គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ពីការប្រើប្រាស់ Keyboard និង Mouse កុំព្យូទ័រ ដែល​អ្នក​មិន​ដែល​ចាប់អារម្មណ៍​ទាល់តែ​សោះ

​បច្ចុប្បន្ន​នេះមនុស្ស​មាន​ការ​ពឹងផ្អែក​ខ្លាំង ទៅលើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​ប្រចាំថ្ងៃ​ សម្រាប់​បំពេញ​ការងារ ប្រកប​ដោយ​ប្រសិទ្ធភាព​ និងសន្សំសំចៃ​ពេលវេលា។ ទោះជា​យ៉ាងណា ទន្ទឹម​គុណសម្បត្តិ កុំព្យូទ័រ​ក៏​នៅ​មាន​គុណវិបត្តិ​មួយ​ចំនួន​ដែល​មនុស្ស​មួយ​ចំនួន​បាន​មើល​រំលង ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​បាន។ ជាក់ស្ដែង Keyboard និង Mouse កុំព្យូទ័រ​ដែល​​​អ្នក​តែង​ប្រើប្រាស់​ប្រចាំថ្ងៃ គឺ​បង្កប់​ដោយ​បាក់តេរី និង​មេរោគ​ផ្សេងៗ​ដែល​អ្នក​មិន​បាន​ចាប់អារម្មណ៍ទាល់តែសោះ។ 

Keyboard និង Mouse គឺ​ជា​ឧបករណ៍​បញ្ចូល​ព័ត៌មាន (Input Device) ដែល​ប្រើ​សម្រាប់​បញ្ចូល​ទិន្នន័យ ឬ​សម្រាប់​បញ្ជា​លើ​កិច្ចការ​ផ្សេងៗ​បាន​រហ័ស និង​សម្រាប់​វាយ​អក្សរ។ ដូច្នេះ​ឧបករណ៍​ទាំងពីរ​នេះ គឺ​ផ្ដល់​សារប្រយោជន៍​បំផុត​ដល់​អ្នក​ប្រើ គឺ​​ឧបករណ៍​មិន​​អាច​​ខ្វះ​បាន​​របស់​កុំព្យូទ័រ​។

កុំ​ថា​ឡើយ លោកអ្នក​រវល់​ច្រើន ឬ​មមាញឹក​នឹង​ការងារ​រើ​ខ្លួន​មិន​រួច សូម្បី​តែ​ចំណាយពេល ២-៣ថ្ងៃ​ម្ដង ដើម្បី​ជូត​សម្អាត Keyboard នោះ ទោះបី​អ្នក​សម្អាត​រាល់ថ្ងៃ ក៏​ច្បាស់ជា​មិន​អាច​រក្សា​អនាម័យ​បាន​ដែរ ពោល​វា​គ្រាន់តែ​កាត់បន្ថយ ភាព​កខ្វក់​នៅ​លើ Keyboard មួយ​ចំណែក​ប៉ុណ្ណោះ។

ជា​ធម្មតា​លោកអ្នក គឺ​ប្រើ​ដៃ​សម្រាប់​ចាប់កាន់ Mouse និង​ម្រាមដៃ​សម្រាប់​ចុច Keyboard ម្យ៉ាងទៀត នៅ​ពេល​អ្នក​មិន​ប្រើ គឺ​មាន​ធូលី​ហុយ​ប្រឡាក់​ខ្លាំង ដូច្នេះ​ឧបករណ៍ Input Device ទាំងពីរ​នេះ គឺ​ផ្ទុក​ដោយ​ធូលី និង​មេរោគ​យ៉ាងច្រើន ដែល​ជា​ភ្នាក់ងារ​អាច​ចម្លង​រោគ និង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ​បាន។

