ទីក្រុង​ទាំង១០នេះ ស្ថិត​ក្នុង​បញ្ជី​ជាទីក្រុង​មិនចេះ​រាក់​ទាក់​សោះ​ក្នុង​លោក!

ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ទីក្រុង​ចំនួន​១០ ដែល​តាម​លទ្ធផល​ស្ទង់​មតិ​របស់ Conde Nast Travelers ថាមិន​រាក់ទាក់​ក្នុង​លោក​ (Unfriendliest Cities in the World)។

១- ចូហាន់ណេស្បឺក (Johannesburg) – អាហ្វ្រិក​ខាង​ត្បូង

ទីក្រុង​នេះថ្វីត្បិត​មាន​រូប​សម្ផស្ស​ស្រស់​ឆើតឆាយ ក៏​ល្បី​ខាង​សម្បូរ​ចោរឆក់​ ចោរ​ប្លន់ និង​មនុស្ស​កាប់​ចាក់​គ្នា។ វា​ជាប់​ឈ្មោះ​ជា «​ទីក្រុង​​គ្មាន​ការ​រាក់ទាក់​ចំពោះ​ភ្ញៀវ​ទេសចរ​សោះ​នៅ​ក្នុង​ពិភពលោក »។ អ្នក​ចូល​រួម​ឆ្លើយ​ក្នុង​ការ​ស្ទង់​មតិ​នោះ បាន​ឆ្លើយ​ថា​ទីក្រុង​ចូហាន់ណេស្បឺក (Johannesburg) មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ ល្បី​ខាង​អសន្តិសុខ ប្រសិន​បើ​ភ្ញៀវ​ទេសចរដើរ​ដាច់​សង្វែង​តែ​ម្នាក់ឯង​ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​​តែម្ដង។

២-ទីក្រុង​កាន (Cannes) ប្រទេស​បារាំង

ទីក្រុង​នេះ​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា «ទីក្រុង​គ្មាន​អ្នក​ណា​នឹកនា​រក – Forgettable city» ប្រៀប​បាន​នឹង​ទីក្រុង​ឡាស់វេហ្កាស់ (Las Vegas) របស់​អាមេរិក​ដូច្នោះ​ដែរ។ ទីក្រុង​នេះ​មាន​ទីតាំង​មិន​សូវ​គួរ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចាប់​ចិត្ត​ប៉ុន្មាន​ទេ។

៣-ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី

អ្នក​នៅ​ទីក្រុង​ម៉ូស្គូ​និយាយ​តែ​ភាសា​រុស្ស៊ី មិន​សូវ​និយាយ​ភាសា​បរទេស​ទេ រីឯ​អ្នក​នៅ​ទីក្រុង​នេះ​ក៏​មិន​សូវ​រាកទាក់​រួសរាយជាមួយ​ភ្ញៀវបរទេស ឬ​សាសន៍​បរទេស​ដែល​ទៅ​កម្សាន្ត​សោះ ធ្វើ​ហាក់​ដូច​ជា​សោះកក្រោះ ធ្មឹងៗ។

៤-ទីក្រុង​ប៉ារីស ប្រទេស​បារាំង

អ្នក​ចូលរួម​ឆ្លើយ​ក្នុង​សំណួរ​នៃ​ការ​ស្ទង់​មតិ​និយាយ​ថា «​អ្នក​ស្រុក​នេះម្នាក់​ណា​ក៏​ចេញ​មកចរិត​កោងឈ្លើយ​ ធ្វើ​ដូច​មានតែ​ឯង​ ហើយ​មិន​យក​ចិត្តទុក​ដាក់​ចំពោះ​ទុក្ខ​ធុរៈ​ភ្ញៀវ​សោះ ចង់​សួរ​អ្វីក៏​​មិន​ឆ្លើយ ​ធ្វើ​ហាក់​ដូច​ជា​​ព្រងើយៗ»។

