គន្លឹះ “៦ចំណុច” ធ្វើ​ឲ្យ​បុគ្គលិក​បំពេញ​ការងារ​កាន់តែ​រីកចម្រើន​

សម្រាប់​ក្រុមហ៊ុន​​​ធំៗ​ជា​ច្រើន ភាព​អសកម្ម​នានា​ដែល​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​បញ្ញា​ស្មារតី​​ដល់​បុគ្គលិក​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​ខ្លាំង​ណាស់​​ ព្រោះ​វា​ជះ​ឥទ្ធិពល​​ជា​វិជ្ជមាន​ដល់​សមិទ្ធផល​ការងារ​របស់​បុគ្គលិក។ យ៉ាងណាមិញ​ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​សូវ​បាន​សិក្សា​ច្បាស់លាស់​ឲ្យ​ស៊ីជម្រៅ​លើ​បញ្ហា​ទាំង​នោះ​ឡើយ ​ប៉ុន្តែ​​បាន​ព្យាយាម​ឲ្យ​ពួកគេ​​អនុវត្ត​ការងារ​ទាំង​នោះ​ដោយ​បង្ខំចិត្ត​ទាំង​លទ្ធផល​ត្រដាបត្រដួស​មិន​ជាទី​គាប់ចិត្ត។ នេះ​គឺជា​បញ្ហាដែលត្រូវយកចិត្តទុកដាក់ ដូច្នេះ​ហើយ​បាន​ជា​យើងលើកយកគន្លឹះ​ចំនួន ​៦ចំនុចខាងក្រោម​នេះ​ដែល​អាច​ជួយ​ឲ្យ​បុគ្គលិក​​បំពេញ​ការងារ​កាន់តែ​ប្រសើរ។

១) ​​សម្រួល​​​ភាព​តានតឹង​ឲ្យ​ក្លាយ​​ជា​វិជ្ជមាន (Instigate positive stress)

ភាព​តានតឹង​នៅ​កន្លែង​ការងារ​ប្រៀប​ដូច​ជា​ការ​ហាត់ប្រាណ​ដែរ ពោល​បើ​អ្នក​ហាត់ប្រាណ​ឈាម​​​នឹង​រត់​បាន​ស្រួល។ សម្រាប់​​បរិយាកាស​នៅ​កន្លែង​ការងារ​​វិញ​ បើ​បុគ្គលិក​​មាន​ភាព​តានតឹង​ តែ​អ្នក​គ្រប់គ្រង​បាន​​ធ្វើ​ឲ្យ​​​ស្ថានការណ៍​នោះ​ប្រែ​មក​ភាព​វិជ្ជមាន​ឡើង​វិញ បុគ្គលិក​​ក៏​​​មាន​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ​​​ដែរ​។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​ទទួល​បាន​ជោគជ័យ​ក្នុង​ចំណុច​នេះ?

ក្នុង​នាម​ជាចៅហ្វាយនាយ អ្នក​ត្រូវ​តែ​ដឹកនាំ​បុគ្គលិក​ឆ្ពោះ​ទៅ​កាន់​ទីតាំង​មួយ​​ដែល​ល្អ​​ជាង​មុន ដោយ​​ការ​សាកសួរ​​ប្រឹក្សា​ពី​បញ្ហា​ និងផ្តល់​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ចិត្ត ឬចំណេះដឹង​ដល់​ពួកគេ​ដោយ​ស្មើភាព​​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​​។ លទ្ធផល​មួយ​ដែល​​អ្នក​​គ្រប់គ្រង​បាន​ឃើញ​នៅ​ទី​នេះ​នោះ​គឺ បើ​សម្ពាធ​ការងារ​ ឬភាព​តានតឹង​បាន​ធូរស្រាល​មក​កាន់តែ​​​តូច​ជាង​សមត្ថភាព​របស់​​ពួកគេ ប្រសិទ្ធភាព​នៃ​ការងារ​ រួម​ទាំង​​​គំនិត​វិជ្ជមាន​​ថ្មីៗ​នឹង​កើត​មាន​ឡើង​វិញ​​ជា​មិន​ខាន។

