គួរ​សិក្សា​ចំណុច​អ្វីខ្លះ​ មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​ជាន់​ទី២?

ការទិញ​ផ្ទះ​គឺជា​រឿង​សំខាន់​មួយ​ ដែល​យើង​គួរ​សិក្សា​ស្វែងយល់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ជៀសវាង​​​បញ្ហា​ផ្សេង​​ៗ​​ ដែល​អាច​កើត​មាន​​នៅ​ពេល​អនាគត​​នាំ​ឲ្យ​ស្តាយក្រោយ។ បច្ចុប្បន្នបើ​យើង​គិតពី​ផ្ទះ​នៅភ្នំពេញ​គឺមាន​តម្លៃ​ថ្លៃ ព្រោះ​ជា​កន្លែង​ផ្តុំ​ទៅដោយ​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម និង​ជា​កន្លែងធ្វើការ។​ ​បើ​ចង់​ទិញ​ផ្ទះ​នៅ​ជាន់​ទីមួយ​ទៀត​នោះ​កាន់តែ​ថ្លៃ ចុះ​បើទិញជា​ន់ទី២វិញ​ម៉េច​ដែរ?​

​​នៅ​ទីក្រុង​ភ្នំពេញ​ បើ​តាម​ការ​សង្កេត​ជាក់​ស្ដែង​​ តំបន់​ធំ​ៗ​ពីរ​ដែល​​សម្បូរ​ទៅ​​​ដោយ​អ្នក​ទិញ​​ផ្ទះ​​នៅ​ជាន់​ទី​ពីរ​​គឺ​​ នៅ​តំបន់​​អូរឫស្សី​ និង​​តំបន់​ផ្សារ​​ថ្មី។ ​នៅ​កន្លែង​ខ្លះ​តម្លៃ​​ផ្ទះ​នៅ​ជាន់​ទី​ពីរ ​គឺ​ថ្លៃ​ជាង​ផ្ទះ​ល្វែង​​ទិញ​​ថ្មី​ទៅ​ទៀត។ បើ​ចង់​ទិញ​ផ្ទះ​នៅ​ជាន់​ទី២ គួរស្វែងយល់​ពីអ្វី​ខ្លះ?​​ អ្នកទិញ​គួរ​គិតពី​ចំណុច​ដូចខាងក្រោម៖

1- មើល​គ្រឹះ​ផ្ទះ​ដែល​នៅ​ជា​ន់ទី១ឲ្យ​បានល្អ៖ ​​​សង្កេត​​មើល​ឲ្យ​បាន​ច្បាស់​ថា​តើ​​នៅ​ជាន់​ទី​មួយ​មាន​ស្នាម​​ពុក​ ឬ​បែក​ ឬ​ស្នាម​ប្រេះ​កន្លែង​ណា​ដែរ​ឬ​អត់​ព្រោះ​ថា​ បើ​មាន​វា​​​ជា​បច្ច័យ​មិន​ល្អ​ដល់​​​ផ្ទះ​ជាន់​ទីពីរ​​។ ​​

2- មើល​ច្រក​ឡើង (ផ្លូវ​ងងឹត​ ឬ​អត់)៖ ​​ច្រក​ផ្លូវ​ឡើង​​ គួរ​តែ​​ពន្លឺ​គ្រប់​គ្រាន់​ មិន​ងងឹត​ដែល​នាំ​ឲ្យពិបាក​ឡើង។ ​ជា​ពិសេស​យើង​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​​​​​​ទំហំ​ផង​ដែរ។ អ្នក​ទិញ​មិន​គួរ​ទិញ​​​​ផ្ទះ​នៅ​ជាន់​ខាង​លើ​ដែល​មាន​​ផ្លូវ​ឡើង​ទំហំ​​ត្រឹម​តែ​៨​តឹក​នោះ​ទេ​ ព្រោះ​ថា​វា​ពិបាក​ឡើងណាស់។ ​​