៥-ទីក្រុង​ម៉ាកសី (Marseille) ប្រទេស​បារាំង

នៅ​ទីក្រុង​ម៉ាកសីសម្បូរ​ចោរ​លួច ចោរ​ឆក់​ហោប៉ៅ វះ​កាបូប​យក​លុយ​និង​របស់​មាន​តម្លៃ។ បច្ចុប្បន្ន​ទីក្រុង​នេះ​ជាប់​ឈ្មោះជា «តំបន់​គ្រោះ​ថ្នាក់​សម្រាប់​ភ្ញៀវ​ទេសចរ»។

៦-ទីក្រុង​ប៉េកាំង ប្រទេស​ចិន

ទីក្រុង​នេះ​ល្បី​ខាង​បរិស្ថាន​កខ្វក់ ពោល​គឺមិន​មែន​ក្រខ្វក់​ធម្ម​តា​ទេ គឺ​មហា​ក្រខ្វក់​តែម្ដង (terrible pollution) ក្រខ្វក់​សុទ្ធ​តែ​ផ្សែង​ចេញ​ពី​រោងចក្រ ផ្សែង​ចេញ​ពី​ម៉ាស៊ីន​រថយន្ត​ និង​យាន​យន្ត​គ្រប់​ប្រភេទ​ រហូត​ដល់​មនុស្ស​ពាក់​ម៉ាស់​ឃ្លុំ​មាត់​និង​ច្រមុះ​រហូត រីឯ​ដងផ្លូវ​ខ្វះ​អនាម័យ។

៧-ទីក្រុង​ហ្វ្រាងហ្វឺត (Frankfurt) ប្រទេស​អាល្លឺម៉ង់

អ្នក​នៅ​ទីក្រុង​នេះ​មាន​ចរិត​ធ្មឹងៗ មិន​សូវ​មាត់​ក​ សួរនាំ​ភ្ញៀវ​ទេសចរទេ ថែមទាំង​ឆ្មើងកន្ទ្រើង វាយ​ឫក ក្រអឺតក្រអោង ធ្វើ​ដូច​មានតែ​ឯងគ្មាន​អ្នក​ណា​ដល់ ពោល​គឺ​ឈ្លើយ​យក​តែ​មែន​ទែន (very rude)។

៨-ទីក្រុង​មីឡាន (Milan) ប្រទេស​អ៊ីតាលី

ជន​ជាតិ​អ៊ីតាលីជាទំនៀមទម្លាប់ គឺ​ល្បីថា​រួសរាយ​រាក់ទាក់រកភ្ញៀវទេសចរណាស់ ប្រៀប​បាន​នឹង​មិត្ត​ភក្ដិ​បងប្អូន​សាច់​ឈាម​តែ​មួយ។ ចំពោះ​ទីក្រុង​មីឡាន ខុសពីអ្វី​ដែល​គេ​និយាយ។

៩-ទីក្រុង​ម៉ុង​តេកាឡូ (Monte Carlo) ប្រទេស​ម៉ូណាកូ

ទីក្រុង​នេះ សម្បូរ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​មនុស្ស​ច្រើន​ពេក​ណែនណាន់តាន់តាប់។ នេះ​ជា​វិធី​ទាក់​ទាញ​ភ្ញៀវទេសចរ​មួយ​បែប ប៉ុន្តែ​ភ្ញៀវខ្លះ​ដែល​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់​ ពិបាក​រក​កន្លែង​លម្ហែរ។

១០-ទីក្រុង​ណាសូ (Nassau) ប្រទេស​បាហាម៉ា

អ្នក​ឆ្លើយ​នឹង​សំណួរ​ស្ទង់​មតិ​បាន​ប្រាប់​ថា​ទីក្រុង​នេះ​មាន​តែ​កន្លែង​តូច​មួយ​ក្រវិច បើ​ភ្ញៀវ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​តំបន់​សុវត្ថិភាព​សម្រាប់​ភ្ញៀវ ប្រាកដ​ជា​គ្មាន​សុវត្ថិភាព​ទេ រីឯ​សណ្ឋាគារ​ឌីហ្សាញ​ចេញ​មក កម្រោល​បួន​ជ្រុង៕