តើ​ជីវិត​របស់ “​អ្នក​មាន” និង “អ្នកក្រ” ​ខុសគ្នា​ត្រង់​ណា?

មនុស្ស​ទាំងអស់គ្នា​​សុទ្ធតែ​ចង់​ក្លាយ​ជា​អ្នក​មាន​​ដូចគ្នា តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថាតើ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​​មាន​ពិតប្រាកដ? តើ​ជីវិត​របស់​អ្នក​មាន និងអ្នកក្រ​ខុសគ្នា​ត្រង់​ណា? សំណួរ​នេះ​អ្នកនឹង​បាន​ស្វែង​យល់​ទាំង​ ៥ចំណុច​​ដូច​ខាងក្រោម​នេះ​បាន៖

១) អ្នកមាន​មើល​ទៅ​ហាក់​មាន​សេចក្តី​សុខ​ផ្លូវកាយ​​ តែ​​ក៏​ខ្វះ​​សេចក្ដីសុខ​​ផ្លូវចិត្ត​ដែរ​

​​មនុស្ស​ជា​​ទូទៅ​ចង់​ក្លាយ​ជា​អ្នក​មាន​​​ ព្រោះ​ថា​ជីវិត​ជា​អ្នក​មាន​​អាច​ធ្វើ​ឲ្យ​​ខ្លួន​​មាន​សេចក្តី​សុខ​ ហើយ​​​ចង់​មាន​សេចក្តី​សុខ​​​ផ្លូវកាយ​ និងផ្លូវ​ចិត្ត​​​ក្នុង​ពេល​ទន្ទឹម​គ្នា​តែម្តង។ យ៉ាងណាមិញ ចង់​សម្រេច​ក្តី​បំណង​មួយ​នេះ ​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​​ឡើយ​ ពោល​គឺ​​ត្រូវ​​ទាមទារ​ឲ្យ​មាន​គំនិត​លើក​ទឹកចិត្ត​មួយ​យ៉ាង​ធំ​សម្បើម​ប្រកប​ដោយ​សុទិដ្ឋិនិយម។

​ក្នុង​ស្ថានភាព​ជាក់ស្តែង​​ ​​អ្នក​មាន​ភាគ​ច្រើន​បាន​រៀនសូត្រ​​បំផុស​ឲ្យ​មាន​ភាព​កក់ក្តៅ​មួយ​​នៅ​ក្នុង​ខ្លួន ​​នៅ​ពេល​ដែល​មាន​ស្ថានភាព​មិន​ច្បាស់លាស់​មួយ​កើត​មាន​ឡើង ព្រោះ​ចំណុច​​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​យល់​​ឃើញ​ថា ​វា​មាន​តម្លៃ​សម្រាប់​ក្លាយ​ទៅ​ជា​​អ្នក​មាន​ប្រាក់​សម្បូរ​​ហូរហៀរ។ ម្យ៉ាង​វិញ​ទៀត​ ​អ្នក​មាន​តែង​បង្ហាញ​​ភាព​អំណត់​អត់ធន់​​​មួយ​​ជា​បណ្ដោះអាសន្ន​ ដើម្បី​ច្បាម​យក​​ទ្រព្យសម្បត្តិ​​ដ៏​ច្រើន​មហាសាល​នៅ​ក្នុង​រយៈ​ពេល​វែង។ ​​​​

ទោះបី​ជា​យ៉ាងណា​ក៏ដោយ នេះ​ជា​ឧបសគ្គ​មួយ​​យ៉ាង​ស្មុគស្មាញ និងគួរឲ្យ​ធុញទ្រាន់​​របស់​អ្នក​មាន​ដែល​ត្រូវ​ចំណាយ​ថាមពល​ ឬកម្លាំង​ចិត្ត​ខ្ពស់​​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ​ដាច់​ស្រឡះ​ពី​អ្នក​ក្រ។ ប៉ុន្តែ​អ្វី​ដែល​គេ​ត្រូវ​ទទួលស្គាល់​ និងមិន​អាច​ប្រកែក​បាន​នោះ​គឺ​ ​បុគ្គល​ទាំង​នេះ​​គឺ​ជា​អ្នក​គ្រប់គ្រង​​ជោគវាសនា​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​​របស់​ពួកគេ​​​ដែល​អ្នកក្រ​កម្រ​ធ្វើ​បាន។ ​​​

២) អ្នក​មាន​គិត​ពី​អនាគត​​​វែង​ឆ្ងាយ​​​ជាង​អ្នកក្រ

អ្នកមាន​គឺ​ជា​ជំពូក​មនុស្ស​ដែល​ចូលចិត្ត​មើល​ឃើញ​ពី​អនាគត​វែង​ឆ្ងាយ និងមាន​សុទិដ្ឋិនិយម​ខ្ពស់​​ពី​អ្វី​ដែល​នឹង​​កើត​​មាន​នៅ​ពេល​ខាងមុខ។ ផ្ទុយ​ពី​អ្នកក្រ អ្នក​​​មាន​ឲ្យ​តម្លៃ និងរៀនសូត្រ​ពី​អតីតកាល​​​សម្រាប់​បង្កើត​ក្តី​ស្រមៃ​ដ៏​ខ្ពស់​មួយ​នៅ​​​ពេល​អនាគត។

