ចំនេះដឹងទូទៅ៖ ប្រវត្តិសង្ខេបនៃការ​ដួល​រលំរបស់​សហភាព​សូវៀត (USSR)

សហភាព​សាធារណរដ្ឋ​សង្គម​និយម​សូវៀត​ (USSR) ដែល​​ភាសា​រុស្ស៊ី​​​​​ហៅ​​ថា​ Soyuz Sovetskikh Sotsialisticheskikh Respublik ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩២២​​ ​ហើយ​ត្រូវ​បាន​រំលាយ​វិញ​នៅ​ឆ្នាំ​១៩៩១។ ​​​យើង​អាច​ហៅ​ឈ្មោះ​ដោយ​ខ្លី​បាន​ថា​ ​សហភាព​សូវៀត។ ​

សហភាព​សូវៀត​ជា​​ប្រទេស​ដែល​ប្រកាន់​យក​របប​​សង្គមនិយម​បែប​​ម៉ាកស៊ីស​ (Marxistm) ​ឬ​និយាយ​ដោយ​ខ្លី​ថា​ ​របប​កុម្មុយនីស្ត​ (communism)​ ​ជា​លើក​ដំបូង​បំផុត​ក្នុង​លោក​។​ សហភាព​សូវៀត​ជា​អ្ន​ក​ពង្រីក​មនោគមន៍​វិទ្យា​បែប​កុម្មុនីស្ដ​ដល់​ប្រទេស​ជា​ច្រើន​​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ហើយ​ក៏​មាន​ប្រទេស​មួយ​ចំនួន​តូច​នៅ​ប្រកាន់​យក​រហូត​ដល់​សព្វ​ថ្ងៃ។

​​​ការ​រំលាយ​​សហភាព​សូវៀត​ និង​​​ការ​ផ្ដាច់​ខ្លួន​ពី​ប្រទេស​រុស្ស៊ី​

​​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​មនោគមន៍​​​វិទ្យា​ជា​មួយ​នឹង​លោក​សេរី​ដឹក​នាំ​ដោយ​អាមេរិក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​ ឬ​និយាយ​ដោយ​ងាយ​យល់​​គឺ​សង្គ្រាម​ត្រជាក់​រវាង​​កុម្មុយនីស្ត​ និង​​លោក​សេរី​ដែល​​តម្រូវឲ្យប្រទេស​​យក្ស​ទាំង​ពីរ​គឺ​​​សហភាព​សូវៀត​ ​និង​សហរដ្ឋ​អាមេរិក​ចំណាយ​ធនធាន​សេដ្ឋកិច្ច​​​​​​យ៉ាង​ច្រើន​ក្រាក់​ក្រែល​​​ (​ចំណាយ​ទៅ​លើ​សព្វាវុធ​ ​ប្រកួត​ប្រជែង​វិស័យ​​អវកាស​ ​​ឧបត្ថម្ភ​ទាំង​សម្ភារៈ​​យោធា​ និង​​ធនធាន​សេដ្ឋកិច្ច​ដល់​ប្រទេស​​រណប​ខ្លួន​ ​ធ្វើ​សង្គ្រាម​ ​និង​ចំណាយ​រាប់​សិប​ជំពូក​ទៀត) ធ្វើ​ឱ្យ​សហភាព​សូវៀត​មិន​អាច​ទ្រទ្រង់​បាន​រហូត​​ឈាន​ដល់​​​រំលាយ​​ខ្លួន។

ក្នុងឆ្នាំ​១៩៨៨ សូវៀត​សម្រេច​ដក​ទ័ព​​ពី​អាហ្វហ្គានីស្ថាន​​ដែល​បាន​លុកលុយ​ប្រទេស​នេះ​អស់​រយៈ​ពេល​៩​ឆ្នាំ។​ ជញ្ជាំង​ក្រុង​ប៊ែរឡាំង​​ដែល​បាន​សាងសង់​កាល​ពី​ឆ្នាំ​១៩៦១​ ដើម្បី​ខណ្ឌ​ចែក​​អាល្លឺម៉ង់​ខាង​លិច​ និង​អាល្លឺម៉ង់​ខាង​កើត​បាន​ដួល​រំលំ​នៅ​ឆ្នាំ​១៩៨៩​ (អាល្លឺម៉ង់​បាន​បង្រួប​បង្រួម​គ្នា​វិញ​នៅ​ឆ្នាំ​១៩៩០) ​​​​។

