​រកស៊ី​លើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ធំៗ​ពេក ​ព្រោះ​ជួនកាល​យើង​តាម​គេ​មិន​ទាន់​ទេ គេ​ចេញ​ស៊េរី​ថ្មីៗ ឯង​នៅ​លក់​ផលិត​ផល​ចាស់​មិន​ទាន់​អស់​ផង ដូច្នេះ​ទំនិញ​ទាំងនោះបាន​ត្រឹម​មួយ​ឆាវ​ប៉ុណ្ណោះ​ រួច​ហើយ​ឆាប់​សាប​ទៅ​វិញ។ លោក​ Warren Buffett រកស៊ី​ខាង​វិស័យ​អគ្គិសនី ​សំណង់​ស្ពាន​ថ្នល់ ធនាគារ ធានារ៉ាប់រង ភេសជ្ជៈ អាហារ ស្ករ​គ្រាប់។ ​អ្នក​គួរ​រកស៊ី​មុខ​របរ​ណា ផលិតផល​ណា ដែល​គេ​និយម​ប្រើប្រាស់​យូរអង្វែងមិន​ចេះ​សាប​រលាប។

6- កុំ​ឆាប់​ជឿ​គេ​អស់​ពី​ពោះ​ពេក

អ្នកខ្លះជឿ​ជាក់​លើ​គេ​ពេក ពោល​គឺ​ជឿ​អស់​ពី​ពោះ ឬ​ជឿ​ផ្កាប់​មុខ​តែ​ម្ដង ដោយ​សារ​សេចក្ដី​ឆោត​ល្ងង់ ឬដោយ​សារ​មនោសញ្ចេតនា​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​គេ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​នៅ​ក្នុង​មុខ​ជំនួញ។

ត្រូវ​ចាំ​ថា​នៅ​ក្នុង​លោក​នេះ​ ល្បិចកល​មនុស្ស​រាប់​រយ​ជំពូក មិន​អាច​ជឿ​ទុក​ចិត្ត​គេ​ទាំង​ស្រុង​ទេ មុន​នឹង​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​អ្វី​មួយ មុន​នឹង​ប្រគល់​ប្រាក់​ដើម្បី​វិនិយោគ​លើ​គម្រោង​អ្វី​មួយ ​អ្នកត្រូវ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ល្អិតល្អន់​បំផុត ពុំ​នោះ​ទេនឹង​ត្រូវ​ខាត​បង់​ប្រាក់​ទាំង​ដុំៗ​អសារឥតការ​ជា​មិន​ខាន។

និយាយ​នេះ​មិន​មែន​ជំរុញ​ឲ្យ​​អ្នក​គិតតែ​ពី​សង្ស័យ​អ្នក​ដទៃ​នោះ​ទេ តែ​លោក​អ្នក​ត្រូវ​ឆ្លាត​វៃ​បន្តិចដើម្បី​ទប់​ទល់​នឹង​មនុស្ស​ខូច​ដើរ​បោកប្រាស់​គេ។ នេះ​ជា​ឧទាហរណ៍​ដែល​កើត​មាន​ពិតៗ​នៅ​ក្នុង​សង្គម ដូច​នេះ​មុន​នឹង​រកស៊ី​ត្រូវ​តាមដាន​ស្រាវជ្រាវ​ឲ្យ​ល្អិតល្អន់។

7- ដាក់​ប្រាក់​ក្នុង​ធនាគារ​ដើម្បី​ចំណេញ​ការ​ប្រាក់់

ប្រសិន​បើ​​អ្នក​ត្រឹម​តែ​រក​លុយ​មក​ទុក មិន​ទាន់​ចាត់​ចូល​ក្នុង​ជំពូក «មនុស្ស​ពូកែ​សន្សំ​ប្រាក់» ទេ។ យក​ល្អ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ ដើម្បី​បាន​ការប្រាក់​ស៊ី ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គ្រាន់​បើ​ជាង​ទុក​ប្រាក់​នៅ​ក្នុង​ផ្ទះ នាំ​ប្រឈម​នឹង​ហានិភ័យ។

ប្រការ​សំខាន់ លោក​អ្នក​គួរ​ផ្អឹប​សាច់ប្រាក់​ខ្លួន​ឯង​នៅ​ក្នុង​ខ្ទង់​គណនី​ដែល​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​លោក​អ្នក​ដក​ប្រាក់​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ព្រោះ​បើ​មិនដូច្នេះ​ទេ លោក​អ្នក​ចេះ​តែ​ចង់​ចំណាយ​ប្រាក់ ទោះ​កាន់​ក្រដាសប្រាក់ កាន់​មូលប្បទានប័ត្រ កាន់​វីហ្សាកាត ឬ​អ្វី​ក៏​ដោយ ឲ្យ​តែ​អាច​ទូទាត់​ជា​ប្រាក់​បាន ដឹង​តែ​ពី​ចង់​ចំណាយ។ ដូច​នេះត្រូវ​ជ្រើសរើស​ប្រភេទ​គណនី​ដែល​បង្កក​ប្រាក់​ដើម​ទុក ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ចេះ​តែ​ចង់​ដកប្រាក់​ពី​ធនាគារ​មក​ចាយ​ផ្ដេសផ្ដាស។

8- មាន​លុយ​នៅ​មិន​សុខ ចង់តែ​ចំណាយ​លុយ

ពេល​អ្នក​មាន​ទ្រព្យ​ធន​សម្បូរ​ហូរហៀរ ពួកគេ​ចាប់​ផ្ដើម​ចាយ​លុយ​ដូច​ក្រដាស​ ពោល​គឺ​ចាយ​ខ្ជះខ្ជាយ​ខុស​ខ្ទង់លើ​របស់​ដែល​មិន​ចាំបាច់​។ លោក​អ្នក​ខ្លះ​ដែល​មាន​ប្រាក់​ក្នុង​ខ្លួន ដឹង​តែ​ពី​នៅ​មិន​សុខចង់​តែ​ចំណាយ ទិញ​នេះ​ទិញ​នោះ មិន​ចេះ​អស់​រឿង​ទិញ។ ប្រសិនបើ​ទិញ​របស់របរ​ដើម្បី​ត្រឹម​បង្អួត ឬ​សម្ញែង​អ្នក​ដទៃ​ប៉ុណ្ណឹង​ទេ គួរ​កុំ​ធ្វើ​បែប​នេះ​អី​ល្អ​ជាង ព្រោះ​គេ​បាន​ត្រឹម​សរសើរ​មួយ​ភ្លែត ឬ​មិន​ស្រួល​ដៀល​លោក​អ្នក​វិញ​ផង​ ថា​ចាយ​ខ្ជះខ្ជាយ៕

LEAVE A REPLY