តើអ្នក​មានដឹង​ទេថា សហរដ្ឋ​អាមេរិក​មានផ្ទៃ​​ដី​ធំ​ជិត​ ១០លាន​គីឡូម៉ែត្រការ៉េ​ ដោយ​សារ​កត្តា​​អ្វី​ខ្លះ?

ប្រទេស​អាមេរិក​កាល​ពី​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេសមាន​រដ្ឋ​ចំនួន​១៣ ស្ថិត​នៅ​ប្រប​នឹង​មហាសមុទ្រ​អាត្លង់ទិក ហើយ​ចាប់​ពី​ពេល​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​​តាម​សន្ធិសញ្ញា​ក្រុង​​ប៉ារីស ឆ្នាំ១៧៨៣ ទឹក​ដី​របស់​សហរដ្ឋ​អាមេរិកបាន​រីក​ធំ​ជាង​មុន​បន្តិចម្ដងៗ រហូត​ដល់​មាន​ទំហំ​ដី​ប៉ុន​ប្រទេស​អាមេរិក​សព្វថ្ងៃ។

មូលហេតុ​ដែល​នាំ​ឲ្យ​ទឹកដី​អាមេរិក​កាន់តែ​ធំ​បែប​នេះ គឺអាស្រ័យ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ​(១) តាម​រយៈ​ការ​ចរចា​ទិញ (២) សន្ធិសញ្ញា​ភ្ជាប់​ជា​ឧបសម្ពន្ធ (Annexation) និង​កិច្ច​ព្រមព្រៀង​ប្រគល់​ទឹក​ដី​ឲ្យ​អាមេរិក និង (៣) តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​ដណ្ដើម​យក។ ខាងក្រោម​នេះគឺជា​បញ្ជី​ឈ្មោះ​តំបន់​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ដែន​អធិបតេយ្យ​ភាព​របស់​អាមេរិក ហើយ​ដែល​អាមេរិក​បាន​ច្បាំង​ដណ្ដើម​យក ឬ​ទិញ​ពី​បណ្ដា​ប្រទេស​ដទៃ។

កាល​ពី​ជំនាន់​មុន គេ​អាច​ទិញ​-លក់​ទឹក​ដី និង​ធ្វើ​សង្គ្រាម​ដណ្ដើម​យក ឬ​អាង​ខ្លួន​ឯង​មាន​អំណាច​ ដើរ​គំរាម​ប្រទេស​តូចៗឲ្យ​ប្រគល់​ដី​ឲ្យ​ខ្លួន។ ប៉ុន្តែដោយ​សារ​វិវត្តន៍​នៃ​សង្គម​ពី​ជំនាន់​នោះ​ និង​បច្ចុប្បន្នគឺ​ខុសគ្នា គេ​ជឿ​ថា​បណ្ដា​ថ្នាក់​ដឹកនាំ​ប្រទេស​ទូទាំង​ពិភពលោកនឹង​មិន​ទិញ ឬ​លក់​ទឹក​ដី​របៀប​នេះ​ទេ។

1- រដ្ឋ​លី្វសៀណា (Louisiana) : រដ្ឋ​នេះកាល​ពី​មុន គឺស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​បារាំង​ ហើយ​កាល​ពី​ឆ្នាំ១៨០៣ សហរដ្ឋ​អាមេរិក​បាន​ទិញ​រដ្ឋ​នេះ​ពី​បារាំងក្នុង​តម្លៃ ១៥លាន​ដុល្លារ​កាល​ជំនាន់​នោះ ស្មើ​នឹង​ជាង ២៣០លាន​ដុល្លារ​បច្ចុប្បន្ន។ សន្ធិសញ្ញា​ទិញ​-លក់​រដ្ឋ​ល្វីសៀណា មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង Louisiana Purchase។ សព្វថ្ងៃរដ្ឋ​ល្វីសៀណានៅតែ​បន្ត​ប្រើ​ប្រព័ន្ធ​ច្បាប់ Civil Law របស់​បារាំង​ដដែល (ក្រៅ​ពី​នោះរដ្ឋ​ទាំង​អស់​របស់​អាមេរិក​ប្រើ​ប្រព័ន្ធ​ច្បាប់ Common Law របស់​អង់គ្លេស លើក​លែង​តែ​រដ្ឋ​ល្វីសៀណា​មួយ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ប្រើ​​ប្រព័ន្ធ​ច្បាប់ Civil Law របស់​បារាំង)។