​នៅ​​ឆ្នាំ​១៩៩០​ ចាប់​ផ្ដើម​មាន​ការ​​ផ្ដាច់​ខ្លួន ​​មាន​ការ​សម្លាប់​គ្នា​រវាង​ក្រុម​ជនជាតិ​អាមិននៀ​ និងអាហ្សឺរីស។ ​​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត​​​ហ្គូបាឆេវ​បាន​ជំទាស់​ការ​​ចង់​បាន​ឯករាជ្យ​របស់​​​រដ្ឋ​លីទុយអានី​ រហូត​ដល់​ហ្គូបាឆេវ​​​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋ​នេះ​ទៀត​ផង។​​​​​​​

គណបក្ស​កុម្មុយនីស្ត​មាន​ការ​រង្គោះ​រង្គើ​ខ្លាំង ដោយ​​របប​ឯក​បក្ស​​មិន​ទទួល​បាន​​ការ​គាំទ្រ​ដូច​មុន​ទៀត​នោះ​ទេ។ ​​​​​លោក​ Boris Yeltsin ​ត្រូវ​​បាន​ជ្រើស​រើស​ជា​ប្រធានាធិបតី​នៃ​​សហព័ន្ធ​រុស្ស៊ី​ (​បង្កើត​ឡើង​​​ជា​រដ្ឋ​មាន​អធិបតេយ្យភាព​មួយ​កាល​ពី​ឆ្នាំ​១៩១៧​ តែ​ស្ថិត​នៅ​​ក្នុង​សហភាព​សូវៀត​។​ ​ជា​រដ្ឋ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​សហភាព​សូវៀត) ​នៅ​ឆ្នាំ​១៩៩០។ ​លោក​​បាន​​រត់​ចោល​​គណបក្ស​កុម្មុយនីស្ត​នៃ​សហភាព​សូវៀត​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ។

ក្នុងខែ​សីហា​ ឆ្នាំ​១៩៩១​ ​មន្ត្រី​ជាន់​ខ្ពស់​ធំ​ៗ​រួម​មាន​​​រដ្ឋមន្ត្រី​ក្រសួង​​ការពារ​ជាតិ​ ​អនុ​ប្រធានាធិបតី​ ​និង​​ប្រមុខ​ក្រសួង​មហាផ្ទៃ​ និង​ភ្នាក់ងារ​ស៊ើបការ​កាហ្សេបេ​ បាន​ចាប់​​​​​​​ប្រធានាធិបតី​លោក​ហ្គូបាឆេវ​​​ (​ឡើង​កាន់​តំណែង​​ឆ្នាំ​១៩៨៨) ​បង្ខាំង​ទុក​​​​នៅ​ក្នុង​ផ្ទះ​វីឡា​របស់​គាត់​នៅ​គ្រីមៀ​​ ខណៈ​លោក​ Yeltsin ​បាន​បិទ​មិន​​ឱ្យ​មាន​គណបក្ស​កុម្មុយនីស្ត​នៅ​ប្រទេស​រុស្ស៊ី​ទៀត​ និង​បាន​រឹប​អូសទ្រព្យ​សម្បត្តិ​គណបក្ស​​​នេះ​អស់។ ​លោក​ Yeltsin ​បាន​ទទួល​ស្គាល់​ឯករាជ្យ​នៃ​បណ្ដា​រដ្ឋ​នៅ​សមុទ្រ​បាល់ទិក​មួយ​ចំនួន​ ក្នុង​នោះ​មាន​អ៊ុយក្រែន​មុន​គេ​ និង​ក្រោយ​មក​​​មាន​រដ្ឋ​ជា​ច្រើន​ទៀត។

​រដ្ឋ​ដែល​ផ្ដាច់​ចេញ​​ និង​ទទួល​បាន​ឯករាជ្យ​​​ពី​សហភាព​សូវៀត​រហូត​មក​ដល់​បច្ចុប្បន្ន​​មាន​ចំនួន​១៥​​គឺ​៖ ​អាមិននៀ​ អាហ្សេបៃហ្សង់​ ​បេឡារូស​ ​អេស្តូនី​ ​ហ្សកហ្ស៊ី​ កាហ្សាក់ស្ថាន​ គីជីសស្ថាន​​​ ឡាតវី​ លីទុយអានី​ ​ម៉ុលដូវ៉ា​​ ​រុស្ស៊ី​ តាហ្ស៊ីគីស្ថាន​ ទួរមេនីស្ថាន​ អ៊ុយក្រែន​ និង​អ៊ូបេគីស្ថាន៕