ចំណី​អាហារ​ហូរហៀរពេក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​បរិភោគ​​​មិន​គ្រប់​ទៅ​ទៀត

អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​បណ្ដាល​មក​ពី​ធាត់​ជ្រុល មានច្រើន​ជាង​អ្នក​ស្លាប់​ដោយ​ដាច់​ពោះ។ ពិភពលោក​ត្រូវ​បាន​ចែក​ជា​ប្រភេទ​អ្នក​ហូបចុក​មិន​គ្រប់គ្រាន់ និង​អ្នក​សម្បូរ​ចំណី​អាហារ​ឆ្ងាញ់ៗ​ ​សារធាតុ​ខ្លាញ់​មាន​ច្រើន​ជ្រុល​ក្នុងខ្លួន ហើយ​កើត​អាការៈ​ធាត់​។

កាលណា​ធាត់​ជ្រុល នឹង​ប្រឈម​នឹង​ជំងឺ​ច្រើន​ប្រភេទ នាំ​វិវត្ត​ទៅ​រក​សេចក្ដី​ស្លាប់។ ក្នុង​ចំណោម​មនុស្ស​ទាំង​ជាង ៧ពាន់​លាន​នាក់​ទូទាំង​ពិភពលោក អ្នក​ដែល​ធាត់​ជ្រុល​មាន​ប្រមាណ ៦៧១លាន​នាក់ ហើយ​អ្នក​ធាត់​ទាំង​នោះ​រស់​នៅ​ក្នុង​ប្រទេស​ចំនួន ១០ប្រទេស ដោយយោងទៅលើ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ចំនួន ១៨៨ ប្រទេស។​ «អាការៈ​ធាត់» ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។

​អ្នក​ដែល​ស្លាប់​ដោយ​បរិភោគ​អាហារ​មាន​វីតាមីន និង​សារធាតុ​បំប៉ន​ខ្លាំង​ពេក​នោះ មាន​ចំនួន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយ​ខ្វះ​អាហារូបត្ថម្ភ។ មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ម្នាក់​ធាត់​ជ្រុល បណ្ដាល​មក​ពី​បរិភោគ​អាហារ​ដែល​នាំ​ឲ្យ​លើស​កាឡូរី (calorie) រហូត​ដល់​សព៌ាង្គកាយ​អស់​លទ្ធភាព​ដុត​បំផ្លាញ​កាឡូរី ទៅ​ជា​ថាមពល​បម្រើ​ឲ្យ​រាងកាយ។ ​កាឡូរី​ ចេះ​តែ​លើស​ច្រើន​ឡើងៗ​នៅ​ក្នុង​ខ្លួន​ បណ្ដាល​ឲ្យ​ធាត់។

អាស្រ័យ​ដោយ​សារ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប មនុស្ស​បំពេញ​ការងារ​ ដោយ​ប្រើ​ថាមពល​តិច​ជាង​មុន។ ​ការងារ​ប្រភេទ​ខ្លះ​តម្រូវ​ឲ្យ​មនុស្ស​អង្គុយ​សំកុក​តែ​នៅ​ក្នុង​ការិយាល័យ មុខ​កុំព្យូទ័រ។ ពេល​ខ្លះ រវល់​ពេក ភ្លេច​គិត​រឿង​បាយទឹក ឬ​អាហារ​ពេល ប៉ុន្តែ​បរិភោគ​អាហារ​សម្រន់​សម្បូរ​ជាតិ​ម្សៅ – អាហារ​ត្រជាក់ៗ និង​ផឹក​ទឹក​ក្រូច​ដាក់​មេ​ស្ករ – លុះ​យូរៗ​ទៅ រឿង​អី​មិន​ធាត់?

អស់​ពី​ធាត់​ល្មម ចូល​ដល់​ធាត់​ជ្រុល ហើយ​ចាប់​ផ្ដើម​វិវត្ត​ខ្លួន​កើត​ជំងឺ​ទឹកនោមផ្អែម – លើស​សម្ពាធ​ឈាម – ខ្លាញ់​រុំ​បេះដូង – ខ្សោយ​តម្រង​នោម – មហារីក។ល។ ​​ផល​វិបាក​ដែល​បណ្ដាល​មក​ពី​ភាព​ធាត់​ជ្រុល​នេះ ប្រសិនបើ​គេ​ទូទាត់​ជា​សាច់​ប្រាក់​ក្នុង​មួយ​ឆ្នាំៗ​គឺ ២ ត្រី​លាន ឬ​ ២ ពាន់​ពាន់​លាន​ដុល្លារ (trillion)។

តើ​គេ​មាន​ដំណោះ​ស្រាយ​សម​ស្រប​ដែរ​ឬ​ទេ នៅ​ចំពោះ​មុខ​ហានិភ័យ​បណ្ដាល​មក​ពី​ភាព​ធាត់​ជ្រុល?

​នៅ​ក្នុង​លោក​នេះ វិធី​សម្រក​ទម្ងន់ ឬ​ដំឡើង​ទម្ងន់​ដែល​សមស្រប និង​មាន​ប្រសិទ្ធភាព​បំផុត គឺ​ការ​ហាត់​ប្រាណ។ គេ​មិន​នឹក​ស្មាន​ថា​ការ​ហាត់​ប្រាណ​មាន​សារៈ​សំខាន់​ដល់​ម្លឹង​សោះ គឺ​ការ​ហាត់ប្រាណ​កម្ចាត់​គ្រប់​រូបភាព​អវិជ្ជមាន​ផង​ទាំង​ពួង។ ​សារធាតុ​ពុល ឬ​ខ្លាញ់​នៅ​ក្នុង​ខ្លួន មិន​អាច​នៅ​ក្នុង​ខ្លួន​ទេ ប្រសិនបើ​ហាត់​ប្រាណ​ឲ្យ​បាន​ខ្លាំង​ក្លា និង​កំណត់​របប​អាហារ​សម​ស្រប។ 

ក្នុង​ករណី​លោក​អ្នក​ធាត់​ដល់​ថ្នាក់​ដុះ​ក្បាល​ពោះ​ធំ​ក៏​ដោយ នៅ​ពេល​ដែល​លោក​អ្នក​ហាត់​ប្រាណ​ត្រឹម​តែ​ដប់​នាទី លោក​អ្នក​នឹង​ទទួល​អារម្មណ៍​ល្អ​ប្រសើរ​ជាង​មុន។ វិធី​ហាត់​ប្រាណ​សម្រាប់​អស់​លោក​អ្នក​ដែល​ធាត់​ខ្លាំង​មិន​អាច​រត់​បាន គឺ​ដើរ​ធម្មតា ឬ​បើ​មាន​អាង​ទឹក គ្រាន់​តែ​កាន់​បង្កាន់​ដៃ​អាង​ហែល​ទឹក ហើយ​មិន​ចាំ​បាច់​ហែល​ក៏​បាន​ដែរ គ្រាន់តែ​យក​ជើង​ធាក់​ទឹក​ ធ្វើ​ជើង​ខ្វៃៗ​ក្នុង​ទឹក ​ក៏​បាន​លទ្ធផល​ដូច​ហែល​ទឹក​ផង​ដែរ៕