តើ​លោក Steve Jobs បញ្ចុះ​បញ្ចូល​លោក Tim Cook ឲ្យ​មកធ្វើ​ការ​នៅ​ក្រុម​ហ៊ុន Apple បានដូច​ម្ដេច?

នាយក​ប្រតិ​បត្តិ​​ក្រុម​ហ៊ុន​ Apple គឺ​លោក Tim Cook បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​នេះ​នៅ​​ឆ្នាំ​១៩៩៨ ក្រោម​ការ​បញ្ចុះ​បញ្ចូល​ពី​លោក Steve Jobs។ មុន​ពេល​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន Apple លោក Cook បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ Compaq ​​ដែល​​លោក​បាន​បំពេញ​​ការ​ងារ​បាន​​ល្អ​ប្រសើរ​។

​ដំបូង​​ឡើយ​លោក Cook មិន​បាន​ចង់​ទៅ​ធ្វើ​​ការ​នៅ​​ក្រុម​ហ៊ុន Apple នោះ​ទេ​ ប៉ុន្តែ​ដោយសារ​ក្រុម​ហ៊ុន​នេះ​ចេះ​តែ​ទាក់​ទង​លោកឲ្យ​​ទៅ​ជួប​សម្ភាស​ខ្លាំង​ពេក ដែល​នៅ​ទី​បំផុត​​​លោក​ Cook បាន​ដាច់​ចិត្ត​ទៅ​ជួប​សម្ភាស​ជា​មួយ​ក្រុ​ម​ហ៊ុន​នេះក្នុង​​លក្ខណៈ​​ជា​កិច្ច​ប្រជុំប៉ុណ្ណោះ​​។

លោក Cook ​បាន​ប្រាប់​ពីកិច្ច​ប្រជុំ​​ទល់​មុខ​គ្នា​ជា​មួយ​លោក Jobs ​ថា នៅ​ក្នុង​ជំនួប​នោះ ​លោក Cook បាន​ដឹង​ពី​បំណង​របស់​ក្រុម​ហ៊ុន​ Apple ក្នុង​ការ​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​​​​។ លោក Jobs បាន​ប្រាប់​​ពី​យុទ្ធ​សាស្ត្រ និង​ចក្ខុ​វិស័យ​របស់​ក្រុម​​ហ៊ុន​ផលិត​កុំ​ព្យូទ័រ​ Apple ​យ៉ាង​ច្បាស់​លាស់​ និង​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​​ដើម្បីជា​ការ​​បញ្ចុះ​បញ្ចូល​លោក Cook។

​​នៅ​ពេល​ឮ​ពី​ការ​លើក​ឡើង​ច្បាស់ៗ​របស់​លោក Jobs ដូច្នោះ​ លោក Cook ក៏​បានយក​​គិត​ក្នុង​ចិត្ត​ថា លោក​ និង​លោក Jobs នឹង​ធ្វើ​ការ​ល្អ​រួម​គ្នា​បាន​ល្អជា​មិន​ខាន ​ដូច្នេះ​ហើយ​លោក​ Cook ក៏​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន Apple។

នៅ​ពេល​ដែល​​លោក​ Jobs ជួប​ជា​មួយ​លោក Cook ដើម្បី​អូស​ទាញ​លោក​ឲ្យ​ទៅ​ធ្វើ​ការ​នោះ ​ក្រុម​ហ៊ុន​Apple គឺ​ជិត​នឹង​ដួលក្ស័យ​ធន​ទៅ​ហើយ​បន្ទាប់​​ពី​ផលិត​ផល​ iMac ជា​លើក​ដំបូង​របស់​លោក Jobs មិន​ទាន់​មាន​ទីផ្សារ​នៅ​ឡើយ​។ យ៉ាងណា​ក្តីភាព​ជោគជ័យ​ដ៏​ធំ​សម្បើម​របស់ Apple នៅ​ពេល​នេះអាច​យល់​បាន​ថា អ្នកណា​ខ្លះ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ក្រុមហ៊ុន​នេះ?