កំហុសទាំង10​ចំណុចនេះ នឹងធ្វើឲ្យ​ទូរស័ព្ទរបស់អ្នកឆាប់ខូចដោយមិនដឹងខ្លួន

ស្មាតហ្វូន​បាន​ក្លាយជា​របស់​ប្រើប្រាស់​ដ៏​ចាំបាច់​មួយ ដែល​មនុស្ស​សម័យ​ថ្មី​សុទ្ធតែ​ត្រូវការ។ ទន្ទឹមគ្នានេះ ម្ចាស់​ស្មាតហ្វូន​ជាច្រើនបែរ​ជា​ធ្វេសប្រហែស មិន​បាន​យក​ចិត្ត​ទុកដាក់​ថែរក្សា ឬ​អ្នក​ខ្លះ​ថែ​​បាន​តែ​គ្រា​ដំបូង។ ដើម្បី​ឱ្យ​ស្មាតហ្វូន​តម្លៃ​រាប់​រយ​រាប់​ពាន់ដុល្លារ​របស់​អ្នក​ប្រើ​បាន​យូរ មិន​ឆាប់​ខូច ដូច្នេះ​គួរ​ចៀសវាង​ធ្វើ​នូវ​កំហុស ១៣យ៉ាង​ខាង​ក្រោម​នេះ៖

1- សាក​ថ្ម​លើស​កំណត់ (សាក​ថ្ម​ពេញ​ហើយ តែ​នៅ​តែ​មិន​ដក​ពី​រន្ធ​ហ្វ្រី​ភ្លើង)។ នៅ​ពេល​ស្មាតហ្វូន​ត្រូវ​បាន​សាក​ថ្ម​ពេញ​ហើយ អ្នក​គួរតែ​ដក​ឆ្នាំង​សាក​ចេញ។ មនុស្ស​ភាគច្រើន​មិនសូវ​ជា​ចាប់អារម្មណ៍​ចំណុច​នេះ​ឡើយ ទោះ​សាក​ពេញ ១០០% ហើយ​ក៏​នៅ​តែ​មិន​ដក​ចេញ ធ្វើឲ្យ​ថ្ម​ឆាប់​ខូច។

2- អ្នក​មិន​ត្រូវ​បើក​ពន្លឺ​អេក្រង់​អស់ៗ​ប្រើ​គ្រប់​ពេល​វេលា​ជា​រៀង​រាល់ថ្ងៃ​នោះ​ទេ។ ស្មាតហ្វូន​គឺ​ជា​ប្រភេទ​ឧបករណ៍​វៃឆ្លាត​ត្រូវការ​ថាមពល​ច្រើន​ដើម្បី​អាច​ដំណើរការ​បាន។ ការ​បើក​ពន្លឺ (brightness) ដល់​អស់​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ឆាប់​អស់ ឆាប់​ខូច​ថ្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឱ្យ​អេក្រង់​ទូរស័ព្ទ​ឆាប់​ខូច​ផង​ដែរ ដោយសារ​រង​នូវ​កម្ដៅ​ខ្លាំង​រយៈពេល​យូរៗ។ 

3- បើក​ដំណើរការ​កម្មវិធី​ច្រើន ប៉ុន្តែ​សុទ្ធតែ​ពុំ​មាន​ប្រយោជន៍ ​ធ្វើឲ្យ​មាន​ការ​បញ្ជាក់​សារ notification រញ៉េរញ៉ៃ ដែល​អាច​ធ្វើឲ្យ​ទូរស័ព្ទ​ដំណើរការ​យឺត ឬ​គាំង​ក៏​ថា​បាន។ ដូច្នេះ​គួរ​បិទ (disable) នូវ notification ដែល​មាន​ពាក់ព័ន្ធ​នឹង​កម្មវិធី (app) មិន​ចាំបាច់ និង​បើក​តែ notification ណា​ចាំបាច់​បំផុត។ ការ​ប្រើ Push notification គឺ​មាន​ប្រយោជន៍​សម្រាប់​ឱ្យ​លោក​អ្នក​ដឹង​អំពី​ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំងឡាយ​ក្នុង​ទូរស័ព្ទ ប៉ុន្តែ​ប្រសិន​មិន​ចាំបាច់ គួរ​បិទ​ចោល​ដើម្បី​រក្សា​ល្បឿន​ដំណើរការ ព្រមទាំង​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិត។ 

4- គួរ​ណាស់​តែ​បិទ ឬ restart យ៉ាង​ហោច ម្ដង​ឬ​ពីរ​ដង​ក្នុង​រយៈពេល ១សប្ដាហ៍។ Restart ទូរស័ព្ទ និង​​ទុក​ទូរស័ព្ទ​ឱ្យ​ត្រជាក់ ក៏​ដូចជា​​ដើម្បី​ផ្ដាច់​ដំណើរការ (kill process) ទាំងឡាយ​ដែល​កើត​ឡើង​អំឡុង​ពេល​អ្នក​ប្រើ​ទូរស័ព្ទ​រយៈពេល​យូរ​ឡើយ។ ការ​បិទ (Turn off) ឬ restart ក៏​អាច​ធ្វើ​ឱ្យ​ទូរស័ព្ទ​រក្សា​ដំណើរការ​បាន​លឿន និង​អាច​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិតពី​ការ​ជាប់ process ច្រើន ដែលអ្នក​បិទ​មិន​អស់។ 