សេដ្ឋី​ជា​ច្រើន​​រូប​ដែល​បាន​​បង្កើត​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង​ ក៏​ព្រោះ​តែ​ពួកគេ​​មាន​ភាព​ម្ចាស់ការ​លើ​​​ខ្លួន​​ឯង ការ​បង្កើត​គម្រោង​ជា​ច្រើន​​ដែល​ត្រូវ​ធ្វើ និងកំណត់​គោលដៅ​ដែល​ត្រូវ​ទៅ​​​ក្នុង​ពេល​អនាគត​មួយ​ដែល​គ្មាន​អ្នកណា​​អាច​​មើល​ឃើញ​បាន។ គោលដៅ​​ភាគច្រើន​របស់​អ្នក​មាន​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ច្បាស់លាស់ និងបែងចែក​យ៉ាង​ត្រឹមត្រូវ​​ តែ​​ចំណាយ​ពេល​យូរ​បន្តិច​ដើម្បី​សម្រេច​គោលដៅ​នោះ។ យ៉ាងណាមិញ អ្នក​មាន​បាន​ប្រើ​ខ្សែជីវិត​​មួយ​ហាក់បីដូចជា​បាន​​រស់​នៅ​ក្នុង​ក្តី​សុបិន​មួយ​​ដែល​ខ្លួន​ចង់​បាន​ពិតៗ។​​

៣) អ្នក​មាន​ជា​មនុស្ស​មាន​ទំនុកចិត្ត​ខ្ពស់​ជាង​អ្នកក្រ

បើ​និយាយ​ពី​ទឹកចិត្ត​របស់​អ្នក​មាន​វិញ​ ​មាន​​ទំនុកចិត្ត​ខ្ពស់​ណាស់​​គឺ​ខ្ពស់​ជាង​អ្នកក្រ​ដាច់​ស្រឡះ​តែម្តង ព្រោះ​ថា​ពួកគេ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង និងពុំ​មាន​​​មាន​បញ្ហា​ខកចិត្ត​ច្រើន​ដូច​អ្នក​ក្រ​​នោះ​ឡើយ។ ទោះបី​ជា​ខ្លួន​បរាជ័យ អ្នក​មាន​នៅតែ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​​​ខ្លួន​ដើម្បី​រៀន​សូត្រ​​ពី​ការ​បរាជ័យ​នោះ​ ហើយ​ចាប់ផ្តើម​ក្រោកឈរ​ឡើង​វិញ​កាន់តែ​រឹងមាំ​ឡើង​​ជាង​មុន​។ នេះ​មិនមែន​ជា​ការ​អួតអាង​នោះ​ទេ តែ​ជា​​ការ​អះអាង​ពី​ទំនុកចិត្ត​របស់​អ្នកមាន​ពិតៗ​ដែល​​ជា​រឿង​មួយ​ល្អ​បំផុត។ ​​

អ្នក​មាន​ជា​មនុស្ស​​ជោគជ័យ​មាន​មនសិការ​ខ្ពស់ និងមាន​ភាព​ភ័យខ្លាច​តិចតួច​បំផុត​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​បោះជំហាន​សម្លឹង​ទៅ​មើល​អនាគត​របស់​ខ្លួន​យ៉ាង​ស្វាហាប់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន និងរុញច្រាន​ឧបសគ្គ​ចំពោះ​មុខ​ឲ្យ​ចាកចេញ​ពី​ខ្លួន។ លក្ខណៈ​សម្បត្តិ​បែប​នេះ អ្នកក្រ​​អាច​​ធ្វើ​បាន​តិច​តូច​ណាស់។

៤) អ្នក​មាន​ជឿ​ថា មាន​លុយ​មាន​សេរីភាព

តើ​អ្នក​បារម្ភ​រឿង​ថ្លៃ​​ជួល​ផ្ទះ​ដែរ​ឬទេ? តើ​អ្នក​បារម្ភ​ពី​សុខភាព​របស់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​មាន​ជំពាក់​បំណុល​គេ​ដែល​ឬ​ទេ? តើ​​អ្នក​បាន​ចាយ​ប្រាក់​ត្បិតត្បៀត​ដែរ​ឬទេ? ទាំង​នេះ​ជា​សំនួរ​​ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​ហើយ​ឬ​នៅ។ បើ​ចម្លើយ​របស់​លោក​អ្នក​ជា​អវិជ្ជមាន​នោះ​មាន​ន័យ​ថា​ អ្នក​មិន​ទាន់​ភ្លក់​រសជាតិ​ជីវិត​​ជា​អ្នក​មាន​នៅ​ឡើយ។ ដូច្នេះតើ​ការ​​មាន​លុយ​មាន​សេរីភាព​របស់​អ្នក​មាន​​គឺ​ជា​អ្វី?

