ទៅ​មើល​​ទីតាំង​ទុក​សាកសព​យន្តហោះ​ចាស់ៗ​នៅ​​​​រដ្ឋ California ​​ម្តង​មើល៍​មាន​អ្វី​ប្លែក​ខ្លះ?​

បន្ទាប់​ពី​បាន​ដាក់​ឲ្យ​ហោះហើរ​អស់​រយៈ​ពេល​ជា​​ច្រើន​ទសវត្ស យន្តហោះ​​ចាស់ៗ​ដូច​ជា Boeing 747 និង​ យន្តហោះ McDonnell Douglas DC-10 បាន​​ឈាន​ដល់​វ័យ​ចំណាស់​របស់​វា​ដែល​មិន​អាច​ប្រើប្រាស់​បាន​តទៅ​ទៀត។​ ដូច្នេះ​គេ​បាន​រក​ទីតាំង​ដ៏​​ធំ​មួយ​សម្រាប់​ដាក់​យន្តហោះ​ចាស់ៗ​ទាំង​នេះ និងយន្តហោះពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​​​​ដែល​ឈប់​ដំណើរការ។

មួយ​ក្នុង​ចំណោម​ទីតាំង​​ផ្ទុក​​សាកសព​យន្តហោះ​ចាស់ៗ​ដទៃ​ទៀត បើ​ប្រិយមិត្ត​​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន Southern California Logistics Airport ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក លោក​អ្នក​នឹង​បាន​ឃើញទីតាំង​ដ៏​ធំ​មួយ​ដែល​យន្តហោះ​​ចាស់ៗ​ជាច្រើន​បាន​ត្រូវ​ដាក់​តម្រៀប​​​គ្នា​នៅ​ទីនេះ។

Southern California Logistics Airport

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ 130Km ​ភាគ​ឦសាន​ទីក្រុង Los Angeles ទីនេះ​​មាន​​អាកាសធាតុ​ក្ដៅ​ស្ងួត​ដែល​ជា​កន្លែង​ដ៏​ល្អ​មួយ​​មាន​លក្ខណៈ​​អំណោយ​ទាន​បំផុត​សម្រាប់​ដាក់​សាកសព​យន្តហោះ​ទាំង​នេះ​ក្នុង​រយៈ​ពេល​យូរ​ឆ្នាំ។

យន្តហោះ​ចាស់ៗ ឬយន្តហោះ​ដែល​​ឈប់​ដំណើរ​ការ​ត្រូវ​បាន​គេ​យក​មក​ដាក់​នៅ​ទី​នេះ ហើយ​រក្សា​ទុក​​មុន​នឹង​យក​ទៅ​ជួសជុល​ប្រើប្រាស់​ឡើង​វិញ​នៅ​ក្នុង​ក្រុមហ៊ុន​ដដែល ឬ លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត។​​ ក៏​ប៉ុន្តែ​យន្តហោះ​ដែល​ចាស់​ពេក ដែល​ចាត់​ទុក​ថា​មិន​​អាច​ដាក់​ឲ្យ​ហោះហើរ​ឡើង​វិញ ត្រូវ​គេ​ដោះ​យក​គ្រឿង​ក្នុង​សំខាន់ៗ​ដូច​ជា​ម៉ាស៊ីន ប្រព័ន្ធ​បញ្ជា​​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ ឬក៏​ត្រូវ​កាត់​លក់​ជា​ចំណែកៗ​តែម្តង៕