តើធ្វើយ៉ាងណាទើបអាចក​សាង​កេរ្តិ៍ឈ្មោះ​​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ?

​នៅក្នុង​​ការ​ធ្វើ​ជំនួញ ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន គឺ​ជា​​កត្តា​ដ៏​សំខាន់ក្នុង​ការ​ផ្តល់​ភាព​ទុកចិត្ត​ដល់អតិថិជននៅ​លើ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយការប្រកួតប្រជែង។ យ៉ាង​ណា​ក៏ដោយ កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពោល​គឺអ្នក​ក៏​ត្រូវ​សាង​កេរ្តិ៍ឈ្មោះបុគ្គល​នៅក្នុង​ស្ថាប័ន​ផង​ដែរ ដើម្បី​ឲ្យ​អតិថិជនកាន់​តែ​មាន​ជំនឿ​ជាក់​ខ្លាំង​ឡើង។

នៅពេល​ដែល​កេរ្តិ៍ឈ្មោះ​ផ្ទាល់​ខ្លួន​របស់​អ្នក និងកេរ្តិ៍ឈ្មោះ​របស់​ក្រុម​ហ៊ុនមាន​ភាព​ល្បីល្បាញ​ហើយ​នោះ វា​អាច​និយាយ​បាន​ថា ដំណើរ​ការ​អាជីវកម្ម​នឹង​កាន់តែ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យកាន់​តែ​ខ្លាំង​ឡើង។ ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ ត្រូវ​អនុវត្តន៍​តាម​ជំហាន​ទាំង​៥​នេះ!

1- កំណត់​​ឲ្យ​ច្បាស់​ពី​ជំនាញ​របស់​អ្នក (Determine your area of expertise)

មុន​ពេល​អ្នក​អាច​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ អ្នក​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ទៅ​លើ​ជំនាញ​អ្វី​មួយ។ ដូច្នេះមុន​ពេល​ក្លាយ​ទៅ​ជា​អ្នកជំនាញ​លើ​ផ្នែក​អ្វីមួយ​ អ្នក​គួរ​តែ​គិតថា​អ្នក​ពូកែ​ខាង​អ្វី ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ឆាប់​ស្គាល់​សមត្ថភាព​របស់​អ្នកដូចជា ជំនាញ​ទីផ្សារ ជំនាញ​ធនធាន​មនុស្ស ឬ ជំនាញ​គ្រប់គ្រង​ទូទៅជាដើម​។ បើ​អ្នក​គ្មាន​ជំនាញ​អ្វី​មួយ​ច្បាស់លាស់​ទេ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយក្នុង​ការ​ផ្តល់​ភាព​ជឿជាក់​លើ​អតិថិជនទោះជាអ្នកអាចប្រើបុគលិកពូកែៗក្ដី​។

2- សរសេរ និងបោះពុម្ព​ផ្សាយ​ (Start writing and publishing)

​នៅពេល​អ្នក​មាន​ជំនាញណាមួយ​ច្បាស់លាស់​ហើយ អ្នក​គួរ​តែ​ធ្វើការ​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន ទៅដល់​មនុស្ស​ទូទៅតាមរយៈ​ការសរសេរ​អត្ថបទ ឬបោះពុម្ព​ជា​សៀវភៅ​ជាដើម។ ការ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​អ្នកត្រូវ​បាន​គេ​ឆាប់​ស្គាល់​នៅ​លើ​ទីផ្សារ។ ត្រង់​ចំនុច​នេះនៅ​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​ស្គាល់​អ្នក​ហើយ ពួកគេ​ប្រាកដជាមានបំណង​ចង់​សាកល្បង​ផលិតផល ឬសេវាកម្ម​របស់​​ក្រុមហ៊ុន​អ្នក​​ជា​មិនខាន។

3- បន្ថែម​ព័ត៌មាន​លម្អិត​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម (Flesh out your social media )

នៅពេល​បច្ចុប្បន្ន​នេះ ប្រជាជន​នៅ​លើ​ពិភពលោកកំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើនដូចជា Facebook និង Twitter ជាដើម។ នេះ​គឺ​ជា​ឱកាស​ល្អ​មួយក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​អាច​បញ្ជ្រាប​គំនិត និងឥទ្ធិពល​របស់​អ្នក​ទៅ​កាន់​មនុស្ស​ទូទៅ​។ ដូច្នេះអ្នក​គួរ​តែ​ព្យាយាមផ្តល់​ព័ត៌មាន​ល្អៗ និងមាន​ប្រយោជន៍​ផ្សេងៗ​ទៅ​ដល់​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះជា​ប្រចាំ។

4- ធ្វើ​បទ​បង្ហាញ​​នៅ​តាមព្រឹត្តិការណ៍​សំខាន់ៗ (Giving speech at special events)

ដើម្បី​បង្ហាញថាអ្នកជា​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ អ្នក​គួរ​តែ​ឆ្លៀតពេល​បង្ហាញ​វត្តមាននៅ​តាម​ព្រឹត្តិការណ៍​ពិសេសៗ ដើម្បី​ចែក​រំលែក​ចំណេះដឹង និងបទពិសោធន៍ទៅ​កាន់​អ្នក​ចូលរួម។ ការ​ធ្វើបែប​នេះ ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សមត្ថភាព​ពិតប្រាកដក្នុង​ការ​ធ្វើ​កិច្ចការ​ជោគជ័យ​ផ្សេងៗ។ វា​ជា​ចំណុច​ដ៏​ល្អ​មួយ ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ថែម​ទៀត។

5- ត្រូវ​មាន​បណ្ដាញ (Having Network)

​នា​ពេល​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឲ្យ​ផែនការ​របស់​អ្នក​ទទួលជោគជ័យ ការបង្កើត​បណ្ដាញ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ ក្នុង​ន័យ​នេះ គឺ​អ្នក​គួរតែ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​​មនុស្ស​ល្បីៗដែល​មាន ដើម្បី​ចែក​រំលែក​បទពិសោធន៍​ល្អៗដល់​ខ្លួន​អ្នកក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​មានទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្បី​មួយ​ចំនួន​ហើយ វា​ក៏​ជា​ចំនុច​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ល្បី​ផង​ដែរ៕