3- ពិនិត្យ​ឯកសារ​ផ្ទះ​ដែល​ត្រូវ​ទិញ៖ ​ក្រៅ​ពី​គុណភាព​សំណង់​ ​រាល់​ឯកសារ​កម្មសិទ្ធិ​​ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​​​ច្បាស់​លាស់​ ​ក្រែង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​​ ឬ​ជាប់​ក្នុង​ការ​បញ្ចាំ​ដាក់​នៅ​ធនាគារ​ ឬ​ក៏​លិខិត​​បញ្ជាក់​កម្មសិទ្ធិ​ជា​លិខិត​ក្លែង​ក្លាយ​ជា​ដើម​។ ​​នៅ​ពេល​ដែល​មាន​​ទិញ​ដូរ​ជា​មួយ​គ្នា​ ភាគី​អ្នក​ទិញ​ត្រូវ​​​ធ្វើ​កិច្ច​សន្យា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជៀស​វាង​បញ្ហា​ក្ដីក្ដាំ​នៅ​ពេល​ខាង​មុខ​។ បើ​សិន​ជា​មិន​ចេះ​ធ្វើ​ទេ​ គួរ​​តែ​ពឹង​ពាក់​អ្នក​ជំនាញ​ឲ្យ​ជួយ។​​​​​​

4- ថ្លឹង​ថ្លែង​តម្លៃ ​៖ ​​ចំណុច​សំខាន់​មួយ​ទៀត​​នោះ​គឺ​ថា ​អ្នក​ទិញ​គួរ​​ពិនិត្យ​មើល​តម្លៃ​​ថា​តើ​បើ​តម្លៃ​ទិញ​ផ្ទះ​ជាន់​ទី​ពីរ​នៅ​កណ្ដាល​ក្រុង​នោះ​​ថ្លៃ​ស្មើ​ ឬ​ខុស​គ្នា​បន្តិចបន្តួច​​​ទៅ​នឹង​តម្លៃ​ទិញ​ផ្ទះ​នៅ​ជាន់​ទី​មួយ​នៅ​ជាយ​ក្រុង​ ឬ​​ផ្ទះ​ល្វែង​ដែល​នៅ​ឆ្ងាយ​ពី​ក្រុង​បាន។ ​​​

ការ​ទិញ​ផ្ទះ​នៅ​ជាន់​ទី​មួយ​​មាន​​សារសំខាន់​ទោះ​​​បី​នៅ​​ជាយ​ក្រុង​ក៏​ដោយ​ព្រោះ​ថា​ ​ថ្ងៃ​ក្រោយ​​យើង​អាច​កែ​កុន​ ឬ​​ឡើង​ជាន់​ទី​​ពីរ​​បន្ត​ទៀត​បាន​ និង​ងាយ​ស្រួល​ទុក​ដាក់​ម៉ូតូ​ រថយន្ត​។ ​ម្យ៉ាង​ទៀត​ វា​មិន​​​​រញ៉េរញ៉ៃ​​ដូច​​ទិញ​ផ្ទះ​នៅ​​ជាន់​​​ទី​ពីរ​ ឬ​ទី​បី​​​នោះ​ទេ។ ​

នៅ​ស្រុក​គេ​​​គឺ​ចម្ងាយ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ​គឺ​ឆ្ងាយ​ជាង​​​អ្នក​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ឆ្ងាយ​ណាស់​ ដូច្នេះ​ការ​ទិញ​ផ្ទះ​នៅ​ជាន់​​ផ្ទាល់​ដី​នៅ​ជាយ​ក្រុង​ដែល​មាន​​តម្លៃ​ប្រហាក់​ប្រហែល​ ឬ​ធូរ​​ថ្លៃ​ជាង​ទិញ​នៅ​ជាន់​ទី​ពីរ​​​កណ្ដាល​ក្រុង​ គឺ​ជា​ជម្រើស​ល្អ​ជាង​​​។ ​​​​​​​​​​ការ​ទិញ​ផ្ទះ​ជាន់​ផ្ទាល់​ដី​នៅតាម​ជាយក្រុង​​​​​ក៏​​មិន​ខុស​​ដែរ​ ព្រោះ​បន្តិចទៀត​ទីក្រុង​នឹង​ពង្រីក​​ និង​ក្លាយ​ជា​​​ទីប្រជុំជន​ដូច​តំបន់​កណ្ដាល​ក្រុង​ដែរ។