កំហុស​​ធំៗ​ “ទាំង​៦”​ របស់​យុវជនមុន​អាយុ​៣០ឆ្នាំ

តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះនៅ​មុន​អាយុ​៣០ឆ្នាំ? តើ​អ្នក​មាន​ការ​ស្តាយក្រោយ​ដែរ​ឬ​ទេ​​ ក្រោយ​​ពេល​ឆ្លង​ផុត​ពី​វ័យ​នេះ? ពិត​មែន​ហើយ​ទោះបី​ជា​ចម្លើយ​បែប​ណា​ក៏ដោយ ​ចម្លើយ​​តែ​មួយ​គត់​ដែល​​លោក​អ្នក​​ចង់​បាន គឺ​ជា​​សមិទ្ធផល​ដ៏​ល្អ​​ដែល​គ្មាន​ពាក្យ​ថា​ស្តាយក្រោយ។

ឥឡូវ​នេះ​សម្រាប់​អ្នកដែល​​មិន​ទាន់​ឆ្លងកាត់​ក្តី កំពុង​ឆ្លងកាត់​ក្តី ឬឆ្លង​ផុត​វ័យ​នេះ​ហើយក្តី សូម​សាកល្បង​​ស្វែង​យល់​អំពី​ចំណុច​​ទាំង​៦យ៉ាងខាងក្រោមទាំង​អស់​គ្នា​ថា តើ​កំហុស​ភាគ​ច្រើន​របស់​យុវជន​នៅ​ក្រោម​អាយុ​៣០ឆ្នាំ​មាន​អ្វី​ខ្លះ?

១) មើល​រំលង​ឱកាស​ពង្រឹង​អាជីព​ការងារ​​របស់​ខ្លួន

មនុស្ស​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ​ទៅ​ហើយ​ នៅ​ពេល​​ឈាន​ជើង​ចូល​ក្នុង​វ័យ​រាង​ជ្រេ​បន្តិច​ ​ហើយ​ពោល​ពាក្យ​ថា​ស្តាយក្រោយ​​ដែល​មិន​បាន​ស្វែង​រក​ធនធាន​អ្វី​ ឬមូលដ្ឋាន​គ្រឹះ​នានា​មក​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​កាល​ពី​​អាយុ​ក្រោម​៣០។ ការពិត​នៃ​កំហុស​ដ៏​ធំ​របស់​មនុស្ស​នៅ​ក្នុង​វ័យ​នេះ គឺ​ការ​ឲ្យ​តម្លៃ​លើ​លុយ​ជាជាង​ស្វែងរក​​ការងារ​ណា​មួយ​ដែល​ត្រូវ​នឹង​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន។ ​​

ការងារ​បែប​នេះ​​ពិត​ជា​មិន​អាច​ឆ្លើយ​តប​តាម​មហិច្ឆតា​របស់​ខ្លួន​​នោះ​ឡើយ ​ហើយ​ទី​បំផុត​មាន​តែ​ពាក្យថាបរាជ័យ​ប៉ុណ្ណោះ។ បើ​សិន​ជា​អ្នក​ចង់​​បើក​អាជីវកម្ម ឬគម្រោង​អ្វី​មួយ ​ក្នុង​ដំណាក់​កាល​​បន្ទាប់​ពី​នេះ​​ វា​ច្បាស់​ជា​កាន់តែ​ពិបាក​​​ ដោយហេតុ​ថា​​បាតគ្រឹះ​របស់​ខ្លួន​មិន​រឹងមាំ ប្រៀបបាន​នឹងអគារមួយ​ដែល​មិន​បាន​បុកគ្រឹះឲ្យ​រឹងមាំ​ពីក្រោម​មក សួរថា​តើ​វា​អាច​ទ្រ​ទម្ងន់​អគារកម្ពស់​ច្រើន​ជាន់​ម្ដេចបាន?