2- រដ្ឋ​ផ្លរីដា​ខាង​លិច (West Florida): កាល​ពី​ឆ្នាំ ១៨១០ ប្រធានាធិបតី​អាមេរិក លោក​ជេមមេឌីសឹន (James Madison) បាន​ប្រកាស​ជា​ផ្លូវ​ការ ដើម្បី​ដាក់​បញ្ចូល​រដ្ឋ​ផ្លរីដា​ខាង​លិច ជា​ដែន​អធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។ រដ្ឋ​នេះ​កាល​មុន​នោះស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​អេស្ប៉ាញ។

3- រដ្ឋ​ផ្លរីដា​ខាង​កើត (East Florida): យោង​តាម​សន្ធិសញ្ញា​ឆ្នាំ១៨១៤ រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អេស្ប៉ាញ គឺ​រដ្ឋាភិបាល​អេស្ប៉ាញ​ត្រូវ​ប្រគល់​រដ្ឋ​នេះ​ទៅ​ឲ្យ​អាមេរិក។

4- ការ​ដាក់​រដ្ឋ​តិចសាស់ជា​ឧបសម្ព័ន្ធ​របស់​អាមេរិក: កាល​ដើម​ឡើយ រដ្ឋ​តិចសាស់​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ពេញ​លេញ មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ «សាធារណរដ្ឋ​តិចសាស់ -The Republic of Texas»។ រដ្ឋាភិបាល​នៃ​ប្រទេស​តិចសាស់កាល​ណោះ តែង​តែ​អន្ទោកអន្ទោល​ចង់​ភ្ជាប់​ប្រទេស​នេះ​ឲ្យ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​តែ​ម្ដង។

នៅ​ឆ្នាំ១៨៤៥ រដ្ឋាភិបាល​អាមេរិក​ក៏​យល់​ព្រម​ភ្ជាប់​ប្រទេស​តិចសាស់​ជា​ដែនដី​របស់​អាមេរិក (កាលណោះ​រដ្ឋាភិបាល​ម៉ិកស៊ីកូ​គំរាម​ថា​ប្រសិនបើ​អាមេរិក​ហ៊ាន​ភ្ជាប់​រដ្ឋ​នេះ វា​មាន​ន័យ​ស្មើ​នឹង​ប្រកាស​សង្គ្រាម​ជា​មួយ​ម៉ិកស៊ីកូ ប៉ុន្តែ​អាមេរិក​មិន​ខ្លាច)។

5- សម្បទាន​ពី​ប្រទេស​ម៉ិកស៊ីកូ: អាមេរិក និង​ប្រទេស​ម៉ិកស៊ីកូធ្លាប់​ច្បាំង​គ្នា​ម្ដង ពី​ឆ្នាំ១៨៤៦-១៨៤៨ ហើយ​បាន​បញ្ចប់​សង្គ្រាម​នេះ​តាម​សន្ធិសញ្ញា Treaty of Guadalupe Hidalgo ដែល​ប្រទេស​ម៉ិកស៊ីកូ​ត្រូវ​តែ​ទទួល​ស្គាល់​ព្រំដែន​អាមេរិក​-ម៉ិកស៊ីកូ​បច្ចុប្បន្ន ដោយ​ក្នុង​នោះម៉ិកស៊ីកូ​បាន​កាត់​ដី​មួយ​ចំណែក ដើម្បី​ជា​ការ​ធ្វើ​សម្បទាន​ចំពោះ​អាមេរិក។ ជា​ថ្នូរ​មកវិញ អាមេរិក​បាន​បង់​ប្រាក់ ១៥លាន​ដុល្លារ (ស្មើ​នឹង​ជាង ៣៨០ លាន​ដុល្លារ​បច្ចុប្បន្ន) ទៅ​ឲ្យ​ម៉ិកស៊ីកូ ដើម្បី​ជម្រះ​វិវាទ​ឲ្យ​ជ្រះ​ស្រឡះ។

6- រដ្ឋ​អាឡាស្កា (Alaska) : រដ្ឋ​អាឡាស្កាកាល​ពី​មុន ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ «ចក្រភព​រុស្ស៊ី -Russian Empire»។ នៅ​ឆ្នាំ១៨៦៧ សហរដ្ឋ​អាមេរិក​បាន​ទិញ​ដែន​ដី​អាឡាស្កា ពី​រុស្ស៊ី​ក្នុង​តម្លៃ ៧លាន ២សែន​ដុល្លារ (ស្មើ​នឹង​ជាង ១២១លាន​ដុល្លារ​បច្ចុប្បន្ន)។

