ចំណេះដឹងទូទៅ៖ ស្វែងយល់​ពីពាក្យថា “​ម៉ាក្រូសេដ្ឋកិច្ច” តើមានអត្ថន័យដូចម្ដេច?

ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) ជា​វិស័យ​សេដ្ឋកិច្ច​ដែល​សិក្សា​អំពី​ដំណើរ​ប្រព្រឹត្ត​ទៅ – រចនាសម្ព័ន្ធ​ – អាកប្បកិរិយា និង​ការ​ប្រកាន់យក​បែបផែន​សេដ្ឋកិច្ច​ជាតិ​បែប​ណា​។ ម៉ាក្រូសេដ្ឋកិច្ច​ផ្ទុយ​ពី​ការ​សិក្សា​អំពី​សេដ្ឋកិច្ច​ជា​លក្ខណៈ​គ្រួសារ ឬ​បុគ្គល។ ឧទាហរណ៍៖ ការ​បើក​ហាង​លក់​ទំនិញ ឬ​ការ​បើក​ក្រុមហ៊ុន​ជា​ប្រភេទ​ឯក​កម្មសិទ្ធិ – សហកម្មសិទ្ធិ ឬ​សាជីវកម្ម ក៏​មិន​ត្រូវ​បាន​ចាត់​ចូល​ថា​ជា​ប្រភេទ​ម៉ាក្រូសេដ្ឋកិច្ច​ឡើយ ប៉ុន្តែ​ជា​ទម្រង់​មីក្រូសេដ្ឋកិច្ច​ទៅ​វិញ។ និយាយ​មួយ​ម៉ាត់​យ៉ាង​ខ្លី គឺ​ម៉ាក្រូសេដ្ឋកិច្ច​សំដៅ​លើ​បែបផែន​សេដ្ឋកិច្ច​ជាតិ សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​អន្តរជាតិ។

​វិស័យ​សំខាន់ៗ​ដែល​ម៉ាក្រូសេដ្ឋកិច្ច​យក​មក​សិក្សា​មាន​ដូចជា ៖ 1- ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប​នៃ​ប្រទេស​មួយ ឬ​ហៅ​ម្យ៉ាងទៀត​ថា​ទំហំ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ 2- ​អត្រា​និកម្មភាព​ ឬ​អត្រា​មនុស្ស​អត់​ការងារ​ធ្វើ (unemployment rates) 3- ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ (price indexes)។ ​

ការ​សិក្សា​អំពី​កត្តា​ទាំង​នេះ ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​មួយ។ ឧទាហរណ៍៖ គេ​អាច​ដឹង​អំពី​ប្រាក់​ចំណូល​សរុប​របស់​ជាតិ – ​ទំហំ​ផលិតផល និង​សេវាកម្ម​ជាតិ – ​ទំហំ​នៃ​ការ​ប្រើប្រាស់​ទំនិញ​សរុប​ទូទាំង​ប្រទេស – ​អត្រា​និកម្មភាព – អត្រា​អតិផរណា (តម្លៃ​សាច់​ប្រាក់​ចុះ​ថោក) – ​ការ​សំចៃ​ថវិកា​ជាតិ – ​វិស័យ​វិនិយោគ – ​ទំហំ​នៃ​ការ​នាំ​ចេញ-នាំ​ចូល​ទំនិញ និង​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ។

ម៉ាក្រូសេដ្ឋកិច្ច​មាន​លក្ខណៈ​ធំ​ទូលាយ ព្រោះ​ត្រូវ​សិក្សា​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រាក់​ចំណូល​ជាតិ​ប្រែប្រួល (ថយ​ចុះ ឬ​កើន​ឡើង) ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​មុននិង​ឆ្នាំ​នេះ ឧទាហរណ៍៖ គេ​ប្រៀបធៀប​ត្រីមាស​ទីមួយ​ឆ្នាំ២០១៨ ទៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ២០១៧។ល។ ​ម្យ៉ាងទៀត​គេ​ត្រូវ​សិក្សា​ថា​នៅ​ពេល​ដែល​ចំណូល​ប្រែប្រួល​បែប​នេះ​វា​មាន​រឿង​អ្វី​កើត​ឡើង។ របៀប​នេះ​គេ​ហៅ​ថា​វដ្ដ​អាជីវកម្ម ឬ​ខួប​អាជីវកម្ម (business cycle)។

