គន្លឹះ​​​​​​ “១៧​ចំណុច”​​​ ជួយ​ប្រែក្លាយ​អ្នក​ពី​​​​ជីវភាព​ក្រីក្រ​ ​ទៅ​ជា​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​​នៅ​ពេល​អនាគត

តើហេតុ​អ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​នៅ​តែ​ក្រ តែ​មនុស្ស​មួយ​ចំនួន​ទៀត​គឺ​ជា​អ្នក​មាន? អ្នក​ខ្លះ​មាន អ្នក​ខ្លះ​ក្រ​ តើមក​ពី​ព្រេងសំណាង​របស់​គេ ឬក៏​ព្រហ្មលិខិត​បាន​ចារ​មក​ពី​ជាតិ​មុន? ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ខិតខំ​រកស៊ី​ស្ទើរ​គ្មាន​ពេល​សម្រាក​តែ​នៅ​តែ​មិន​មាន។ តែ​​សម្រាប់​មនុស្សគ្រប់រូប​មិន​ប្រាកដ​ថាសុទ្ធតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ជីវភាព​​​ក្រីក្រ​រហូត​នោះ​​ដែរ​ឲ្យ​តែ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ទាំង​១៧​ចំណុច​នេះ។ ​​

១) ទិញ​អ្វី​ដែល​ចាំបាច់ កុំ​ទិញ​អ្វី​ដែល​អ្នក​ចង់​បាន

មាន​​កម្មវត្ថុ​ពីរ​​​យ៉ាង​​សម្រាប់​អ្នក​​មុន​ហូត​លុយ​ចេញ​ពី​ហោប៉ៅ​​​​នោះ​​គឺ​ ​ទិញ​អ្វី​ដែល​ចាំបាច់ ឬក៏​ទិញ​​អ្វី​ដែល​អ្នក​ចង់​បាន។ តែ​យ៉ាងណា​ក្តី​សូម​ឲ្យ​ប្រាកដ​ថា ដើម្បី​​ក្លាយ​ជា​អ្នក​មាន​បាន​លុះត្រា​តែ​អ្នក​ទិញ​អ្វី​ដែល​ចាំបាច់ជាជាង​ទិញ​អ្វី​ដែល​អ្នក​​គិត​ថា វា​​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​។

២) ចំណាយ​ឲ្យ​តិច​ជាង​ចំណូល​​

​ជា​ឧទាហរណ៍​អ្នក​រក​ចំណូល​បាន​២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អ្នក​បាន​ចំណាយ​ទៅ​វិញ​ត្រឹមតែ ​១៣០​ទៅ ១៥០ដុល្លារ​ក្នុង​មួយ​ខែ​ នោះ​មាន​ន័យ​ថាច្រក​ទ្វារ​ក្លាយ​ជា​អ្នក​មាន​បាន​កំពុង​រង់ចាំ​អ្នក។ តើ​បើ​ចំណាយ​ច្រើន​ជាង​ចំណូល​វិញ​នោះ មាន​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ក្រ​តែ​ប៉ុណ្ណោះ។

៣) ត្រូវ​ធានា​ថា អ្នក​មិន​ជំពាក់​ប្រាក់​គេ​រាល់​អ្វីៗ​ដែល​អ្នក​ទិញ

តម្លៃ​ស្នាក់​នៅ ហូប​ចុក ទិញ​សម្ភារៈ​ប្រើប្រាស់ និងការ​ចំណាយ​ផ្សេងៗ​ទៀត​នឹង​មិន​​​ធ្វើ​ឲ្យ​ធ្លាក់​ចូល​ក្នុង​​ក្រញាំ​​បំណុល​អ្នកដទៃ​លុះត្រា​តែ​អ្នក​​ធានា​ថា ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​ទូទាត់​​លើ​ការ​ចំណាយ​ទាំង​អស់​នេះ​បាន។ បើ​មិន​គ្រប់គ្រាន់​ទេ សាកល្បង​កាត់​បន្ថយ​ការ​ចំណាយ​ឡើង​វិញ​ឲ្យ​បាន​តិច​ជាង​មុន ហើយ​បង្កើត​គម្រោង​ហិរញ្ញវត្ថុ​មួយ​​ឲ្យ​មាន​ប្រសិទ្ធភាព។ ​

