តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី ISO?

ISO មាន​ន័យ​ជា​ភាសាខ្មែរ​ថា «អង្គការ​បទដ្ឋាន​អន្តរជាតិ» (International Organization for Standardization) គឺ​ជា​ស្ថាប័ន​អន្តរជាតិ​ឯករាជ្យ​មួយ​ ពោល​គឺ​មិន​ស្ថិត​ចំណុះ​របស់​រដ្ឋាភិបាល​ប្រទេស​ណា​មួយ​ឡើយ ដែល​បង្កើត​ឡើង​ដើម្បីលើក​កំពស់​ស្តង់ដារ​ផលិតផល និងសេវាកម្ម​របស់​ក្រុម​ហ៊ុន​លើ​ពិភពលោក​នេះ ក្នុង​ការធានា​នូវ​គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ 

បង្កើត​ឡើង​នៅ​ឆ្នាំ​ណា? មាន​សមាជិក​ប៉ុន្មាន?

នៅ​ឆ្នាំ ១៩៤៦ គណៈប្រតិភូ​មកពី​ ២៥ប្រទេស បាន​ជួបគ្នា​នៅ​ក្នុង​វិទ្យាស្ថាន​វិស្វករ​ស៊ីវិល (The Institute of Civil Engineers) ក្នុង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស ក្នុង​គោលបំណង​ក្នុង​ការ​បង្កើត​អង្គការ​អន្តរជាតិ​មួយ ដើម្បី​កំណត់​បទដ្ឋាន​ផលិតផល និងសេវាកម្ម​ជា​លក្ខណៈ​អន្តរជាតិ។

ក្រោយមក​​​អង្គការ​បទដ្ឋាន​អន្តរជាតិ (ISO) ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៤៧ មាន​​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស​។ បច្ចុប្បន្ន​នេះ ISO មាន​ប្រទេស​ប្រមាណ ១៦៥ ជា​សមាជិក។

អ្វី​ជា​បទដ្ឋាន​?

បើ​តាម​អង្គការ​បទដ្ឋាន​អន្តរជាតិ (ISO) ពាក្យ​ថា «បទដ្ឋាន​» សំដៅ​លើ​ឯកសារ ​ដែលបញ្ជាក់​អំពីតម្រូវការ ព័ត៌មាន​លម្អិត ការណែនាំ ឬលក្ខណៈ​ណា​មួយ​ ដែល​ធានា​ថា រាល់​សម្ភារៈ ផលិតផល ដំណើរការ និង សេវាកម្ម​ទាំង​អស់ គឺ​ត្រូវ​ជា​មួយ​នឹង​គោល​ដៅ​ដែល​ចង់​បាន​។

បច្ចុប្បន្ន​នេះ ISO​ បាន​បង្កើត​បទដ្ឋាន​អន្តរជាតិ​សរុប 19500 ប្រភេទ ​ដែល​គ្របដណ្ដប់​រាល់​ឧស្សាហកម្ម​គ្រប់​ប្រភេទ​មាន​ដូចជា ផ្នែក​បច្ចេកវិទ្យា សុវត្ថិភាព​ចំណីអាហារ កសិកម្ម និងផ្នែក​សុខាភិបាល​ជាដើម។

អ្វី​ជា​គុណសម្បត្តិ​របស់​អង្គការ​បទដ្ឋាន​អន្តរជាតិ (ISO)?

ISO ​ធានា​រាល់​ផលិតផល និងសេវាកម្ម គឺ​មាន​សុវត្ថិភាព ដែល​អាច​ជឿ​ទុក​ចិត្ត ​និងមាន​គុណភាព​ល្អ។ ក្នុង​នោះ ស្ថាប័ន​មួយ​នេះ​ ក៏​ជួយ​ផ្តល់​យុទ្ធសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ ដោយជៀសវាង​នូវ​ភាពខ្ជះខ្ជាយ និងកំហុស​មួយ​ចំនួន ដើម្បី​បង្កើន​នូវ​ផលិតភាព។ ម្យ៉ាង​វិញ​ទៀត ស្ថាប័ន​មួយ​នេះ​ក៏​ជួយ​ក្រុមហ៊ុន​ទាំង​អស់​អាច​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ស្ដីពី​ទីផ្សារ​ថ្មីៗ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​​។ 

តើ​ស្ថាប័ន​នេះបាន​លុយ​មកពីណា?

ប្រទេស​ជា​សមាជិក​ទាំងអស់ គឺមាន​តួនាទី​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ ដើម្បី​អាច​ឲ្យ​ស្ថាប័ន​​មួយ​នេះ អាច​ដំណើរ​ការ​ទៅ​បាន។ ជាទូទៅ ការ​ផ្តល់​ហិរញ្ញវត្ថុ​នេះ គឺ​ផ្នែក​ទៅ​លើ​ផលិតផល​ជាតិ​សរុប​របស់​សមាជិកនីមួយៗ។ ហើយ​ចំណូល​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​របស់ISO គឺបាន​មក​ពី​ការ​លក់​បទដ្ឋាន ដែល​ស្មើ​នឹង ៣៦ % នៃ​ថវិកា​សរុប៕