តើប្រទេស​ណា​ខ្លះ ដែលមាន​ជន​អន្តោប្រវេសន្ត​ច្រើន​ជាង​គេលើ​លោក?

មនុស្សដែលធ្វើ​ចំណាក​ស្រុកទៅកាន់ប្រទេសនានា មាន​តាំង​ពី​យូរលង់​ណាស់​មក​ហើយ មក​ទល់​នឹង​សព្វថ្ងៃ​នេះ ក៏​នៅ​តែ​មាន​ការ​ចំណាក​ស្រុក​ដដែល។ ​បច្ចុប្បន្នមនុស្ស​ ២៣២លាន​នាក់​ធ្វើ​ចំណាក​ស្រុក​ទូទាំង​ពិភពលោក។ មូលហេតុ​នៃ​ការ​ចំណាក​ស្រុក​មាន​ច្រើនដូច​ជា បញ្ហា​សង្គ្រាម គ្រោះ​ទុរភិក្ស ភាព​ក្រីក្រ ចង់​រស់​នៅ​ក្នុង​សង្គម​ថ្មី​ដើម្បី​ផ្លាស់​ប្ដូរ​បែបផែន​នៃ​ជីវិត។ល។

ចំណោម​អ្នក​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ទៅ​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​ថ្មី គឺ​ពាក់​កណ្ដាល​ទៅ​រស់​នៅ​ប្រទេស​ចំនួន​តែ​ដប់​ប្រទេស​ប៉ុណ្ណោះ ដែល​មាន​រាយ​ឈ្មោះ​ដូច​ខាងក្រោម៖

1- សហរដ្ឋ​អាមេរិក មាន​ជន​អន្តោប្រវេសន្ត ៤៥,៨លាន​នាក់

តាំង​ពី​យូរយារ​ណាស់​មក​ហើយ សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ចាត់​ទុក​ថា «ទឹក​ដី​សាង​ជីវិត​ថ្មី -Land of Opportunity» ឬ​ជា​ដែនដី​នៃ​ក្ដី​សុបិន្ត។ កត្តា​មួយ​ចំនួន​ដែល​អាមេរិក​អាច​ទាក់ទាញ​មនុស្ស​ពី​គ្រប់​ទិសទី​ទៅ​រស់​នៅ គឺ​ជា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក ហេដ្ឋារចនាសម្ព័ន្ធ​ល្អ វិស័យ​អប់រំ​មាន​គុណភាព​ខ្ពស់ សង្គម​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង និង​សកម្ម​ជានិច្ច។ អាមេរិក​ជា​ប្រទេស​ចម្រុះ​វប្បធម៌ និង​ចម្រុះ​ជាតិសាសន៍ ​ព្រោះ​មនុស្ស​ពី​គ្រប់​ទិសទី​សម្រុក​ទៅ​រស់​នៅ​អាមេរិក ហើយ​រដ្ឋាភិបាល​អាមេរិក​មាន​គោល​នយោបាយ​អនុគ្រោះ​ចំពោះ​ជន​អន្តោប្រវេសន្ត។

2- ប្រទេស​រុស្ស៊ី មាន​ជន​អន្តោប្រវេសន្ត ១១លាន​នាក់

រុស្ស៊ី​ជា​ប្រទេស​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​ក្នុង​ពិភពលោក (ដី​ជាង​ពាក់​កណ្ដាល​មិន​អាច​ប្រើប្រាស់​កើត ព្រោះ​សុទ្ធ​តែ​ទឹកកក) និង​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ បើ​គិត​តាម​ទំហំ​ផលិតផល​សរុប​ក្នុង​ស្រុក។ អាស្រ័យ​ដោយ​សារ​អត្រា​ប្រជាពលរដ្ឋ​រុស្ស៊ី​ធ្លាក់​ចុះ​ខ្លាំង​កាល​ពី​ពាក់កណ្ដាល​ទសវត្ស​ទី៩០ ​រដ្ឋាភិបាល​រុស្ស៊ី​មាន​គោល​នយោបាយ​មួយ គឺ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​អន្តោប្រវេសន្ត​បាន​ទៅ​រស់​នៅ​ប្រទេស​រុស្ស៊ី។ ​បច្ចុប្បន្ន ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​អនុវត្ត​នយោបាយ​បើក​ចំហ​សម្រាប់​ជន​អន្តោប្រវេសន្ត​ទៅ​រស់នៅ ដើម្បី​បង្កើន​ចំនួន​ប្រជាពលរដ្ឋ។

3- ប្រទេស​អាល្លឺម៉ង់ មាន​ជន​អន្តោប្រវេសន្ត ៩,៨លាន​នាក់​

​អាល្លឺម៉ង់​មាន​ប្រជាពលរដ្ឋ​សរុប ៨០,៥លាន​នាក់ និង​មាន​ទំហំ​សេដ្ឋកិច្ច​ទី​បួន​ពិភពលោក។ ​អាល្លឺម៉ង់​មាន​លក្ខណៈ​ល្អ​ប្រសើរ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ ដែល​សុទ្ធ​សឹង​ជា​ចំណុច​ដែល​ទាក់​ទាញ​ប្រជាពលរដ្ឋ​ពី​ខាង​ក្រៅ​ឲ្យ​ទៅ​ចំណាក​ស្រុក​ទៅ​អាល្លឺម៉ង់។ អាស្រ័យ​ដោយ​សារ​អាល្លឺម៉ង់ មាន​អត្រា​កំណើត​ទាប​យក​តែ​មែនទែន ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ទទួល​យក​ជន​អន្តោប្រវេសន្ត ជាពិសេស​អ្នក​ដែល​មាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ និង​មាន​ជំនាញ​ខ្ពស់។​

4- ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​ជន​អន្តោប្រវេសន្ត ៩,១លាន​នាក់

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​ប្រជាពលរដ្ឋ​សរុប​ជាង​ ២៩លាន​នាក់ ហើយ​ក្នុង​ចំណោម​នោះ គឺ​សឹងតែ​៣០% ទៅ​ហើយ​ជា​ជន​អន្តោប្រវេសន្ត។ កំណើន​ជន​អន្តោប្រវេសន្ត​ដែល​កើន​ខ្លាំង​គឺ​ប៉ុន្មាន​ឆ្នាំ​នេះ កើន​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់។​ រដ្ឋាភិបាល​បាន​ប្រើ​វិធានការណ៍​ក្ដៅ​ដើម្បី​បញ្ឈប់​ចលនា​ជន​អន្តោប្រវេសន្ត​ដែល​ឆ្លង​ដែន​ចូល​ ជា​ពិសេស​ពលករ​ចំណាក​ស្រុក​ដែល​ចូល​ទៅ​ធ្វើ​ការ ហើយ​បាន​សាងសង់​របង​ខ្ពស់ ដើម្បី​ឃាំង​ព្រំដែន​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​យ៉េម៉ែន (Yemen) និង​បាន​ចាប់​បញ្ជូន​ជនជាតិ​អេត្យូពី (Ethiopia) រាប់​ពាន់​នាក់​ទៅ​ស្រុក​គេ​វិញ៕