មានរឿងជាច្រើនដែលមនុស្សកំពុងធ្វើទាំងរឿងល្អ និងរឿងមិនល្អ។ ធ្វើរឿងល្អ វានឹងផ្តល់ផលល្អនៅថ្ងៃណាមួយ តែបើធ្វើរឿងមិនល្អ វានឹងផ្តល់ផលមិនល្អផងដែរនៅពេលខាងមុខ។ ពេលមានបញ្ហាម្តងៗ មនុស្សភាគច្រើនតែងបន្ទោសនេះបន្ទោសនោះ តែពួកគេភ្លេចគិតថាបញ្ហាដែលកំពុងជួបប្រទះនេះ វាបណ្តាលមកពីសកម្មភាពដែលគេបានធ្វើកន្លងមក។ ដូច្នេះដើម្បីបញ្ចៀសបញ្ហាស្មុគស្មាញកុំឲ្យកើតមាននៅពេលខាងមុខ អ្នកគួរតែឈប់ធ្វើរឿងមួយចំនួនខាងក្រោម៖
១) ការពន្យារពេល (Procrastinating)
រឿងខ្លះមើលទៅហាក់ដូចជាមិនមែនធំដុំអ្វីទេ តែមនុស្សភាគច្រើនមិនចូលចិត្តធ្វើឲ្យរួចរាល់នោះទេ តែបែរជាទុកវាដើម្បីធ្វើនៅពេលក្រោយ។ ទម្លាប់បែបនេះនឹងធ្វើឲ្យអ្នកជួបបញ្ហាកាន់តែស្មុគស្មាញ ព្រោះនៅពេលដែលពន្យារពេល អ្នកនឹងខាតបង់ពេលវេលាក្នុងការធ្វើកិច្ចការផ្សេងៗទៀត។ ដូច្នេះគួរតែចាប់ផ្តើមធ្វើអ្វីឲ្យអស់ពីលទ្ធភាពមុនពេលសម្រេចចិត្តថាត្រូវពន្យារពេល។
២) ការត្អូញត្អែរ (Whining)
វាមិនមែនជារឿងចម្លែកទេ ពេលដែលអ្នកជួបបញ្ហាលំបាកៗទាំងការសិក្សា និងការងារផ្សេងៗ ហើយក្នុងស្ថានភាពនេះ បើទោះបីជាអ្នកព្យាយាមត្អូញត្អែរប៉ុណ្ណាក៏ដោយ ក៏មិនអាចកែប្រែស្ថានភាពអ្វីឡើយ។ ចំណុចដែលសំខាន់នោះគឺត្រូវព្យាយាមធ្វើកិច្ចការទាំងនោះ ប្រកបដោយការយកចិត្តទុកដាក់ និងធ្វើឲ្យអស់ពីសមត្ថភាព ហើយត្រូវព្យាយាមបញ្ឈប់ទម្លាប់ត្អូញត្អែរអត់ប្រយោជន៍ទាំងនោះចោលទៅ។ ការត្អូញត្អែរមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែវាក៏ធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តកាន់តែខ្លាំង និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនផងដែរ។
៣) ដាក់សម្ពាធលើខ្លួនឯងពេក (Putting heavy pressure on yourself)
ការតាំងចិត្តក្នុងការធ្វើអ្វីមួយឲ្យបានសម្រេចគឺជារឿងដ៏ល្អ ប៉ុន្តែអ្នកខ្លះបានព្យាយាមដាក់សម្ពាធលើខ្លួនឯងហួសហេតុពេក ព្រោះអ្នកមិនមែនជាគ្រឿងម៉ាស៊ីនឯណា។ ការដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក មិនត្រឹមតែមិនអាចសម្រេចបំណងដែលអ្នកចង់បាននោះទេ តែវាអាចបង្កើតបញ្ហាថ្មីជាច្រើនទៀតទាំងបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះត្រូវតែអត់ឱនឲ្យខ្លួនឯង តែគ្រាន់តែព្យាយាមធ្វើអ្វីៗឲ្យអស់ពីលទ្ធភាព ហើយញញឹមជាមួយនឹងលទ្ធផលដែលទទួលបានគឺជាការស្រេច។
៤) មើលងាយអ្នកដទៃ (Insulting others)
បើទោះបីជាអ្នកជាមនុស្សអស្ចារ្យប៉ុណ្ណាក៏ដោយ អ្នកមិនគួរមើលងាយអ្នកដទៃនោះទេ ព្រោះទង្វើបែបនេះ មិនមានផលអ្វីនោះទេក្រៅតែពីបង្កបញ្ហា។ តម្លៃរបស់មនុស្ស មិនស្ថិតនៅលើទ្រព្យសម្បត្តិនោះទេ។
៥) គិតថាខ្លួនឯងជាមនុស្សអស្ចារ្យ (Considering yourself as the great one)
សូមកុំគិតថាខ្លួនឯងជាមនុស្សអស្ចារ្យជាងអ្នកដទៃខ្លាំងពេក ព្រោះបើគិតបែបនេះ អ្នកពិតជាមិនអាចអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរជាងមុនទៀតឡើយ។ មនុស្សត្រូវការការរៀនសូត្រ និងស្វែងយល់ពីរឿងរ៉ាវជាច្រើន ដែលមិនអាចកំណត់បានឡើយ។ ដូច្នេះគួរតែចេះដាក់ខ្លួន ដើម្បីទទួលបានការរីកចម្រើននៅពេលអនាគត៕