កំហុស​សំខាន់ៗ​​ ​”៤យ៉ាង” ដែលនាំឲ្យ​អាជីវកម្ម​របស់​អ្នក​​ដួលបះជើង​​ទាំង​មិន​ដឹង​ខ្លួន!

ការ​បង្កើត​អាជីវកម្មគឺ​ជា​រឿង​ល្អ​មួយ ប៉ុន្តែក្នុង​ដំណើរ​ការ​អាជីវកម្ម​តែង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ញឹប​ញាប់ ដែលអាច​ឈានដល់​បរាជ័យ​ផងក៏មាន។ មាន​កត្តា​ជាច្រើនដែល​ជំរុញឲ្យ​មុខ​ជំនួញ​បរាជ័យ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះគឺភាព​ចន្លោះ​ខ្វះខាត​របស់​សហគ្រិន​តែ​ម្តង។ ខាងក្រោម​នេះគឺកំហុស៤យ៉ាង​​​របស់​សហគ្រិន​ដែល​នាំ​ឲ្យ​មាន​ការ​បរាជ័យ​ក្នុង​អាជីវកម្ម៖

១) ជ្រើសរើស​ដៃគូ​ខុស (Picking the Wrong Partner)

វា​ជា​រឿង​សំខាន់ក្នុង​ការស្វែងរក​ដៃគូដើម្បី​បើក​អាជីវកម្ម ព្រោះមនុស្ស​ម្នាក់​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុង​ការ​ធ្វើ​ឲ្យ​ជំនួញ​ធំ​បាន​នោះ​ទេ។ ដៃគូ​របស់​អ្នក​នឹង​ជួយសម្រួល​បាន​យ៉ាងច្រើន​នៅពេល​ជួយ​បញ្ហា​ ប៉ុន្តែជា​ការ​កត់សម្គាល់ប្រសិន​បើ​អ្នកជ្រើសរើស​ដៃគូ​ខុស​វិញ វា​មិន​ត្រឹមតែ​មិន​អាច​ជួយ​អ្វី​បាន​ទេ ថែមទាំង​បង្ក​បញ្ហា​ស្មុគស្មាញ​កាន់​តែ​ខ្លាំង។ ចំណុច​នេះអាច​ធ្វើ​ឲ្យ​អាជីវកម្ម​ថ្មោងថ្មី​របស់​អ្នកត្រូវ​ដួល​ទៅវិញ​យ៉ាង​រហ័ស​បំផុត។ ដូច្នេះមុននឹង​សម្រេចចិត្ត​សហការ​ជា​មួយ​នរណា​ម្នាក់ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ច្បាស់។

២) មិនកំណត់​ទីផ្សារ​​ច្បាស់លាស់ ( Unclear​ Market)

ការ​កំណត់​ទីផ្សារគឺជា​រឿង​សំខាន់​ណាស់ ព្រោះ​បើ​អ្នក​មិន​កំណត់​ទីផ្សារ​គោលដៅ​ឲ្យ​ច្បាស់លាស់​ទេ នោះ​ផលិតផល​របស់​អ្នក​ក៏​មិន​ដឹង​ត្រូវ​លក់​ឲ្យ​នរណា​ដែរ។ ដូច្នេះត្រូវតែ​កំណត់​ទីផ្សារ​ឲ្យ​ច្បាស់​លាស់ថា​ តើ​គួរ​ផលិត​សម្រាប់​អតិថិជន​ប្រភេទ​ណា ដើម្បី​ជៀសវាង​បញ្ហា​ក្រោយ​ពេល​ដំណើរ​ការ។

៣) គ្មាន​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ថវិកា (Not Knowing How To Budget)

ការ​គ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ ពិត​ជា​ចំណុច​ដែល​មិនអាច​ខ្វះ​បាន​នោះ​ឡើយ ព្រោះ​វា​ជា​ចំណុច​ស្លាប់​រស់នៃ​​ដំណើរ​ការ​អាជីវកម្ម។ មានន័យថាបើ​អ្នក​គ្មាន​ចំណេះដឹងគ្រប់គ្រាន់ក្នុង​ការ​រៀប​ចំ​វា​ឲ្យ​បាន​ល្អ​ទេ នោះ​ការ​ចំណាយ​របស់​អ្នកនឹង​គ្មាន​ប្រសិទ្ធភាព (ខ្ជះខ្ជាយ) ដែល​អាច​ធ្វើ​ឲ្យ​​ក្ស័យធន​ដោយ​មិន​ដឹង​ខ្លួន។

៤) មិនបាន​ស្រាវជ្រាវ​ពី​តម្រូវការ​​អតិថិជន

ដើម្បី​ជោគជ័យក្នុង​កិច្ចការ​ជំនួញ វា​មិនមែន​មានន័យថាលក់​ផលិតផល​ឲ្យ​បាន​ច្រើន​​​តែ​ម្យ៉ាង​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ អ្នក​ត្រូវតែ​តាមដាន ឬស្រាវជ្រាវ​រាល់​តម្រូវការ ឬការ​ចង់​បាន​របស់​អតិថិជន។ ជា​ធម្មតា​ទេ ផលិត​ផល​ ឬសេវាកម្ម​របស់​អ្នកពិតជា​មិន​អាច​ល្អ​គ្រប់យ៉ាង​ឡើយពោល​គឺ តែងតែ​មាន​ខ្វះ​ចន្លោះ ដូច្នេះ​បើ​អាចទទួល​មតិយោបល់​របស់​ពួកគេ វា​ប្រាកដ​ណាស់អ្នក​នឹង​អាច​កែ​តម្រូវ​ចំណុច​ខ្វះខាត ដើម្បី​ផ្គាប់ចិត្ត​អតិថិជន​ទាំងនោះ។ ផ្ទុយ​ទៅវិញបើ​អ្នក​មិន​ដែល​ស្តាប់ ឬតាមដាន​អំពី​ការ​ចង់​បាន​របស់​អ្នក​ទិញ​ទេ វា​ជា​រឿង​អាក្រក់​មួយ​សម្រាប់​ជោគវាសនា​នៃ​អាជីវកម្ម៕