តើក្រុមហ៊ុន​​លក់​ទំនិញអនឡាញ Amazon និង Alibaba មាន​អ្វី​ខុសគ្នា​គួរឲ្យ​ចាប់អារម្មណ៍ខ្លះ​?

ការ​លេចមុខ​ក្រុមហ៊ុន Alibaba ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ចិន​​បានក្លាយ​ជា​បញ្ហា​ប្រឈមមុខ​ថ្មី​មួយ​ដល់​ក្រុមហ៊ុន Amazon របស់​មហាអំណាច​អាមេរិក។ ភាគហ៊ុន​របស់ Alibaba មាន​​តម្លៃ​រហូត​ដល់​ ១៦៨ពាន់​លាន​ដុល្លារ ខណៈ​ដែល​ភាគហ៊ុន​របស់​​ក្រុមហ៊ុន Amazon មាន​​តម្លៃ​ ១៥០ ពាន់​លាន​ដុល្លារ។

​​​​​គេហទំព័រ​ក្រុមហ៊ុន Alibaba មាន​ចំណែក​ស្មើ​នឹង​ ៨០% នៃ​​ពាណិជ្ជកម្ម​​​អនឡាញ​ក្នុង​ប្រទេស​ចិន ហើយ​​ចំនួន​លក់​បាន​កើន​ឡើង​ជា​បន្តបន្ទាប់។ យ៉ាងណាមិញបើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន Amazon ក្រុមហ៊ុន​ Alibaba នៅ​មាន​ប្រាក់​ចំណូល​ស្តួចស្តើង​ខ្លាំង​ណាស់។ ចង់​ដឹង​ថាក្រុមហ៊ុន​ទាំងពីរ​មាន​​ចំណុច​ពិសេស​អ្វី​ខ្លះ​ខុស​​ប្លែក​ពី​គ្នា៖

១) ការ​បង្កើត​ក្រុមហ៊ុន

  • ក្រុមហ៊ុន Amazon មាន​ឈ្មោះ​ដើម​ហៅ​ថា Cadabra ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Jeff Bezo នៅ​​​ក្នុង​ឆ្នាំ ១៩៩៤ នៅ​​សង្កាត់​ Bellevue ​​​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
  • ក្រុមហ៊ុន Alibaba បាន​បង្កើត​ឡើង​ក្រោយ​ក្រុមហ៊ុន Amazon ៥ឆ្នាំ ​ពោលគឺលោក Jack Ma បាន​បង្កើត​ក្រុមហ៊ុន​នេះ​នៅ​ Apartment របស់​ខ្លួន​​​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន។

​២) តម្លៃ​​ភាគហ៊ុន​​

  • ក្រុមហ៊ុន Amazon៖ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​​មាន​ចំនួន​មួយ​ខ្ពស់​កាល​ពី​ឆ្នាំ​ ១៩៩៧ ក្នុង​តម្លៃ ៤៣៨​លាន​ដុល្លារ។ នៅ​ពេល​នេះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​រហូត​ដល់ ១៥៧,៥២ ពាន់​លាន​ដុល្លារ។
  • ក្រុមហ៊ុន Alibaba៖ មាន​គម្រោង​​ដាក់​សំណើ​លក់​មូលប័ត្រ​កម្មសិទ្ធិ​ជា​សាធារណ​ជា​លើក​ដំបូង (IPO) ​របស់​ខ្លួន​នៅ​ទីក្រុងញីវយ៉ក នៅ​ឆ្នាំ​ ២០១៤​។ ក្រុមហ៊ុន​​នេះ​មាន​តម្លៃ​រហូត​ដល់ ១៦៨ ពាន់​លាន​ដុល្លារ។

៣) ​​ចំណាត់ថ្នាក់​ប្រជាប្រិយភាព​នៅ​តាម​អ៊ីនធឺណិត​​

  • ក្រុមហ៊ុន Amazon៖ ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៩ ជា​ក្រុមហ៊ុន​ដែល​មាន​​ចំនួន​អ្នក​​ចូល​ទៅ​​កាន់​​គេហទំព័រ​របស់​ខ្លួន​ច្រើន​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។​
  • ក្រុមហ៊ុន Alibaba៖ ក្រុម​ហ៊ុន​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​១០ ដែល​មាន​​ចំនួន​អ្នក​​ចូល​ទៅ​​កាន់​​គេហទំព័រ​របស់​ខ្លួន​ច្រើន​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។

៤) ចំនួន​បុគ្គលិក​បម្រើ​ការងារ

  • ក្រុមហ៊ុន Amazon៖ ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ ៨៨ ៤០០​នាក់​​​។
  • ក្រុមហ៊ុន Alibaba៖ ក្រុមហ៊ុន​ចិន​មួយ​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប ២៤ ០០០​នាក់។

៥) ប្រាក់​ចំណូល

  • ក្រុមហ៊ុន Amazon៖ ក្នុង​ឆ្នាំ ២០១៣ ​ក្រុមហ៊ុន Amazon បាន​រក​ប្រាក់​ចំណូល​ស្ទើរ​តែ​ ១០ដង​នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ Alibaba ពោល​គឺ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៧៤,៤៥ ពាន់​លាន​ដុល្លារ។​​
  • ក្រុមហ៊ុន Alibaba៖ ទទួល​បាន​ប្រាក់​ចំណូល​ត្រឹមតែ ៧,៩៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

៦) ទំនិញ​ថ្លៃ​បំផុត​ប្រចាំ​ក្រុមហ៊ុន

  • ក្រុមហ៊ុន Amazon៖ ទំនិញ​ថ្លៃ​បំផុត​ជា​ប្រវត្តិសាស្ត្រ​​នៅ​ក្នុង​ក្រុមហ៊ុន​ Amazon គឺ​ការ​ដាក់​លក់​សៀវភៅ​ព្រះគម្ពីរ Holy Bible ​ដែល​លក់​ក្នុង​តម្លៃ ៥លាន​ដុល្លារ​។​
  • ក្រុមហ៊ុន Alibaba៖ ទំនិញ​ថ្លៃ​បំផុត​ជា​ប្រវត្តិសាស្ត្រ​​នៅ​ក្នុង​ក្រុមហ៊ុន​ Alibaba គឺ​ការ​​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​មួយ​កន្លែង​​​នៅ​ក្នុង​ក្រុង Kunshan ខេត្ត Jiangsu ​ដែល​លក់​ក្នុង​តម្លៃ ៥២ លាន​ដុល្លារ​៕