តាម​ការ​ស្រាវជ្រាវ​នូវ​អ្វី​ដែល​​អ្នក​មាន​​ជឿ​ថា មាន​លុយ​​ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព​នោះ​គឺ​ថា អ្នក​មាន​មិន​បារម្ភ​លើ​​ការ​ចំណាយ​​ប្រាក់​​។ អ្នក​មាន​បាន​ស្គាល់​ច្បាស់​ថា នៅ​ពេល​ដែល​ខ្លួន​មាន​ប្រាក់​ច្រើនចាយវាយ​មិន​អស់ ខ្លួន​មិន​បារម្ភ​ពី​អ្វី​ដែល​ត្រូវ​ចំណាយ​ចំពោះមុខ ឬនៅ​ពេល​មាន​ឧបទ្ទវហេតុ​អ្វី​មួយ​នោះ​ឡើយ ត្បិតអី​​ខ្លួន​​មាន​ប្រាក់​បំរុង​ទុក​យ៉ាង​​ច្រើន​រួច​ទៅ​ហើយ។

ទាំងនេះ​មាន​ដូច​ជា​រស់​នៅ​ក្នុង​​វីឡា​ថ្លៃៗ ទិញ​រថយន្ត​​ទំនើបៗ ហូបចុក​​អាហារ​ឆ្ញាញ់ៗ ​ជួល​សេវា​សុខភាព​​ល្អៗ បង្កើត​កម្មវិធី​សប្បាយៗ​ ដែល​នេះ​ជា​អ្វី​ដែល​​ធ្វើ​​ជីវិត​របស់​អ្នក​មាន​​រស់រវើក​មិន​សូវ​​តឹងតែង​ ឬព្រួយបារម្ភ​​ច្រើន​​ដូច​អ្នកក្រ​នោះ​ឡើយ។ នេះ​ហើយ​ជា​ឋានសួគ៌​សេរីភាព​របស់​អ្នក​មាន​ និងមហាសេដ្ឋី។

៥) អ្នក​មាន​​ជ្រើសរើស​បុគ្គល​គំរូ​យ៉ាង​ប្រុងប្រយ័ត្ន​​

អ្នក​​រៀន​ពូកែ​រមែង​មាន​​មិត្តភក្ដិ​ល្អៗ​ច្រើន​ ជា​អ្នក​រៀន​ពូកែ​ដូចគ្នា​។ អ្នកដឹកនាំ​សាសនា​​រមែង​មាន​សាសនិក​ជា​ច្រើន​​​​គោរព និងប្រតិបត្តិ​តាម​។ រីឯ​អ្នក​មាន​វិញ ក៏​រមែង​មាន​​បុគ្គល​ជា​អ្នក​មាន​រាប់​អាន​ច្រើន។ នេះ​ជា​ច្បាប់​ធម្មជាតិ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រកែក​បាន​ឡើយ។

ហេតុដូច្នេះ វា​មិនមែន​​ជា​រឿង​ចៃដន្យ​ទេ​ដែល​លោក​អ្នក​បាន​សង្កេត​ឃើញ​ថា ​អ្នក​មាន​ភាគ​ច្រើន​មាន​ទំនាក់ទំនង​ល្អ​ ឬសេពគប់​ជា​មួយ​អ្នក​​មាន។ ហេតុអ្វី? ព្រោះ​​អ្នកមាន​យល់​ថា អ្នក​មាន​គឺ​ជា​មនុស្ស​ជោគជ័យ ហើយ​អ្នក​ដែល​ជោគជ័យ​ គឺ​ជា​មនុស្ស​ដែល​មាន​ធនធាន​មនុស្ស​ល្អ​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​ជោគជ័យ​តាម​នោះ​ដែរ។

ទីបំផុត​អ្នក​មាន​​បាន​បញ្ជ្រាប​ខ្លួន​ន​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ ឬយក​បុគ្គល​ណា​មួយ​ដែល​ជោគជ័យ​មក​​ធ្វើ​ជា​គំរូ​របស់​ខ្លួន​។ យ៉ាងណាមិញ​​នេះ​មិនមែន​មានន័យ​ថា អ្នកមាន​សុទ្ធតែ​មាន​បំណង​ចង់​ទាត់ចោល​អ្នកក្រ​នោះ​ឡើយ​តែ​អ្នក​ត្រូវ​តែ​ដឹង​ថា ​ជា​ច្បាប់​ធម្មជាតិ​​ទីណា​មាន​សេចក្ដីសុខ ទីនោះ​​មាន​​មនុស្ស​ចង់​ទៅ​ច្រើន​៕​