តើហេតុអ្វីយើងត្រូវការផឹកទឹកជាចាំបាច់? អត្ថប្រយោជន៌នៃទឹកដែលយើងគួរយល់ដឹង

ទឹកជាប្រភពនៃជីវិត ដូចនេះការទទួលទានទឹក គឺចាំបាច់ណាស់ចំពោះសុខភាពរបស់មនុស្សយើង។ សរីរាង្គកាយយើងត្រូវការទឹកដើម្បីរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ ទ្រទ្រង់សរសៃឈាម និងរក្សាសីតុណ្ហភាពក្នុងខ្លួនយើង។ រាងកាយទាំងមូល មាន៦០%គឺជាទឹក ដែលវាមានតួនាទីជំរុះ និងលាងសម្អាតជាតិពុលចេញពីក្នុងខ្លួន ចិញ្ចឹមកោសិកា និងផ្តល់សំណើមដល់ស្បែក ភ្នែក មាត់ បំពង់ក ច្រមុះ និងបំពង់រំលាយអាហារ។ 

រាងកាយយើងបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម ទឹកនោម និងលាមក។ នៅពេលមាត់ និងបំពង់កស្ងួត វាជាសញ្ញាប្រាប់ឲ្យដឹងថា យើងត្រូវការផឹកទឹកហើយ។ យើងអាចបំពេញជាតិទឹកតាមរយៈការផឹកទឹកដែលស្អាត ឬបរិភោគអាហារដែលមានជាតិទឹកគ្រប់គ្រាន់។ កង្វះជាតិទឹកក្នុងខ្លួនបណ្តាយឲ្យរាងកាយខ្សោះ បាត់បង់ថាមពល ល្ហិតល្ហៃ និងមិនអាចបំពេញការងារបានល្អ។

ក្នុងមួយថ្ងៃមនុស្សពេញវ័យត្រូវការផឹកទឹកយ៉ាងតិចណាស់ ២លីត្រ និងការទទួលទានផ្លែឈើ បន្លែ សាច់ ក៏មានជាតិទឹកប្រមាណ ១លីត្រដែរ មានន័យថាមនុស្សយើងត្រូវការទឹកយ៉ាងតិច ៣លីត្រ ក្នុងមួយថ្ងៃ។

ការផឹកទឹកមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ជួយរក្សាសីតុណ្ហភាពក្នុងខ្លួនអោយនៅធម្មតា
  • ជាប្រេងរំអិលនៅតាមសន្លាក់នានា
  • ការពារខួរឆ្អឹងខ្នង និងជាលិការដទៃទៀតដែលងាយខូច
  • ជួយជំរុះសារធាតុសំណល់ ឬជាតិពុលតាមរយៈទឹកនោម ដង្ហើម និងលាមក
  • ជួយរំលាយអាហារ បំបាត់ឈឺក្បាយ និងធ្វើឲ្យស្បែកស្រស់ស្អាត
  • ជួយជំរុញសាច់ដុំឲ្យកន្រ្តាក់បានល្អ។ ដូចនេះមុនពេហាត់ប្រាណ យើងគួរផឹកទឹកប្រមាណកន្លះលីត្រ ២ម៉ោងមុនហាត់ប្រាណ។ ដើម្បីបំពេញជាតិទឹកដែលបានបាត់បង់ដោយការបែកញើសឡើងវិញ។
  • ជួយរក្សាមុខនាទីរបស់ពោះវៀនធំ និងអាចការពារជំងឺទល់លាមក ឬក្តៀន។