មនុស្ស​យើ​ង​ក៏ដូចគ្នា តែ​កាលណា​គ្មាន​បាតគ្រឹះ​រឹងមាំ​ពីក្រោម​មក ច្បាស់​ជា​មាន​គោល​ជំហរឃ្លេងឃ្លោង មិន​ដឹង​ចាប់អី ស្រវា​អីទេ ហើយ​រ៉ាប់រងបន្ទុក​ក៏​កាន់​តែ​ច្រើន​ឡើងៗ។ ដំណោះស្រាយ​ដ៏​ល្អ លោក​អ្នក​ត្រូវ​សម្លឹង​មើល​​ការងារ​ដែល​ខ្លួន​ស្រលាញ់ ជាជាង​​លើក​យក​ប្រាក់ខែ​ធ្វើ​ជា​ត្រី​មុខ និងត្រូវ​ស្វះស្វែង​បង្កើន​​ធនធាន​នានា​​យក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​អាជីព​ការងារ​​របស់​ខ្លួន​​ឲ្យ​បាន​រឹងមាំ​​ជា​មុនទើប​​​ជា​ការ​ប្រសើរ​។​​​​

២) ឲ្យ​តម្លៃ​ការងារ​ខ្ពស់​ ​មិន​យកចិត្ត​ទុកដាក់​​គ្រួសារ

ការ​ស្រលាញ់​ការងារ​​គឺ​ជា​រឿង​ល្អ តែ​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ​ប្រសិន​បើ​នៅ​ក្នុង​​អារម្មណ៍​របស់​អ្នក​ដក់​ជាប់​តែ​ការងារ មិន​​បាន​បែងចែក​ពេលវេលា​មួយ​ចំនួន​ មក​​យក​ចិត្ត​ទុកដាក់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ អ្នក​ដែល​​មិន​ទាន់​មាន​គ្រួសារ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ណា​​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​​គ្រួសារ​រួចហើយ​ ពិត​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុភមង្គល​របស់​ខ្លួន។

អ្នក​មិន​គួរ​ប្រកាន់​យក​ទស្សនៈ «ឲ្យ​តែ​មាន​លុយ​​ ទោះបី​អាយុចាស់​ប៉ុណ្ណាក៏មាន​សេចក្ដី​សុខ​» ​នោះ​ឡើយ។ ដូច្នេះ​សូម​មាន​ការ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​​ពី​ស្ថានភាព​ការងារ និងគ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​សម្រេច​ចិត្ត​អនុវត្ត​ផែនការ​របស់​អ្នក ព្រោះ​មិន​ប្រាកដ​ថា​លុយ​តែ​មួយ​មុខ​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​មាន​សុភមង្គល​បាន​នោះ​ទេ។​​​

៣) មិន​យក​ចិត្ត​ទុកដាក់​​ថែទាំ​សុខភាព

ក្នុង​វ័យ​នេះ​ យុវជន​​មួយ​​ចំនួន​ចូលចិត្ត​ទំនាក់ទំនង​​ និងជួបជុំ​ជា​មួយ​មិត្តភក្ដិ ឬចូលរួម​កម្មវិធី​សប្បាយៗជាច្រើន​ដែល​នេះ​​ជៀស​មិន​ផុត​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ដែរ​យុវជន​​ផ្សេង​ទៀត ប្រឹងធ្វើការមិន​ខ្លាចនឿយហត់មិន​ថា​យប់ថ្ងៃ ធ្វើ​យ៉ាងដូចម្ដេងក៏​ដោយឲ្យ​តែ​បាន​លុយ ​​ដើម្បី​ឲ្យ​អនាគត​របស់​ខ្លួន​ល្អ​ប្រសើរ​ឡើង​ រហូត​ដល់​ភ្លេច​បាយ​​ភ្លេច​ទឹក ជា​ពិសេស​សុខភាព​របស់​ខ្លួន​តែម្តង។

មើលទៅ​ប្រហែល​ជា​បុគ្គល​ទាំង​នេះ​យល់​ថា របស់​ទាំងអស់​​នេះ​សុទ្ធតែ​មាន​​តម្លៃ​ខ្លាំង​ណាស់​​ហើយ​សម្រាប់​ខ្លួន។ តាម​ការ​ពិត​ សុខភាព​ឯណេះ​ទេ ​ដែល​​​មាន​តម្លៃ​​ជាង​នេះ​ទៅទៀត ព្រោះ​ថាបើ​សុខភាព​របស់​អ្នក​មិនល្អ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​​បាន​ទៅ?

