កំហុស​​​​ធំៗ​ទាំង១០ របស់​នាយក​ប្រតិបត្តិ (CEO)ពេលបម្រើការងារជាលើកដំបូង

ធ្វើ​ជា​នាយក​​ប្រតិបត្តិ​ (CEO) ​​របស់​ក្រុមហ៊ុន​​ដែល​ទើប​នឹង​បង្កើត​ថ្មីថ្មោង​មួយ​​ មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ។ បុគ្គល​នោះ​​ត្រូវ​មាន​សមត្ថភាព​ពេញលេញ​ អាច​​​ដឹកនាំ​ក្រុមហ៊ុន​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន។ ទោះបី​ជា​យុទ្ធសាស្ត្រ គម្រោង ធនធាន និង​អ្វីៗ​ផ្សេងទៀត​ជា​ឆ្អឹងឆ្អែង​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​ក៏ដោយ អ្វី​ដែល​ជា​គោលដៅ​របស់​​​​ក្រុមហ៊ុន គឺ​​ចង់​ពាំនាំ​​មក​នូវ​សមិទ្ធផល​ថ្មីៗ​ឲ្យ​បាន​ល្អ​​ជាង​មុន។

ប៉ុន្តែអ្វី​ដែល​ជា​ចំណោទ​បញ្ហា​នោះ​គឺ​ថា តើ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្មីថ្មោង​អាច​សម្រេច​បាន​គោលដៅ​នេះ​បាន​ឬ​អត់? បើ​មិន​អាច​សម្រេច​បាន នោះ​ច្បាស់​ជា​មាន​​កំហុស​ផ្សេងៗ​កើត​ឡើង​ជា​មិន​ខាន។ ខាងក្រោម​នេះគឺ​ជា​កំហុស​ធំៗ​ចំនួន ១០ចំណុច​​​របស់​​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ ដែល​គេ​បាន​រក​ឃើញ​ថាបាន​កើត​មាន​ជា​ទូទៅ​​​ពេល​ចូល​ធ្វើ​ការ​ជា​លើក​ដំបូង៖ ​​​

1- មិន​បាន​កសាង​វប្បធម៌​គណនេយ្យ​ភាព​​នៅ​ក្នុង​ក្រុមហ៊ុន

ការ​កសាង​គណនេយ្យ​ភាព​នៅ​ក្នុង​ក្រុមហ៊ុន ដូច​ជា​ទំនួល​ខុសត្រូវ និង​ការ​សម្រេចចិត្ត​ គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​ត្រូវ​បញ្ចេញ​ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុមហ៊ុន។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ ​អ្នក​​ត្រូវ​ចេញ​មុខ​ជានិច្ច បើ​មិន​ដូច្នេះ​ទេ ច្បាស់​ជា​ដួល​រលំ​មិនខាន។​

2- មិន​យកចិត្ត​ទុកដាក់​ស្តាប់ និងមិន​ស្វែងយល់មនុស្ស​នៅ​ជុំវិញ​ខ្លួន

វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ប្រសិន​បើ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ថ្មីថ្មោង​ម្នាក់ ​មិន​បើក​​ចិត្ត​ឲ្យ​ទូលាយ​​យកចិត្ត​ទុកដាក់​ស្តាប់​​​ឲ្យ​បា​ន​ច្រើន​ពី​បុគ្គលិក និង​សម្លឹង​មើល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នៅ​ពេល​​ឈាន​ជើង​ចូល​ក្រុមហ៊ុន​ជា​​លើក​ដំបូង។ បុគ្គល​គ្រប់​លំដាប់​ថ្នាក់ នឹង​សបញ្ជាក់​​ពី​​បរិស្ថាន​ និងវប្បធម៌​ការងារ​នៅ​ទី​នោះ ដើម្បី​​បើក​ផ្លូវ​មួយ​ឲ្យ​​​​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​ថ្មី​វាស់​ស្ទង់​សមត្ថភាព​របស់​ខ្លួន និងវាយតម្លៃ​ការងារ​ជា​ទូទៅ​បាន។ ​