ឧទាហរណ៍ អ្នក​យក​អាហារ​​ប្រភេទ​ Fast Food​ ដូច​ជា សាំងវិច ហេមប៊ឺហ្គឺ ឬ​ប្រភេទ​អាហារ​កញ្ចប់​ផ្សេងៗ​ដែល​ត្រូវការ​ប្រើ​ដៃ​ចាប់កាន់។ ពេលនោះ អ្នក​កាន់​ចំណី​ញុំា​បណ្ដើរ ហើយ​ប្រើប្រាស់ Mouse និង Keyboard បណ្ដើរ។ នេះ​គឺ​ជា​សកម្មភាព​ដែល​ងាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន។

អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ទូរស័ព្ទ Keyboard/Mouse កុំព្យូទ័រ និង​សូម្បី​តែ​ដៃ​ទ្វារ ដែល​តែងតែ​មាន​ការ​ចាប់កាន់​ជា​រៀងរាល់​ថ្ងៃ​នោះ គឺ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដោយសារ​ភាព​កខ្វក់​ដែល​បង្កប់​ដោយ​បាក់តេរី​យ៉ាង​ច្រើន​នៅ​លើ​នោះ។ 

ក្រសួង​សុខាភិបាល​របស់​ប្រទេស​​ទួរគី ធ្លាប់​បាន​ប្រកាស​ប្រាប់​ប្រជាជន​​ថា ប្រសិន​របស់របរ​ប្រើប្រាស់ ពិសេស​ឧបករណ៍​អេឡិចត្រូនិក​ដែល​កំពុង​មាន​ការ​និយម​ប្រើប្រាស់​ខ្លាំង មាន​ការ​ចាប់កាន់​ញឹកញាប់​ច្រើន ហើយ​មិន​បាន​សម្អាត ក៏​ដូច​ជា​មិន​បាន​ប្រយ័ត្ន​ក្នុង​ការ​រក្សា​អនាម័យ​នោះ​ទេ នោះ​មេរោគ​ផ្សេងៗ​អាច​នឹង​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ (អ្នក​ចាប់​កាន់​ឧបករណ៍​ស្មោកគ្រោក​)។

ចំណែក​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុខភាព​និង​ការពារ​ជំងឺ​ឆ្លង​របស់​អាមេរិក ក៏​ធ្លាប់​បាន​រាយការណ៍​ដែរ​ថា មេរោគ​ផ្សេងៗ​បាន​ផ្ទុះ​ឡើង​នៅ​សាលា​បឋមសិក្សា​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ២០០៧ ធ្វើ​ឱ្យ​ក្មេងៗ​សិស្ស​សាលា​ឈឺ​ចំនួន​ជាង ១០០នាក់ ដោយសារ​សម្ភារៈ​កុំព្យូទ័រ​កខ្វក់។ 

សូម​បញ្ជាក់​ថា ​គ្រាន់តែ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​ចំណាយ​ពេល​ច្រើន​ម៉ោង​ពេក​គឺ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៅ​ហើយ ជាក់ស្ដែង ប៉ះពាល់​សុខភាព​ដោយសារ​វិទ្យុសកម្ម ដោយសារ​ឥរិយាបថ​ប្រើប្រាស់​មិន​ត្រឹមត្រូវ (ផ្អៀង​ក ផ្អៀង​ស្មា) ប្រើ​ពេល​យូរ​សំកុក​មុខ​កុំព្យូទ័រ និង​អង្គុយ​កៀក​នឹង​ Monitor ពេក​ក៏​អាច​​ធ្វើ​ឱ្យ​ក្ដៅ​ ឬ​ក្រហាយ​ភ្នែក​ផង​ដែរ។

ក្រៅ​ពី Keyboard និង Mouse កុំព្យូទ័រ​ក៏​នៅ​មាន​ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​ទៀត​ដែល​អាច​ចម្លង​មេរោគ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​បាន​​ពិសេស​គឺ​ស្មាតហ្វូន និង​ថេប្លេត​ដែល​កំពុង​មាន​ការ​ពេញនិយម​ប្រើប្រាស់​ច្រើន​នាពេល​បច្ចុប្បន្ន៕