តើហេតុអ្វីបានជាស្រីៗចូលចិត្តពាក់ស្បែកជើងកែងម្ល៉េះ?

មានស្រ្តីជាច្រើនចូលចិត្តពាក់ស្បែកជើងកែង តែក៏មានស្រ្តីមួយចំនួនមិនចូលចិត្តពាក់ផងដែរ។ ស្ត្រីភាគច្រើនតែងតែពាក់ស្បែកជើងកែងចោតទៅតាមកម្មវិធីជប់លៀងផ្សេងៗ ខួបកំណើត ពិធីមង្គលការ ព្រោះវាជួយលើកសម្រស់បានមួយកំរិត ពោលគឺពេលពាក់វា ធ្វើឲ្យកើនឡើងនូវកំពស់ ចេញរាងស្អាត និងទាក់ទាញ។

មានមូលហេតុជាច្រើនទៀតដែលធ្វើឲ្យពួកគេចូលចិត្តពាក់ស្បែកជើងកែងចោតពេលចេញទៅក្រៅផ្ទះម្តងៗ ទោះបីពេលខ្លះ ពួកគេមានអារម្មណ៍ថាមិនស្រួលជើងទាល់តែសោះ៖ 

1- ការពាក់ស្បែកជើងកែង អាចបង្កើនឲ្យមានកំពស់ខ្ពស់មួយកំរិតទៀត សាកសមសំរាប់ស្រ្តីដែលមានកំពស់ទាបតែម្ដង។ ពួកគេតែងចង់ធ្វើឲ្យជើង ភ្លៅ និងត្រគាករបស់ខ្លួនមានភាពស្រឡូនវែង សិចសុី និងឆាប់ទទួលបានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។ វាក៏អាចជួយឲ្យស្រ្តីជាច្រើនងាយស្រួលក្នុងការស្លៀកពាក់ ជាពិសេសវាសាកសមជាស្រ្តីដែលចូលចិត្ត ស្លៀកខោជើងវែង។

2- ស្ត្រីជាច្រើនជឿថា ការពាក់ស្បែកជើងកែង នឹងជួយជម្រុញនូវកម្រិតភាពជឿជាក់ ទំនុកចិត្តខ្ពស់លើខ្លួនឯង និងធ្វើឲ្យពួកគេមានអារម្មណ៍ល្អ។ ស្របពេលដែលបុរសភាគច្រើនចូលចិត្តស្ត្រីដែលមានរាងខ្ពស់បន្តិច ដូចនេះវាក៏ជាកត្តាទាក់ចិត្តមនុស្សប្រុសមានអារម្មណ៌ល្អចំពោះពួកនាង។

3- ការពាក់ស្បែកជើងកែង វាសុីគ្នាខោខូវប៊យ និងអាវយឺតយ៉ាងសាមញ្ញ នោះវាក៏នឹងធ្វើឲ្យរូបរាងរបស់នាងប្រែប្រួលបានមួយកម្រិតដែរ មិនថាក្នុងឱកាសធម្មតា ឬពិធីណាមួយនោះទេ។ វាធ្វើឲ្យពួកគេមើលទៅមានស្ទីលទាក់ទាញ ប្លែកភ្នែកជាងពេលធម្មតា។

4- ដោយឡែកមានអាជីពខ្លះតម្រូវឲ្យពួកនាងពាក់ស្បែកជើងកែងចោត ដូចជាត្រូវទៅធ្វើការខាងផ្នែកបង្ហាញម៉ូត ការធ្វើបទបង្ហាញ និងព្រឹត្តិកាណ៍សំខាន់ៗមួយចំនួនទៀត។ វាធ្វើឲ្យពួកនាងមើលទៅហាក់ដូចជាមានទំនុកចិត្តលើខ្លួនឯង និងធ្វើឲ្យស្ថានភាពរាងកាយរបស់ពួកគេមើលទៅសមសួនជាងពេលធម្មតា។