3- មិន​បាន​កសាង​ទំនុកចិត្ត និងភាព​ជឿជាក់

ទំនុកចិត្ត និងភាព​ជឿជាក់ គឺ​ជា​រឿង​សំខាន់​ណាស់ ជា​ពិសេស​សម្រាប់​​នាយក​​​ប្រតិបត្តិ​​ក្រុមហ៊ុន​​ទើប​បង្កើត​ថ្មី​ ត្បិតអី ការងារ​ក៏​ថ្មី ជួប​មនុស្ស​ថ្មីៗ​ ​ច្រើន​ដែល​​​មាន​វប្បធម៌​ការងារ​ខុសគ្នាៗ។ បើ​​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ម្នាក់​មើល​រំលង​ចំណុច​នេះ​មែន​នោះ មិនយូរមិនឆាប់​​អាជីវកម្ម​របស់​ក្រុមហ៊ុន​នឹង​ដាំដូង​ចុះ​ងើប​ឡើង​មិន​រួច​ជាក់ជា​មិន​ខាន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ទំនុកចិត្ត និងភាព​ជឿជាក់​​ត្រូវ​កសាង​ឲ្យ​បាន​ជា​ពិសេស​ជា​មួយបុគ្គល​ពាក់ព័ន្ធ​សំខាន់ៗ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​រយៈ​ពេល​ ៣ ខែ​ដំបូង។

4- ដាក់​ការ​សន្យា​ធំ​ពេក និងកំណត់​ការ​រំពឹង​ទុក​ដោយ​គ្មាន​ហេតុផល

​ជាទូទៅ​គេ​សង្កេត​ឃើញថា ​នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុនថ្មីថ្មោង​ពិត​ជា​សកម្ម​នឹង​ការងារ​ជា​ទីបំផុត ហើយ​ច្បាស់​ណាស់​ដែរ​​ថា ខ្លួន​ត្រូវ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​នៅ​ពេល​នេះ ​ជា​មួយ​នឹង​មហិច្ឆតា​ដ៏​ធំ​មួយ។ ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា ​​ក្រុមហ៊ុនមួយ​ចំនួន​មិន​បាន​ជោគជ័យ​នោះ​ឡើយ​ដោយសារ​តែ​ការ​ដាក់​សន្យា​ធំ​ពេក និងរំពឹង​ទុក​ដោយ​គ្មាន​ហេតុផល​​ជា​អំណះអំណាង។ ​ទីបំផុត​ខ្លួន​ក៏​បរាជ័យ បុគ្គលិក​ទាំង​ក្រុមហ៊ុន​ក៏​បរាជ័យ​។​

5- ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ដោយ​​ប្រថុយប្រថាន

​ការ​ផ្លាស់ប្ដូរ​ឲ្យ​​រីកចម្រើន​ជាង​មុន វា​ប្រាកដ​ណាស់​សម្រាប់​នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុនថ្មី​ចង់​បាន។​ ចំណោទ​បញ្ហា​នោះ​គឺ​ថា ការ​សម្រេច​ចិត្ត​​​ក្នុង​ការ​ផ្លាស់ប្ដូរ​បាន​ធ្វើ​ឡើង​ដោយ​ប្រថុយប្រថាន​បំផុត ពោល​គឺ​មិន​បាន​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទីផ្សារ អាជីវកម្ម និងធនធាន​មនុស្ស​នៅ​ក្រុមហ៊ុន​ឲ្យ​បាន​គ្រប់គ្រាន់។ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​មែន​នោះ សូម​បញ្ឈប់​ត្រឹមនេះ ហើយ​លើកឡើង​ពី​ជម្រើស​​ដ៏​ត្រឹមត្រូវ​មួយ​ដោយ​ការ​ស្រាវជ្រាវ​ដ៏​ជឿជាក់​បាន​ពី​​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុមហ៊ុន​។

​6- គ្មាន​​បេសកកម្ម​​ត្រឹមត្រូវ មាន​យុទ្ធសាស្ត្រ​ទន់ខ្សោយ

កំហុស​ដ៏​​ធំ​មួយ​ទៀត​របស់​​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ថ្មីថ្មោង​​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​ភាគី​ដែល​ពាក់ព័ន្ធ និងបុគ្គលិក​របស់​ខ្លួន​នោះ​ គឺការ​​បង្កើត​បេសកកម្ម​មួយ​ដែល​មិន​ត្រឹមត្រូវ និងមាន​យុទ្ធសាស្ត្រ​​ទន់ខ្សោយ​។ នេះ​មិន​ខុស​​អ្វី​ពី​ការ​ដឹកនាំ​ឲ្យ​ក្រុមហ៊ុន​​ធ្លាក់​ចូល​ជ្រោះ​នោះ​ឡើយ ព្រោះ​ថាមិន​ដឹង​ជា​គោលដៅ​របស់​ក្រុមហ៊ុន​ចង់​សម្រេច​អ្វី? ធ្វើ​ដោយ​របៀបណា?