ក្រៅ​ពី​នោះ គេ​ក៏​ត្រូវ​សិក្សា​អំពី​កំណើន​សេដ្ឋកិច្ច​។ ក្នុង​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច គឺ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ខាង​ផ្នែក​នេះ ឯកជន​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ។ រដ្ឋ​ប្រើ​សន្ទស្សន៍ និង​ការ​ព្យាករណ៍​ដើម្បី​ដាក់ចេញ​នយោបាយ​សេដ្ឋកិច្ច​ជាតិ និង​ការ​វាយតម្លៃ​និង​លើក​ទិសដៅ​សម្រាប់​រយៈ​ពេល​ខាង​មុខ។ ជា​ទូទៅបញ្ញត្តិ​សំខាន់ៗ​នៅ​ក្នុង​ម៉ាក្រូសេដ្ឋកិច្ច​មាន​៣​ចំណុច៖

ទំហំ​នៃ​ការ​លក់​ផលិតផល និង​សេវាកម្ម​របស់​ប្រទេស​មួយ

គេ​អាច​ដឹង​ថា​ប្រទេស​មួយ​មាន​ទំហំ​សេដ្ឋកិច្ច​កម្រិត​ណា​តាម​រយៈ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP)។ ទំហំ​ផលិតផល​ក្នុង​ស្រុក​អាច​ថយ​ចុះ កើន​ឡើង ឬ​នៅ​ទ្រឹង​ដែល​គេ​ហៅ​ថា​កំណើន​សេដ្ឋកិច្ច (economic growth) អាស្រ័យ​លើ​ការ​រីក​ចម្រើន​ផ្នែក​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ។ ឧទាហរណ៍៖ វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​នោះ​រីក​ចម្រើន ជីវភាព​ប្រជាពលរដ្ឋ​ធូរធារ​ជាង​មុន។ល។

អត្រា​មនុស្ស​អត់​ការងារ​ធ្វើ

អត្រា​មនុស្ស​អត់​ការងារ​ធ្វើ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កម្លាំង​ពលកម្ម (labor force) និង​ទីផ្សារ​ពលកម្ម ឬ​ទីផ្សារ​ការងារ (labor market or job market)។

អតិផរណា និង​បរិត្តផរណា

​នៅ​ពេល​ទំនិញ​ឡើង​ថ្លៃ គេ​ហៅ​ថា​អតិផរណា។ នៅ​ពេល​ទំនិញ​ធ្លាក់​ថ្លៃ គេ​ហៅ​ថា​បរិត្តផរណា។ អតិផរណា​អាច​កើត​មាន​នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​ទំហំ​សេដ្ឋកិច្ច​ធំ និង​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស​ពេក។ ធនាគារ​កណ្ដាល ឬ​ធនាគារ​ជាតិ​មាន​នាទី​ត្រួតពិនិត្យ​ការ​ផ្គត់ផ្គង់​សាច់​ប្រាក់ និង​រិះរក​វិធី​បញ្ចៀស​ករណី​តម្លៃ​សាច់​ប្រាក់​ឡើង​ចុះ​មិន​ទៀង ដោយ​ដាក់ចេញ​នយោបាយ​ហិរញ្ញវត្ថុ (monetary policy)។ ក្នុង​ករណី​មាន​អតិផរណា​កើត​ឡើង ធនាគារ​កណ្ដាល​បញ្ចុះ​អត្រា​ការប្រាក់​បញ្ញើ​ដែល​គេ​យក​ទៅ​ដាក់​នៅ​តាម​ធនាគារ​ឯកជន និង​បញ្ចុះ​ការ​ផ្គត់ផ្គង់​សាច់​ប្រាក់ ឬ​បន្ថយ​ការ​បោះពុម្ព​ក្រដាស​ប្រាក់៕