ទីក្រុង​ឡុដង៍ (London) ​​​ជា​ទីក្រុង​​ដែលមាន​មហាសេដ្ឋី​រស់​នៅ​ច្រើន​ជាង​គេ​លើ​លោក!

យោង​តាម​​​ទិន្នន័យ​ដែលបាន​​ចេញ​ផ្សាយ​កន្លង​ទៅ​​បានឲ្យដឹង​ថា​​ ទីក្រុង​ឡុដង៍​ (London) របស់​ប្រទេស​អង់គ្លេស​​​​ មាន​មហាសេដ្ឋី​​ច្រើន​ជាង​ទីក្រុង​ណា​ៗ​ទាំង​អស់​ក្នុង​លោក​ ​ហើយ​ប្រទេស​អង់គ្លេស​​មាន​​ចំនួន​​មហាសេដ្ឋី​ច្រើន​ជាង​គេ​បើ​ធៀប​ទៅ​នឹង​​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ។ ទិន្នន័យ​នេះ​គឺ​ដក​ស្រង់ចេញពី​ចំនួន​អ្នក​មាន​ជាង​​គេ​នៅ​ចក្រភព​អង់គ្លេស​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Britain’s Super-rich​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​​​សម្រាប់​ចុះ​ផ្សាយ​នៅ​​លើ​កាសែត​ The Sunday Times។

លទ្ធផល​នេះ​​​​កំពុង​​​មាន​ការ​ជជែក​គ្នា​​​ ខណៈ​​មាន​ការ​រិះគន់​ថា​​​មាន​ប្រជាជន​អង់គ្លេស​មួយ​ចំនួន​​​​កំពុង​ជួប​​បញ្ហា​ ​​ព្រោះ​តែ​​តម្លៃ​​អាហារ​​​កើន​ឡើង​​ខ្លាំង។ ផ្អែក​តាម​ការ​វិភាគ​របស់​ស្ថាប័ន​​ឯករាជ្យ​ធំ​ៗ ​​សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស​កំពុង​​ទទួល​បាន​កំណើន​​​​ ​​​​ពោល​គឺ​ប្រសើរ​​​ជាង​ឆ្នាំ​មុនៗចាប់​តាំង​ពី​មាន​វិបត្តិ​​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ មក។ ​​

​រាជធានី​របស់​​ប្រទេស​អង់គ្លេស​មួយ​នេះ​មាន​មហាសេដ្ឋី​ធំ​​​ៗ​ចំនួន​ ៧២​ ​​​នៅ​ពី​ក្រោយ​ដោយ​ទីក្រុង​ម៊ូស្គូ​​​ដែល​មាន​មហាសេដ្ឋី​​​ ៤៨​នាក់​ ដែល​មាន​ទ្រព្យ​សម្បត្តិ​​ចំនួន​ ១​ពាន់​លាន​ផោន​ ឬ​ច្រើន​ជាង​នេះ។ ​​​ទីក្រុង​ New York របស់​អាមេរិក​វិញ​​ គឺ​មាន​​មហាសេដ្ឋី​ប្រមាណ​ ៤៣​នាក់​ ​ទីក្រុង​ San Francisco ស្ថិត​នៅ​លេខ​បួន​ មាន​​ ៤២​នាក់​ ទីក្រុង​ Los Angeles មាន​ ៣៨​នាក់​ និង​ទីក្រុង​ហុងកុង​​ឈរ​នៅ​លេខ​​ ៦​ មាន​ចំនួន​ ៣៤​នាក់។

​អ្វី​ដែល​ចម្លែក​នោះ​គឺ​ មហាសេដ្ឋី​បងប្អូន​​បង្កើត​​ លោក​ Sri ​និង​ Gopi Hinduja ​​​ដើម​កំណើត​ជនជាតិ​ឥណ្ឌា​​ស្ថិត​នៅ​កំពូល​តារាង​​​​​នៃ​ចក្រភព​អង់គ្លេស​ជា​មួយ​ទ្រព្យសម្បត្តិ​ប្រមាណ​ ២០,១​ពាន់​លាន​ដុល្លារ​អាមេរិក។ ​​អាជីវកម្ម​របស់​កំពូល​មហាសេដ្ឋី​​ខាង​លើ​មាន​ប្រេងកាត​ ធនាគារ​ ​​យានយន្ត​ ​អចលនទ្រព្យ​ ​និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។