7- បរាជ័យ​ក្នុង​ការ​អនុវត្ត​​តាម​​យុទ្ធសាស្ត្រ និងគម្រោង​របស់​ក្រុមហ៊ុន

មាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បង្ហាញ​យុទ្ធសាស្ត្រ​ល្អៗ និងគម្រោង​ក្នុង​អាជីវកម្ម​របស់​ក្រុមហ៊ុន​​គូរ​ឲ្យ​​ជឿជាក់​បាន។ ប៉ុន្តែ​​បញ្ហា​នានា​បាន​កើត​មាន​ឡើង​ នៅពេល​ដែល​ខ្លួន​បរាជ័យ​​ក្នុង​ការ​អនុវត្ត​តាម​ផែនការ​​នោះ ហើយ​​គោលដៅ​របស់​ក្រុមហ៊ុន​ក៏​បរាជ័យ​ទៅ​តាម​នោះ​ដែរ។​

8- ចង់​បាន​លទ្ធផល​​ល្អ​ឥតខ្ចោះ មិន​កំណត់​ពី​លទ្ធភាព​​របស់​ក្រុមហ៊ុន

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្មីថ្មោង​​ជានិច្ចកាល​​​ ផ្ដោត​លើ​សមិទ្ធផល​​ជា​រឿង​សំខាន់​ បើ​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​គឺ​កាន់តែ​ល្អ។ នេះ​បាន​ធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​ចំនួន​ដាក់​សម្ពាធ​ធំ​ជាង​មុន​ដល់​បុគ្គលិក ដោយ​មិន​បាន​សិក្សា​ស្វែងយល់​ និងកំណត់​​ពី​លទ្ធភាព​​ផ្សេង​របស់​ក្រុមហ៊ុន​ដូច​ជា កត្តា​ធនធាន​មនុស្ស យុទ្ធសាស្ត្រ បច្ចេកវិទ្យា​។ល។ នេះ​មិនយូរមិនឆាប់ បុគ្គលិក​​នឹង​ចាកចេញ​ពី​ក្រុមហ៊ុន​ជា​មិន​ខាន។ ​​

9- បរាជ័យ​ស្វែង​រក​បុគ្គល​ស្នូល​​ធ្វើ​ជា​ខ្នង​បង្អែក​របស់​ក្រុមហ៊ុន

នេះ​ប្រហែល​ជា​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ខ្លួន​ឯង​យល់​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់ ព្រម​ទាំង​មាន​អំនួត​ខ្លួនឯង​ផង ​អាច​ធ្វើ​ជា​ជន្ទល់​ក្នុង​ក្រុមហ៊ុន​បាន។ ផ្ទុយ​​ទៅវិញ នេះ​គ្រាន់តែ​ជា​សញ្ញាណ​មួយ​ដែល​អាច​រុញ​ច្រើន​ឲ្យ​ក្រុមហ៊ុន​បរាជ័យ​​ប៉ុណ្ណោះ ត្បិតអី​​​គ្មាន​​បុគ្គល​ស្នូល​​ដ៏​រឹងមាំ​ជា​ច្រើន​ទៀត​សម្រាប់​រ៉ាប់រង​ការងារ​ និងជួយ​បង្ហាញ​យុទ្ធសាស្ត្រ​ល្អៗ​មក​ជំនួស​បាន​​​។

10- មិន​បង្កើត​វប្បធម៌​ចែក​រំលែក​ចំណេះដឹង​ក្នុង​​ក្រុមហ៊ុន

ការ​អភិវឌ្ឍ​សមត្ថភាព​​របស់​ខ្លួន​ និងបុគ្គល​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន​ គឺ​ជា​កត្តា​សំខាន់​ដើម្បី​ចែករំលែក​ចំណេះដឹង​ទៅ​វិញ​ទៅ​មក។ វា​ជា​កំហុស​ដ៏​ធំ​​នៅ​ពេល​ដែល​​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ម្នាក់​ព្យាយាម​​នៅ​ស្ងប់ស្ងៀម​មិន​ព្រម​​បណ្ដុះ​វប្បធម៌​ចែក​រំលែក​ចំណេះដឹង​ និងការ​បណ្តុះបណ្តាល​នៅ​ក្នុង​ក្រុមហ៊ុន។ នេះ​មិន​ត្រឹមតែ​បាត់បង់​ភាព​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នៅ​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​​បុគ្គលិក​នីមួយៗ​បាត់​បង់​ទំនុកចិត្ត និងយក​ចិត្ត​ទុកដាក់​​ក្នុង​ការងារ​ទៀត​ផង៕