គន្លឹះទាំង៥​យ៉ាងនេះ ​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ប្រជាប្រិយ​បំផុត​​នៅ​កន្លែង​ធ្វើការ!

មនុស្ស​ម្នាក់ៗសុទ្ធតែ​ចង់​ឲ្យ​អ្នកដទៃ​ពេញចិត្ត និងបង្ហាញ​ភាព​រាក់ទាក់​ដាក់​ខ្លួន​មិន​ថានៅ​ទីណា​នោះ​ទេ ជាពិសេស​នៅ​កន្លែង​ធ្វើ​ការ​តែម្តង។ ព្រោះវា​ជួយ​បង្កើន​ចំណង​មិត្តភាព ការ​សហការ​ក្រុម​បាន​ល្អ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ អ្នក​អាច​នឹងឆាប់​ទទួល​តួនាទី​ល្អ​ផង​ក៏​ថា​បាន។ ខាង​ក្រោម​នេះគឺជាគន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ប្រជាប្រិយ​​នៅ​កន្លែង​ធ្វើការ៖

1- សួរ​សំនួរ៖ ធម្មជាតិ​របស់​មនុស្ស គឺ​ចូលចិត្ត​និយាយ​អំពី​ខ្លួន​ឯង ជាពិសេស​ចំណុច​វិជ្ជមាន ដូច្នេះ​ដើម្បី​សាង​ទំនាក់ទំនង ឬទទួល​បាន​ការ​ពេញចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​នោះ អ្នក​អាច​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​សួរ​សំនួរ​ដែល​ទាក់ទង​នឹង​ភាព​ជោគជ័យ​របស់​គេ។ មានន័យថា នៅ​ពេល​ដែល​អ្នក​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​និយាយ​អំពី​ភាព​ជោគជ័យ ឬចំណុចវិជ្ជមាន​នោះ វា​មិនគ្រាន់​តែ​បង្កើន​ភាព​ស្និទ្ធស្នាល និងទទួល​បាន​ការ​ពេញចិត្ត​នោះ​ទេ តែ​អ្នក​ក៏​អាច​ទទួល​បាន​បទ​ពិសោធ​ជីវិត​ល្អៗ​ផង​ដែរ។

2- ផ្តល់​ការ​សរសើរ៖ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន ដូច្នេះ​សូម​កុំ​កំណាញ់​ពាក្យ​សរសើរ​ទៅ​កាន់​អ្នក​ទាំង​នោះ​អី។ ​ពាក្យ​សរសើរ​ទាំង​នោះ កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក មាន​អារម្មណ៍​ពេញ​ចិត្ត និងសប្បាយ​ចិត្ត​​ចង់​​និយាយ​ជាមួយ​អ្នក​កាន់​តែ​ខ្លាំង។ ប៉ុន្តែត្រង់​ចំណុច​នេះ មិនមែន​ទាមទារ​ឲ្យ​អ្នក​និយាយ​អ្វី​លើស​ពី​ការ​ពិត​នោះ​ទេ។

3- យក​ចិត្ត​ទុក​ដាក់​លើ​កាយវិការ៖ ​វាពិតជារឿង​សំខាន់​មួយ​ផង​ដែរនៅ​ក្នុង​ការ​ទំនាក់ទំនង ព្រោះ​ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត។ ដូច្នេះមុន​ពេល​ចាប់​ផ្តើម​ធ្វើ​កាយវិការ​ទំនាក់ទំនង​ជា​មួយ​អ្នក​ដទៃ អ្នក​គិតគូរ​ឲ្យ​បាន​ច្បាស់ថា​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ទទួល​បាន​ការ​ចាប់អារម្មណ៍ និងការ​បញ្ចៀស​បញ្ហា​ផ្សេងៗ។

4- ការប្រើ​ក្រសែភ្នែក៖ គឺ​ជា​ចំណុច​ដែល​មិន​គួរ​មើល​រំលង ព្រោះ​នៅពេល​សន្ទនា ភ្នែក​របស់​អ្នក​គឺ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​អ្នក​ចង់​និយាយ។ ដូច្នេះបើ​អ្នកចេះ​ប្រើ​ក្រសែភ្នែក​បាន​ល្អ​នោះ វា​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​នៅ​កន្លែង​ធ្វើការ​របស់​អ្នក​កាន់​តែ​ប្រសើរ​ជាង​មុន​។

5- សើច៖ នៅ​កន្លែង​ធ្វើ​ការ អ្នក​គួរ​តែ​ចេះ​បន្ធូរ​អារម្មណ៍​ខ្លះ តាមរយៈ​ការ​សើច​ដើម្បី​បន្ថយ​ភាព​តាន​តឹង ព្រោះ​ការ​ធ្វើបែប​នេះ អាច​ធ្វើ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន។ ការ​សើច​នេះនឹង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន ចូលចិត្ត​ ព្រោះ​ពួក​គេ​ក៏​ចង់​ចូលរួម​រីករាយ​ជា​មួយ​គ្នា​ផង​ដែរ៕