២) បង្ហាញ​ភាព​វិជ្ជមាន​ក្នុង​ការ​អនុវត្ត​គម្រោងការងារ (Use positive framing)​​​​

ផ្នត់គំនិត​គឺ​ពិត​ជា​មាន​តម្លៃ​ធំធេង​ណាស់​ក្នុង​នាម​អ្នក​ជា​​អ្នក​ដឹកនាំ និងទទួល​ខុសត្រូវ​លើ​ការងារ​របស់​បុគ្គលិក​ ដើម្បី​ដុះ​សំលៀង​ពួកគេ​អនុវត្ត​ការងារ​កាន់តែ​មុត​ស្រួច​ជាង​មុន។ សកម្មភាព​ដ៏​សាមញ្ញ​ដែល​អ្នក​អាច​បង្ហាញ​ពួកគេ​នៅ​ពេល​នេះ​គឺ​​ជំហរ​ និងឆន្ទៈ​របស់​អ្នក​នៅ​ពេល​ដែល​​​​​ប្រឈមមុខ​​រវាង​ការ​ទទួល​យក​ការងារ​ដ៏​​លំបាក​​មួយ​ និងការ​ចាប់​យក​ឱកាស​​​ថ្មី​មួយ។ អ្នក​នឹង​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ដ៏​ល្អ បើ​អ្នក​អាច​ធ្វើ​ឲ្យ​​ពួកគេ​មាន​ភាព​ជឿជាក់​មក​លើ​អ្នក​​ក្នុង​ស្ថានការណ៍​ដ៏​តឹង​តែង​នេះ។ នៅ​ពេល​ដែល​ភាព​ជឿជាក់​ជ្រាប់​ចូល​ទៅ​ដល់​បុគ្គលិក​គ្រប់គ្នា សមិទ្ធផល​របស់​បុគ្គលិក​ក៏​កើត​មាន​ទៅ​តាម​នោះ​ដែរ។

​​​​​​៣) កំណត់ និងបង្កើត​គោលដៅ​ឲ្យ​ស៊ីចង្វាក់​គ្នា​ (Set and agree upon goals)​

គោលដៅ​ដែល​អ្នក​ចង់​បាន​​ មិនមែន​ជា​ការ​​លោភលន់​ពេក​នោះ​ឡើយ។ ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ​ គោលដៅ​នោះ​ត្រូវ​ផ្តល់​អាទិភាព​លើ​ភាព​ប្រាកដប្រជា ​ការ​ប្រណាំងប្រជែង ការ​ប្ដេជ្ញា​ចិត្ត យន្តការ​​ក្នុង​ការ​​ជួយ​កែសម្រួល​ឡើង​វិញ និងពាក់ព័ន្ធ​សកម្មភាព​ជា​​ភារកិច្ច​ចូលរួម​ស្មុគស្មាញ​ច្រើន​ទៀត។

​អ្នក​គ្រប់គ្រង​ទូទៅ​​ត្រូវ​យល់​ឲ្យ​ស៊ី​ជម្រៅ​ទាំង​​នេះ​បន្តិច​ថា គោលដៅ​ដែល​ច្បាស់លាស់ ជានិច្ចកាល​បាន​ជួយ​ឲ្យ​បុគ្គលិក​បំពេញ​ការងារ​​​បាន​លទ្ធផល​កាន់តែ​ខ្ពស់​ជាង​ការ​លើកទឹកចិត្ត​​បាន​ត្រឹមតែ​ទ្រឹស្ដី​​។ ប៉ុន្តែ​ដោយសារ​​​​វិសមភាព​ក្នុង​ការ​ដឹកនាំ​មួយ​​ចំនួន​ក៏​បាន​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​អាក់អន់​ចិត្ត​ផង​​ដែរ ហេតុដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថាខ្លួន​ពិត​ជា​មាន​ចំណែក​​យ៉ាង​ធំធេង​លើ​សមិទ្ធផល​ទាំង​នោះ។

៤) លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​វាយតម្លៃ​លើ​ខ្លួនឯង (Encourage self-evaluation)

វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ទេ​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទទួល​ស្គាល់​កំហុស​ខ្លួនឯង។ នៅ​ពេល​ដែល​បុគ្គលិក​ម្នាក់​​មិនសូវ​បំពេញ​ការងារ​បាន​ជោគជ័យ នោះ​ក៏​ពីព្រោះ​តែ​បុគ្គលិក​ម្នាក់​នោះ​​មិន​​​​​បាន​ដឹង​ថា​ត្រូវការ​វា​មក​ធ្វើ​អ្វី។ ​បុគ្គលិក​ភាគច្រើន​​តែង​ប្រើ​ការ​ប៉ាន​ស្មាន​​​ដែល​ជំនាញ​ផ្ទាល់​ខ្លួន​​ទៅ​បំពេញ​ការងារ​របស់​ពួកគេ​ដោយ​ភ្លេច​ថា ការ​ស្គាល់​ពី​ភាព​ខ្សោយ​របស់​ខ្លួន​គឺ​ជា​​​គន្លឹះ​ដែល​នាំ​ទៅ​រក​ការ​ផ្លាស់ប្ដូរ និងការ​បោះ​ជំហាន​ទៅ​មុខ។