៤) ត្រូវ​ចេះ​អត់​ធ្មត់

អ្នក​នឹង​ជួប​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​នៅ​ពេល​ដែល​អ្នក​គ្មាន​លុយ​គ្រប់គ្រាន់​ក្នុង​ហោប៉ៅ​សម្រាប់​ចំណាយ​អ្វី​មួយ។ យ៉ាងណាមិញ សូម​កុំ​​ជំរុញ​ស្ថានការណ៍​នេះ​ឲ្យ​កាន់តែ​អាក្រក់​ជាង​មុន តែ​ត្រូវ​​រៀនសូត្រ​​​ឲ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់​បន្តិច ព្រោះ​គោលដៅ​របស់​អ្នក​មិន​អាច​សម្រេច​ក្នុង​មួយ​ប៉ប្រិចភ្នែក​បាន​ឡើយ។ វា​ត្រូវ​ការ​ពេលវេលា​រង់ចាំ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​បុព្វហេតុ​ទាំង​នោះ​ក្នុង​រយៈ​ពេល​ដ៏​យូរ។ ​

៥) ត្រូវ​​ប្រញាប់ប្រញាល់​សន្សំ​ប្រាក់​ទុក​

ដរាបណា​អ្នក​កាន់តែ​សន្សំ​ប្រាក់​បាន​កាន់តែ​ឆាប់ អ្នក​កាន់តែ​​ឆាប់​ក្លាយ​ជា​អ្នក​មាន។ ប្រសិន​បើ​អ្នក​មាន​លទ្ធភាព​សន្សំ​ប្រាក់​ទុក​ក្នុង​អាយុ​ខ្ទង់ ២០ ឬ៣០​ឆ្នាំ នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​ឈរ​នៅ​លើ​ទីតាំង​មួយ​ផុត​ចេញ​ពី​​​មាត់​ជ្រោះ​ភាព​ក្រីក្រ និងកាន់តែ​អាច​មាន​លទ្ធភាព​​​​ពង្រីក​អាជីព​ការងារ​កាន់តែ​ប្រសើរ​ឡើង​។

៦) ​ធ្វើ​ការ​ងារ​ដែល​អ្នក​ស្រលាញ់ កុំ​ធ្វើ​ការ​ដើម្បី​លុយ​​​​

បើ​អ្នក​ធ្វើ​ការងារ​​ដើម្បី​តែ​​​​លុយ​មួយ​មុខ​ មិន​ធ្វើ​ការងារ​ណា​​មួយ​ដែល​អ្នក​ពេញ​ចិត្ត​​ស្រប​តាម​សមត្ថភាព និងជំនាញ​របស់​អ្នក​ នោះ​ជីវិត​របស់​អ្នក​មិន​អាច​សម្រេច​​បំណង​ជា​ដុំ​កំភួន​បាន​ឡើយ។ យ៉ាងណាមិញ ​​ធ្វើ​ការ​ដែល​អ្នក​ស្រលាញ់​នឹង​ជួយ​ពង្រឹង​អាជីព​របស់​អ្នក ហើយ​ទី​បំផុត​លុយ​នឹង​រត់​តាម​អ្នក​យ៉ាង​ពិតប្រាកដ។

៧) សន្សំ​ប្រាក់​ទុក​សម្រាប់​គ្រាអាសន្ន

បើ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្រៅ​ពី​ប្រាក់​សន្សំ​ប្រចាំ​ខែ អ្នក​​គួរ​​មាន​ប្រាក់​​សន្សំ​មួយ​ទៀត​សម្រាប់​បម្រុងទុក​ប្រើប្រាស់​នៅ​ពេល​មាន​គ្រាអាសន្ន​ណា​មួយ ត្បិត​​អី​វា​មិន​​បណ្តាល​ឲ្យ​អ្នក​រត់​ទៅ​ខ្ចី​បំណុល​​​អ្នកដទៃ​នៅ​ពេល​ដែល​វា​ចូល​មក​ដល់។ នេះ​ជា​គន្លឹះ​មួយ​ការពារ​ហានិភ័យ​ផ្សេងៗ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។​​

៨) ដោះបំណុល​ដែល​នៅ​សេសសល់​ឲ្យ​រួច​

ប្រិយមិត្ត​គ្រប់​រូប​ត្រូវ​ចង់​ចាំ​ក្នុង​ចិត្ត​ថា អ្នក​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ​ពោល​គឺ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​របស់​ខ្លួន គឺ​ជា​​​ចំណែក​សុភមង្គល​ដ៏​ធំធេង​របស់​​​អ្នក។ ប៉ុន្តែ​បើ​អ្នក​​បាន​ធ្លាក់​ក្នុង​បំណុល​អ្នកដទៃ ចូរ​ដោះ​បំណុល​នោះ​ឲ្យ​រួច​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​ត្បិតអី​វា​ជា​ជំងឺ​មហារីក​នៃ​ភាព​ក្រីក្រ។ ​​​​វិធី​សាស្ត្រ​ដោះ​បំណុល​គឺ កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​ខ្ពស់ មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់​លាស់ ឬ​ក៏​បើ​មាន​បំណុល​ច្រើន​ម្ចាស់ ត្រូវ​​ផ្តល់​អាទិភាព​ដោះ​បំណុល​ណា​មួយ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ។