ដូច្នេះ​ហើយទន្ទឹម​នឹង​ការងារ ឬទទួល​ទាន​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​​ គួរ​ពិចារណា​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​របស់​ខ្លួន​ផង​ដែរ​ ដូច​ជា​ធ្វើ​លំហាត់​ប្រាណ លេង​កីឡា ឬជជែក​កម្សាន្ត​ជា​មួយ​មិត្តភក្ដិ ដើម្បី​កាត់​បន្ថយ​​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែល​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព។

៤) មិន​​សន្សំ​ប្រាក់​​សម្រាប់​អនាគត​របស់​ខ្លួន

ពិត​ណាស់​ដែល​ថា យុវជន​ភាគ​ច្រើន​នៅ​ក្នុង​វ័យ​​នេះ​ត្រូវ​ការ​ប្រាក់ ឬរាង​ខ្ជះខ្ជាយ​ប្រាក់​ច្រើន​បន្តិច​ សម្រាប់​ចំណាយ​លើ​ការ​ស្លៀកពាក់ ស្នាក់​នៅ ហូបចុក ឬចូលរួម​​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជា​មួយ​មិត្តភក្ដិ​ជា​ដើម ហាក់​ដូច​ជា​មិន​សូវ​សល់​ប្រាក់​ច្រើន​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត វា​ជា​ដំណាក់​កាល​មួយ​ដែល​យុវជន​នៅ​មាន​បទពិសោធ​ស្តួចស្តើង​ ជា​ពិសេស​លើ​ជំនាញ​​​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​តែម្តង​ សម្រាប់​​គម្រោង​នានា​​នៅ​ថ្ងៃ​ខាងមុខ។

ទោះបី​ជា​យ៉ាងនេះ​ក្តី ការ​សន្សំ​ប្រាក់​​ទុក ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ដាច់ខាត​ក្នុង​ពេល​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ព្រោះ​ថា​​ភាព​ធ្វេសប្រហែស​នេះ​នឹង​នាំ​ឲ្យ​លោកអ្នក​មាន​​ភាព​ស្តាយក្រោយ​មិន​ខាន ត្បិតអី​ជីវិត​នៅ​មាន​ដំណើរ​វែងឆ្ងាយ​ទៅ​មុខ​ទៀត។

ស្រប​ពេល​ដែល​ទំនូល​ខុសត្រូវ​របស់​អ្នក​កាន់តែ​​ធំ​ឡើង​ជា​លំដាប់​ លោក​អ្នក​នៅ​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ និង​​​ចំណាយ​​​​ដូច​ជា ការ​ពង្រីក​អាជីព មុខរបរ​របស់​ខ្លួន គ្រួសារ ឬស្ថានភាព​ផ្សេងៗ​ទៀត​ដែលកើត​ឡើង​ជា​យថាហេតុ។

៥) មិន​ឲ្យ​តម្លៃ​ដល់​​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​

អ្នក​ច្បាស់​ជា​​ធ្លាប់​ឮ​​គេ​និយាយ​ថា “ក្មេង​ឈាម​រាវ​” ជា​ពិសេស​ពី​មនុស្ស​វ័យ​ចំណាស់ដែល​យល់​ថា យុវជន​​ភាគ​ច្រើន​ធ្វើ​អ្វីៗ​ដោយ​​គ្មាន​ហេតុផល ឬឆាប់​ឆេវឆាវ​ ខ្វះ​ការ​ពិចារណា​ឲ្យបាន​ល្អិតល្អន់។ ​នេះ​ពិត​ជា​រឿង​ត្រឹមត្រូវ ហើយ​លោក​អ្នក​អាច​វាស់​ស្ទង់​​ចិត្តសាស្ត្រ​ខ្លួនឯង​បាន​ពេល​​​ឆ្លងកាត់​ក្នុង​វ័យ​នេះ។ ​