7- កោះ​ហាវ៉ែ (Hawai): ហាវ៉ៃកាល​ដើម​ឡើយ ជា​ព្រះរាជាណាចក្រ ដែល​មាន​ម្ចាស់ក្សត្រី​មួយ​អង្គ​សោយរាជ្យ ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​សហរដ្ឋ​អាមេរិក តាម​រយៈ​ការ​ផ្សព្វផ្សាយ​សាសនា និង​ការ​ធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម។ ក្រោយ​មកនៅ​ឆ្នាំ ១៨៩៣ ម្ចាស់ក្សត្រី​ត្រូវ​គេ​ផ្ដួល​រំលំ​ពី​រាជបល្ល័ង្ក ហើយ​អ្នក​ដឹក​នាំ​ថ្មី​បាន​សុំ​ភ្ជាប់​ប្រទេស​ហាវ៉ៃ​ចូល​ជា​ដែន​អធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​តែ​ម្ដង។

8- រដ្ឋ​ញូម៉ិកស៊ីកូ និង​រដ្ឋ​អារីហ្សូណា: កាល​ពី​ឆ្នាំ ១៨៥៣ សហរដ្ឋ​អាមេរិក​បាន​ទិញ​តំបន់​មួយ​ក្បែរ​ព្រំដែន​អាមេរិក-ម៉ិកស៊ីកូ ក្នុង​តម្លៃដប់​លាន​ដុល្លារ ស្មើនឹង​ជាង ២៨០ លាន​ដុល្លារ​បច្ចុប្បន្ន។ ការ​ទិញ​-លក់​នេះ​មាន​ចែង​ក្នុង​សន្ធិសញ្ញា Gadsden Purchase ហើយ​ដែន​ដី​នោះ បច្ចុប្បន្ន​ជា​រដ្ឋ​ញូម៉ិកស៊ីកូ និង​រដ្ឋអារីហ្សូណា។

អំពី​ដែន​ដី​ដទៃ​ក្រៅ​ប្រទេស​អាមេរិក ដែល​អាមេរិក​ធ្លាប់​គ្រប់គ្រង

សហរដ្ឋ​អាមេរិក និង​ប្រទេស​អេស្ប៉ាញធ្លាប់​ច្បាំង​គ្នា ហើយ​បាន​បញ្ចប់​សង្គ្រាម​តាម​រយៈ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស (Treaty of Paris) ឆ្នាំ១៨៩៨ ដែល​តាម​សន្ធិសញ្ញា​នេះ អេស្ប៉ាញ​ត្រូវ​ប្រគល់​ប្រទេស​ហ្វ៊ីលីពីន ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អេស្ប៉ាញ ទៅ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាមេរិក​វិញ​ម្ដង។ ជា​ថ្នូរ​មក​វិញ សហរដ្ឋ​អាមេរិក​បាន​ប្រគល់​ប្រាក់ ២០លាន​ដុល្លារ (ស្មើនឹង ៥៦៧ លាន​ដុល្លារ​​បច្ចុប្បន្ន) ទៅ​ឲ្យ​អេស្ប៉ាញ។

អំពី​ប្រទេស​គុយបា

យោង​តាម​វិសោធនកម្ម Platt Amendment ឆ្នាំ១៩០១ ប្រទេស​គុយបា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ដើម្បី​ជួល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​មួយ​កន្លែង គឺ​ឆក​ហ្កាតាណាម៉ូ (Guantánamo Bay) ទៅ​ឲ្យ​អាមេរិក។ កិច្ច​ព្រមព្រៀង​នេះ​នឹង​នៅ​តែ​មាន​សុពលភាព​ជា​បន្ត​ទៀត ដរាប​ណា​អាមេរិក​គោរព​តាម​កិច្ច​ព្រមព្រៀង​មួយ​ គឺ​រក្សា​ទុក​ឆក​ហ្កាតាណាម៉ូ ដូច​កិច្ច​ព្រមព្រៀង​ដើម។ ឆក​ហ្កាតាណាម៉ូ​ ធ្លាប់​ត្រូវ​រដ្ឋាភិបាល​អាមេរិក​យក​ធ្វើ​ជា​មណ្ឌល​ឃុំ​ឃាំង​ក្រុម​អាល់កៃដា៕ ប្រភព៖ បរទេស