៩)​ ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន និងមាន​ការ​ព្យាយាម​បន្តិច

សម្រាប់​ការងារ​​​អាជីព​របស់​អ្នក​វិញ អ្នក​ត្រូវ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​​កាន់តែ​ល្អ​ ជា​ពិសេស​នៅ​ពេល​​ពេញ​វ័យ​នេះ​តែម្តងព្រោះ​វា​​បាន​ផ្តល់​តម្លៃ​មួយ​មកវិញ​ជា​មួយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន​ជាង​ធម្មតា។ លើស​ពី​នេះ​ទៅ​ទៀត​ ​អ្នក​ត្រូវ​​​មាន​ការ​ព្យាយាម​ឲ្យ​បាន​ច្រើន​​ផង​ដែរ ព្រោះ​ការ​ព្យាយាម​គឺ​ជា​កូនសោ​ចាក់​យក​កំណប់​​ជា​ច្រើន​ឆ្ពោះ​ក្លាយ​ទៅ​ជា​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​​។

១០) ​ធ្វើការងារ​ថែម​ម៉ោង ឬការងារ​​បន្ទាប់​បន្សំ​

ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក បើ​អ្នក​ចង់​ឲ្យ​​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន អ្នក​គួរ​​ធ្វើ​ការងារ​ថែម​ម៉ោង​ឲ្យ​បាន​ច្រើន​បន្តិច។ ប៉ុន្តែ​ក្រៅ​ពី​ការងារ​​​គោល នៅ​មាន​ការងារ​មួយ​ទៀត​ដែល​ធ្វើ​​ឲ្យ​​​អ្នក​កាន់តែ​ទទួល​បាន​ប្រាក់​ចំណូល​ នោះ​​គឺ​ការងារ​ក្រៅ​ម៉ោង (Part-Time Jobe)។ សូម​លៃលក​ពេលវេលា​​បន្ថែម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការងារ​ទី២ ទើប​ជា​ការ​ប្រសើរ​ដែល​អាច​​​ជួយ​សន្សំ​ប្រាក់​ចំណូល​របស់​អ្នក។

១១) ​ពង្រីក​​ជំនាញ​គ្រប់គ្រង​គ្រង​ហិរញ្ញវត្ថុ

អ្នក​ដែល​ពូកែ​ចាត់ចែង​ហិរញ្ញវត្ថុ គឺ​ជា​មនុស្ស​ដែល​មាន​ភាគរយ​ខ្ពស់​ក្លាយ​ទៅ​ជា​អ្នក​មាន ត្បិត​អី​បុគ្គល​ទាំង​នេះ​​​គ្រប់គ្រង​ប្រាក់​ចំណូល​​បាន​ល្អ​ប្រសើរ​ជាង​មនុស្ស​ដទៃ​ទៀត។ សម្រាប់​អ្នក​ក៏​ដូច្នេះ​ដែរ អ្នក​​ត្រូវ​ពង្រីក​​ជំនាញ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​​នេះ​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ថាតើ​ការ​ចំណាយ​របៀបណា​ទើប​​ជា​ការ​ត្រឹមត្រូវ និងមាន​ប្រសិទ្ធភាព?

១២) ប្រកាន់​ខ្ជាប់​គោលការណ៍​ខ្លួនឯង​ជា​ចម្បង

ងាក​មក​មើល​ការ​ចំណាយ​វិញ​បើ​អ្នក​​ដឹង​ថា អ្នក​មាន​លទ្ធភាព​ត្រឹមតែ​ជួយ​ជ្រោមជ្រែង​ខ្លួន​ឯង​ប៉ុណ្ណោះ​អ្នក​គួរតែ​ធ្វើ​វា​ទៅ​មិន​ចាំបាច់​ទៅ​អះអាង​ជំនួស​មុខ​​ជា​ពិសេស​លើ​ការ​ចំណាយ​ចេញថ្លៃ​អ្វីៗ​ឲ្យ​អ្នកណា​ម្នាក់​នោះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ ​ក្តី​ស្រមៃ​ក្លាយ​ជា​អ្នក​មាន​​របស់​អ្នក​អាច​នៅ​ឆ្ងាយ​ពី​អ្នក​បន្តិច​ហើយ​។