មាតាបិតា អាណាព្យាបាល ​គឺ​ជា​បុគ្គល​ដែល​រង​គ្រោះ​លើ​បញ្ហា​នេះ​​ជាងគេ ដែល​​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​​ល្អ​ប្រសើរ​ជាង​នេះ ត្បិតអី​យុវជន​ប្រព្រឹត្ត​​អំពើ​ឆ្គាំឆ្គង​ច្រើន​ក្នុង​វ័យ​នេះ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា យុវជន​​គ្រប់រូប​អាច​ស្គាល់​ខ្លួន​ឯង​ និងយល់​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ដល់​កម្រិត​ណា?​

មាន​យុវជន​មិន​តិច​ទេបាន​​បោះបង់​ និងមិន​ឲ្យ​តម្លៃ​គ្រួសារ ឬមនុស្ស​ដែល​ខ្លួន​ស្រលាញ់​​​ព្រោះ​ការ​សម្រេចចិត្ត​​ដ៏​គ្មាន​ហេតុផល​មួយ​ តែ​បាន​​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​ពេល​ដល់​វ័យ​កាន់តែ​ចាស់ ជា​ពិសេស​នៅ​ពេល​ដែល​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​គេ។ រឿង​ដែល​ល្អ ​គួរជៀសវាង​បញ្ហា​នេះ អ្នក​គ្រាន់តែ​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ហេតុផល​បន្តិច ពោល​គឺ​គិត​ឲ្យ​បាន​​ទូលំទូលាយ​មុន​នឹង​​សម្រេចចិត្ត​ធ្វើ​កិច្ចការ​នោះ​ ទើប​លទ្ធផល​​​អាច​ប្រសើរ​ឡើង​​ជាង​នេះ។​

៦) ធ្វើ​ឲ្យ​ជីវិត​​មាន​ភាព​ទុក្ខព្រួយ​ច្រើន

គ្មាន​អ្នកណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ​ អាច​គេច​ផុត​ពី​ភាព​ទុក្ខសោក ឬរឿងរ៉ាវ​លំបាកៗ​ជា​ច្រើន​នោះ​ឡើយ​​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។ ​បើ​មិន​លំបាក​ផ្លូវកាយ ក៏​លំបាក​ផ្លូវ​ចិត្ត​ដែរ។ ទោះបី​ជា​រឿង​​រ៉ាង​ទាំង​នោះ​​ធ្វើ​ឲ្យ​​អ្នក​ខកចិត្ត​​មិន​អាច​​ដូច​ក្តី​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ណា​ក្តី អ្នក​ត្រូវ​មាន​ហេតុផល និង​ក្តី​សង្ឃឹម​ដោយសុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ថា អ្វីៗ​នឹង​មាន​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​​ចាកចេញ​ពី​កន្លែង​នេះ​បាន​។

ហេតុដូច្នេះ ចូរ​ញញឹម​ឡើង​ហើយ​​ប្រើ​ខ្សែជីវិត​របស់​អ្នក​ឲ្យ​សប្បាយ​រីករាយ​ឡើង កុំ​​ដាក់ខ្លួន​ឲ្យ​ស្ថិត​នៅ​​ក្រោម​ទាសករ​នៃភាព​ទុក្ខព្រួយ​ឲ្យ​សោះ។ ត្រូវ​​​ធ្វើ​ការងារ​ដែល​មាន​តម្លៃ ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និងបង្កើត​ភាព​សប្បាយៗ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ។

អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត និងជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​ថា​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​​អាច​ជួយ​ខ្លួន​ឯង​​បាន ហើយ​ត្រូវ​ខ្សឹប​ប្រាប់​ខ្លួនឯង​​ថា លទ្ធផល​វិជ្ជមាន​មួយ​នឹង​​កើត​ឡើង បើ​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​​ថា​នឹង​ធ្វើ​វា​ឲ្យ​បានជោគជ័យ​ហើយ​នោះ៕