នេះ​​ជា​បញ្ហា​ដែល​អ្នក​​គ្រប់គ្រង​ត្រូវ​បង្កើត​ប្រព័ន្ធ​ការងារ​មួយ​ដែល​ជួយ​កែសម្រួល និងវាយតម្លៃ​សមត្ថភាពរបស់​ពួកគេ ព្រម​ទាំង​ជួយ​លើ​កម្ពស់​ឲ្យ​ពួកគេ​​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​។ ​បើ​អវត្តមាន​ចំណុច​ទាំង​នេះ ក្រុមហ៊ុន​មួយ​មិន​អាច​មាន​បុគ្គលិក​ល្អៗ​​មក​ធ្វើ​ការ​​នោះ​ឡើយ។

៥) ផ្តល់​ភាព​ជា​គំរូ​នៅ​ក្នុង​ក្រុមហ៊ុន (Provide mentors)

ចំណុច​មួយ​ដែល​​អ្នក​គ្រប់គ្រង​នានា​មិន​ត្រូវ​មើល​រំលង​នោះ​គឺ​ការ​ផ្តល់​ភាព​ជា​គំរូ​នៅ​ក្នុង​ក្រុមហ៊ុន​​តាម​រយៈ​ការ​បំផុស​​ឲ្យ​មាន​​​បុគ្គល​ឆ្នើមៗ​ធ្វើ​ជា​បទពិសោធន៍​ដ៏​ល្អៗ​ និងមនសិការ​ខ្ពស់​​​។ ​បុគ្គល​ទាំង​នេះ​ត្រូវ​តែ​មាន​​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ ឬចែក​រំលែក​ចំណេះដឹង​ដល់​​បុគ្គលិក​ផ្សេងៗ​ទៀត​ឲ្យ​មាន​ជំនាញ​កាន់តែ​រឹងមាំ​ឡើង។

សូម​បញ្ជាក់​ថា ភាព​ជា​គំរូ​ដ៏​ល្អ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​អ្នក​​​មាន​កិត្យានុភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​លើកកម្ពស់​មុខមាត់​ក្រុមហ៊ុន ឬស្ថាប័ន​របស់​អ្នក​​ទៀត​ផង។ ទំនាក់ទំនង​ដ៏​ល្អ​តាម​រូបភាព​នេះ នឹង​ជួយ​ជំរុញ​ភាព​ពេញចិត្ត​ពេញ​ថ្លើម​នៅ​ក្នុង​កន្លែង​ការងារ និងកសាង​ភាព​ស្មោះត្រង់​​ទៅវិញ​ទៅមក​។

​​៦) បង្កើត​វប្បធម៌​ចែក​រំលែក​នៅ​ក្នុង​ក្រុមហ៊ុន (Create a build-the-resume culture)

វប្បធម៌​ដ៏​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​​មិន​ត្រូវ​មើល​រំលង​នោះ​គឺ វប្បធម៌​ចែក​រំលែក។ ការ​ចែក​រំលែក​ចំណេះដឹង​ដែល​ផ្តល់​ជំនាញ​យ៉ាង​ច្រើន​សំបូរ​បែប​​ដល់​បុគ្គលិក​ឯទៀត នឹង​ជួយ​​បង្កើន​គុណភាព​ការងារ​របស់​បុគ្គលិក​ទាំង​នោះ។ ទន្ទឹម​នឹង​នេះ​ បុគ្គលិក​ដែល​​ពូកែ​ចែក​រំលែក​ក៏​ជា​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន​ដែរ ដែល​​នេះ​មិន​ត្រឹមតែ​ជួយ​ជម្រុះ​ចោល​ភាព​ខ្វែង​គំនិត​គ្នា​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​​លុបបំបាត់​ចោល​​ភាព​អសកម្ម​នានា​ជា​ច្រើន​​ដែល​ប៉ះពាល់​ដល់​​បរិយាកាស​ការងារ​ទៀត​ផង៕