5- ការ​ប្រើប្រាស់​មុខងារ GPS លើ​ស្មាតហ្វូន ពុំសូវ​មាន​ការ​ចាំបាច់​ខ្លាំងដែលត្រូវប្រើ​។ អ្នក​គួរ​បិទ GPS ដើម្បី​សន្សំសំចៃ​ថ្ម ក៏​ដូច​ជា​ជៀសវាង​មុខងារ​ដំណើរការ​ធ្វើ​ឱ្យ​ទូរស័ព្ទ​ឡើង​កម្ដៅ។ 

6- Bluetooth និង Wi-Fi ក៏​មិន​ខុស​គ្នា​ដែរ គួរ​បិទ​ចោល​នៅ​ពេល​ប្រើ​ហើយ ដើម្បី​កាត់​បន្ថយ​ដំណើរការ ក៏​អាច​ជៀសវាង​ទូរស័ព្ទ​ឆាប់​ក្ដៅ និង​ឆាប់​អស់​ថ្ម​បាន​មួយ​កម្រិត​ដែរ។ ក្រៅ​ពី Bluetooth និង Wi-Fi លោក​អ្នក​ក៏​អាច​បិទ​ដំណើរការ​កម្មវិធី​ដែល​មិន​ចាំបាច់​ផ្សេងៗ ដើម្បី​កាន់តែ​អាច​ថែទាំ​ទូរស័ព្ទ​ថែមទៀត។ 

7- ទោះបី​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ (Wireless) គឺ​ជា​មធ្យោបាយ​ថ្មី​ទំនើប​ក្នុង​ការ​បញ្ជូន​ថាមពល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ក៏​ពិត​មែន ប៉ុន្តែ​វា​ពុំ​មែន​ជា​វិធីសាស្ត្រ​មាន​សុវត្ថិភាព​បំផុត​នោះ​ឡើយ។ ​បច្ចេកវិទ្យា​នេះ នឹង​បង្កើត​ជា​កម្ដៅ​ខ្លាំង​ជាង​ការ​ប្រើ​ឆ្នាំង​សាក​ខ្សែ។ ថ្ម​ស្មាតហ្វូន​ប្រភេទ Lithium-ion នឹង​រង​កម្ដៅ​ខ្លាំង ដែល​នឹង​ធ្វើ​ឱ្យ​ឆាប់​ខូច។

8- កុំ​ប្រើ​ទូរស័ព្ទ​រហូត​ដល់​អស់​ថ្ម​រលីង​នោះ (០%) ព្រោះ​ការ​ធ្វើ​បែបនេះ ក៏​អាច​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ខូច​ផង​ដែរ។ ដើម្បី​ថែទាំ​ឱ្យ​ថ្ម​ប្រើ​បាន​យូរ ត្រូវ​ជៀសវាង​ពី​ចំណុច​នេះ។ ត្រូវ​ចេះ​ចាប់​អារម្មណ៍​ចំពោះ​កម្ដៅ​ទូរស័ព្ទ​ដែល​អ្នក​ប្រើ ប្រសិន​បើ​ឡើង​កម្ដៅ​ខ្លាំង​ពេក ត្រូវ​ប្រញាប់​បញ្ឈប់​ការ​ប្រើ​មុខងារ ឬ​កម្មវិធីទាំងឡាយ​​ជា​បន្ទាន់ បើ​បិទ​ទុក​មួយ​ស្របក​កាន់​តែ​ប្រសើរ ជៀសវាង​ឆាប់​ខូច​ទូរស័ព្ទ។ ការ​ឆាប់​ឡើង​កម្ដៅ ក៏​អាច​បណ្ដាល​មក​ពី​សីតុណ្ហភាព​ក្នុង​បរិស្ថាន​ខាង​ក្រៅ​ផង​ដែរ។

9- ប្រើ​ឆ្នាំង​សាក​ពិត (ឆ្នាំង​សាក​ហ្សីន) មិន​ក្លែងក្លាយ។ តាម​រយៈ​ករណី​ផ្ទុះ​ទូរស័ព្ទ​ធ្លាប់​កើត​មាន​កន្លង​មក ដូច្នេះ​លោកអ្នក​គួរ​ចងចាំ និង​ជៀសវាង​ឱ្យ​បាន។ ការ​សាក​ថ្ម​ដោយ​ប្រើ​ឆ្នាំង​សាក​ក្លែងក្លាយ មិន​មាន​ស្តង់ដារ​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​ទូរស័ព្ទ​ឆាប់​ក្ដៅ អាច​ផ្ទុះ​បាន។ 

10- កុំ​សំញែង​ទូរស័ព្ទ ពិសេស​ស្មាតហ្វូន​តម្លៃ​ថ្លៃៗ ព្រោះ​អ្នក​អាច​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​ចោរ​លួច ចោរ​ឆក់ ឬ​វាយ​ប្រហារ ប្លន់ ​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ខ្លួន​អ្នក​បាន ពិសេស​កុំ​និយាយ​ទូរស័ព្ទ​នៅ​ពេល​ធ្វើ​ដំណើរ​ពេល​យប់​ស្ងាត់៕