១៣) វិនិយោគ​ឲ្យ​ខ្លួន​ឯង

វិនិយោគ​ឲ្យ​ខ្លួនឯង​នៅ​ពេល​នេះ សំដៅ​លើ​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ពង្រីក និងពង្រឹង​ចំណេះដឹង​ រួម​ទាំង​ការ​អភិវឌ្ឍ​សមត្ថភាព​អាជីព​ការងារ​របស់​អ្នក​។ នៅ​ពេល​ដែលសមត្ថភាព​ជំនាញ​​​របស់​អ្នក​​កាន់តែ​អភិវឌ្ឍ នោះ​ប្រាក់​ចំណូល​របស់​អ្នក​ក៏​កាន់តែ​កើន​ទៅ​តាម​នោះ​ដែរ។

១៤) ត្រូវ​សន្សំ​ប្រាក់​ទុក​សម្រាប់​វិនិយោគ

បើ​អ្នក​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ហើយ អ្នក​​មិន​គូរ​ទុក​ប្រាក់​ទាំង​នោះ​ឲ្យ​កណ្ដៀរ​កោរ​កណ្តុរ​កាត់​នោះ​ឡើយ ពោល​គឺ​ត្រូវ​​ប្រើប្រាស់​ឲ្យ​បង្កើត​ប្រាក​ចំណូល​បន្ថែម។ ដូច្នេះ​អ្នក​អាច​យក​វា​ទៅ​វិនិយោគ​ ឬរកស៊ី​អ្វី​ផ្សេង​ៗ​ទៀត​ដូច​ជា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ឬពង្រីក​មុខរបរ​​អាជីវកម្ម​ណា​មួយ​​​ជា​ដើម​។

​​១៥) ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​មាន​មហិច្ឆតា​ឲ្យ​កាន់តែ​ធំ

មហិច្ឆតា​សើរៗ​ស្ទាក់ស្ទើរ​​ច្រើន ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ក្តី​សុបិន្ត​ធំ​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។ ​ផ្ទុយ​ទៅវិញ​បើ​ដាក់ចិត្ត​ថា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​មាន​មហិច្ឆតា និងគោលដៅ​យ៉ាង​ធំ​​​ដែល​ត្រូវ​ដើរជា​មួយ​នឹង​គម្រោង​យ៉ាង​ច្បាស់លាស់​​សម្រាប់​ដើរ​ដើម្បី​​សម្រេច​​គោលបំណង​ទាំង​នេះ។​​​

១៦) មាន​ជំនឿ​ថាដំណោះស្រាយ​ពិត​ជា​​​​មាន​រាល់គ្រប់​បញ្ហា​ទាំង​អស់

បើ​អ្នក​យល់​ថា​ ផ្លូវ​ដែល​អ្នក​ដើរ​កន្លងមក​​បាន​មក​ដល់​ផ្លូវ​ទល់​ច្រក​ ហើយ​​មិន​អាច​ស្វែង​ករ​ដំណោះស្រាយ​ផ្សេង​ក្រៅ​ពី​អង្គុយ​រង់ចាំ​លទ្ធផល​មក​ដល់​នោះ នោះ​មាន​ន័យ​ថាភាព​ជឿជាក់​របស់​អ្នក​នៅ​មាន​កម្រិត។ សូម​ចាំ​ថា មិន​ថា​បញ្ហា​ទាំង​នោះ​តូច​ក្តី ធំ​ក្តី សុទ្ធតែ​មាន​ច្រក​ដើរ​ជា​ច្រើន ពោល​គឺ​អ្នក​មិន​ត្រូវ​ងាប់ក្រឡា​លើ​ផ្លូវ​តែ​មួយ​នោះ​ឡើយ។

១៧) ចង់​ក្លាយ​ជា​អ្នក​មាន​ ត្រូវ​តែ​​ចេញ​ទៅ​រក​លុយ

អ្នក​គ្រាន់តែ​មាន​មហិច្ឆតា​ចង់​​ក្លាយ​ជា​អ្នក​មាន តែ​​បាន​​ដេក​រង់ចាំ​ឱកាស និងព្រេង​សំណាង​មកដល់​ នោះ​វាគ្មាន​ប្រយោជន៍​នោះ​ឡើយ។ តែ​វា​ទៅ​រួច​បើ​អ្នក​ពុះពារ​ដើម្បី​ស្វែង​រក​ការងារ​ជា​ច្រើន ឬបង្កើត​មុខរបរ​​​ស្វែងរក​ប្រាក់​ចំណូល​នៅ​ខាងក្រៅ ត្បិតអី​នៅ​លើ​ពិភពលោក​នេះ​បង្កប់​ដោយ​ធនធាន​យ៉ាង​ច្រើន​មហាសាល​ដែល​មិន​​អាច​មាន​អ្នកណា​ម្នាក់​មាន​សមត្ថភាព​​ទាញ​យក​អស់​នោះ​ឡើយ៕