ទម្លាប់អាក្រក់5យ៉ាង ដែលបណ្ដាលអោយអ្នកឈឺរោយឆ្អឹងខ្នងរាំរៃ

ឥរិយាបថប្រចាំថ្ងៃរបស់អ្នក អាចធ្វើឲ្យប៉ះពាល់ឆ្អឹងខ្នងរបស់អ្នក។ បញ្ហាដែលនាំឲ្យឈឺខ្នង ជាទូទៅមាន៣មូលហេតុធំៗគឺ ទី១៖ មកពីអាយុយើងកាន់តែចាស់ជរា ទី២៖ មកពីជំហរ ឥរិយាបថរបស់យើងមិនត្រឹមត្រូវ និងទី៣៖ ដោយសារការរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ។ អ្នកគួរតែជៀសវាងទម្លាប់អាក្រក់មួយចំនួន ដើម្បីកុំឲ្យមានការឈឺចាប់ ខូចខាតឆ្អឹងខ្នងពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។

1- ការគេងលើពូកចាស់ដែលបានបាត់បង់ភាពទន់ មិនអាចទ្រទ្រង់ឆ្អឹងខ្នងរបស់អ្នកឡើយ។ ពូកល្អមួយមានអាយុកាលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ ដូចនេះត្រូវផ្លាស់ប្តូរពូកចាស់ចេញជាបន្ទាន់។ និងមិនត្រូវកើយខ្នើយដែលទន់ ឬរឹងពេក ព្រោះវាធ្វើអោយប៉ះពាល់ដល់ឆ្អឹងក និងខ្នងផងដែរ។

2- ការអង្គុយធ្វើការជាប់យូរពេញមួយថ្ងៃ ជារឿងមិនល្អសម្រាប់ឆ្អឹងខ្នង និងចង្កេះឡើយ។ ឥរិយាបថនៃការអង្កុយមិនត្រឹមត្រូវបែបនេះ (អង្គុយកោងខ្នង) នឹងធ្វើអោយសាច់ដុំខ្នងខ្សោយ ចាប់ផ្តើមកោងខុសទ្រង់ទ្រាយ ព្រោះយើងមិនបានធ្វើសកម្មភាពអ្វីផ្សេងទាល់តែសោះ។ អ្នកត្រូវអង្គុយដាក់ខ្នងឲ្យត្រង់ល្អ និងផ្អែកទៅខាងក្រោយបន្ដិច ជាមួយក្បាលមានលំនឹងត្រង់។

3- ប្រសិនបើអ្នកមានភាពតានតឹងក្នុងចិត្ត (Stress) នោះអ្នកនឹងប្រឈមមុខនឹងភាពឈឺចុករោយផ្នែកក និងខ្នង។ វិធីងាយៗក្នុងការព្យាបាលនោះ គឺធ្វើលំហាត់ប្រាណ ការតាំងសមាធិ និងងូតទឹកជាមួយទឹកក្ដៅឧណ្ណៗជាដើម។ ត្រូវចាប់យកទម្លាប់ក្នុងការហាត់ប្រាណ ដែលធ្វើឲ្យរាងកាយទាំងមូល ធ្វើចលនាផ្សេងៗ និងជួយពង្រឹងឲ្យឆ្អឹងរឹងមាំថែមទៀតផង។ 

4- ការយួរកាបូបធ្ងន់ពេក ប្រើតែស្មាម្ខាង នឹងធ្វើឲ្យខូចទ្រង់ទ្រាយរបស់ឆ្អឹងខ្នង ព្រោះខ្លួនប្រាណមិនអាចទ្រលើសទម្ងន់បានឡើយ។ ដោយឡែក ការពាក់ស្បែកជើងកែងខ្ពស់ពេក ក៏អាចបណ្ដាលឲ្យអ្នកឈឺឆ្លឹងខ្នង មានភាពស្រពន់ និងរោយបានយ៉ាងងាយ។

5- ការទទួលទានអាហារដែលមានជាតិសាច់ និងខ្លាញ់ច្រើនពេក នឹងបណ្ដាលឲ្យឡើងទម្ងន់ ធ្វើឲ្យខ្នងយើងឈឺ ស្រពន់ ដោយសារតែខ្នងបង្កើនលំនឹងឲ្យស្របទៅនឹងទម្ងន់ខ្លួនរបស់យើង។