កំហុសទាំង “៦​ចំណុច” ដែល​​សហគ្រិន​ត្រូវ​​ជៀសវាង​​​​បើ​ចង់​ឲ្យ​​អាជីវកម្ម​​​កាន់តែ​ជោគជ័យ​

ជាទូទៅ សហគ្រិនតែងចង់​​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​ហុច​ផ្លែផ្កា​ ធ្វើ​យ៉ាងណា​​អាច​យក​​ឈ្នះ​គូប្រជែង​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ។ ប៉ុន្តែសមរភូមិ​អាជីវកម្ម​មិន​ងាយស្រួល​ដូច​អ្នក​គិត​នោះ​ឡើយ ហើយ​បើ​ស្រួល​ដូច​​​គេ​ថា​​មែន​នោះ ប្រហែល​ជា​មនុស្ស​គ្រប់រូប​រត់​ទៅ​បើក​ក្រុមហ៊ុន​ ឬអាជីវកម្ម​​ និង​​អាច​ជោគជ័យ​គ្រប់ៗ​គ្នា​ហើយ។​

វា​ជា​រឿង​លំបាក​មួយ តែ​ទោះជា​យ៉ាង​ណា​ក្តី បើ​អ្នក​បាន​​លូកដៃ​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម​​កាន់តែ​ជ្រៅ​ហើយ សូម​កុំ​មាន​ការ​ថ្លោះធ្លោយ​ប្រើ​រូបភាព​​ខុស​ច្បាប់​ ឬមើល​រំលង​សកម្មភាព​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់អាជីវកម្ម​របស់​អ្នក។​ កំហុស​ខាងក្រោម​នេះ គឺ​ជា​​ឧទាហរណ៍​ស្រាប់​សម្រាប់​សហគ្រិន​​គ្រប់រូប​​គួរតែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។ ​​

​​១) ជ្រើសរើស​ឈ្មោះ​ក្រុមហ៊ុន​ខុស

នៅ​ក្នុង​​ទីលាន​អាជីវកម្ម ការ​ដាក់ឈ្មោះ​ក្រុមហ៊ុន​មែន​មែន​ចេះ​តែ​ធ្វើ​ឡើង​តាមតែ​ការ​នឹកឃើញ​របស់​អ្នក​នោះ​ឡើយ។ ឈ្មោះ​មិន​ទាក់ទាញ ពិបាក​អាន ពិបាកចងចាំ ស្មុគស្មាញ​ គឺ​ជា​កំហុស​មួយ​របស់​សហគ្រិន ហើយ​វា​រឹត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​ ​ប្រសិន​បើ​ឈ្មោះ​ក្រុមហ៊ុន​ ឬពាណិជ្ជ​នាម (Trademark)​​ និងផលិតផល​ក្រុមហ៊ុន​​​របស់​អ្នក​ត្រូវ​បាន​ចុះ​បញ្ជី​ និងចែកចាយ​​នៅ​លើ​ទីផ្សារ​រួចរាល់។ ជៀសវាង​បញ្ហា​នេះ សូម​អ្នក​​​ស្វែងរក និងផ្ទៀងផ្ទាត់​ឈ្មោះ​អាជីវកម្ម​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។

២) គ្មាន​ប្រាក់​​ត្រៀម​ទុក​សម្រាប់​បើក​អាជីវកម្ម​

សម្រាប់​​ការ​ចំណាយ​ផ្សេងៗ​នៅ​ក្នុង​ការ​បើក​អាជីវកម្ម អាច​មាន​ចំនួន​ច្រើន​ហួស​ពី​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នក។ អ្នក​អាច​កំណត់​ការ​ចំណាយ​សម្រាប់​​គម្រោង​អាជីវកម្ម​ក្នុង​ចំនួន​មួយ​បាន តែ​នៅ​ពេល​ដែល​អាជីវកម្ម​នោះ​ចាប់ផ្តើម​អនុវត្ត​ទើប​ដឹង​ថា វា​ពិត​ជា​ត្រូវការ​​ប្រាក់​ច្រើន​ជាង​នេះ។

បើ​អ្នក​មាន​ប្រាក់​ត្រៀម​ទុក​ជា​មុន​គឺ​ជា​រឿង​មួយ​ល្អ ចុះ​បើ​គ្មាន​វិញ​នោះ​តើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងណា?​ នេះមិន​​​ធ្វើ​ឲ្យ​អ្នក​ដួល​រលំ​​ហើយ​មែន​ទេ? ជា​គោលការណ៍​ទូទៅ អ្នក​​ត្រូវ​មាន​ប្រាក់​ត្រៀម​ទុក​ជា​មុន​​ស្មើនឹង​ ២០% ​នៃ​គម្រោង​ចំណាយ​របស់​អ្នក​សម្រាប់​បើក​អាជីវកម្ម​នេះ ទើប​​អាច​ការពារ​អាជីវកម្ម​​របស់​អ្នក​ឲ្យ​ជៀស​ផុត​ពី​ការ​ដួល​រលំ​បាន។​​​

៣) គេចវេស ឬក្លែង​បន្លំ​ក្នុង​ការ​បង់ពន្ធ​​

ពន្ធ​​ពី​ការ​​បើក​អាជីវកម្ម​របស់​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ដែល​​​ទទួល​ខុសត្រូវ​លើ​កិច្ចការ​ពន្ធដារ​នេះ។ ក្រុមហ៊ុន​របស់​អ្នក​បង្កើត​ឡើង​ដោយ​ស្របច្បាប់ តែ​អ្នក​បែរជា​​មាន​ចេតនា​គេចវេស​ ឬក្លែងបន្លំ​មិន​ព្រម​​បង់​ពន្ធ​ជួន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គឺ​​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​មិន​អាច​ទទួល​យក​បាន។

រូបភាព​បែបនេះមិនមែន​ស្ថិត​នៅ​ក្នុង​គោលការណ៍​ធ្វើ​អាជីវកម្ម​នោះ​ឡើយ ហើយ​ករណី​​​អាច​កើត​មាន​បាន លុះត្រាតែ​មាន​ការ​ឃុបឃិត​គ្នា​រវាង​អ្នក​ និងមន្ត្រី​ទទួល​ខុសត្រូវ​ពន្ធដារ​ណាមួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ច្បាប់​មិនធូររលុង​ទេ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ណា​មួយ​អាជីវកម្ម​របស់​អ្នក​នឹង​ដាច់ដង្ហើម​ជាក់ជា​មិន​ខាន។

៤) បញ្ចុះ​តម្លៃ​ផលិតផល

វា​ជា​រឿង​កម្រ​ដែល​ថាអាជីវកម្ម​ថ្មីថ្មោង​​បាន​បើក​ទ្វា ហើយ​អាច​បោះ​ជំហាន​ទៅ​មុខ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ។ ជា​​ទូទៅ​លទ្ធផល​បែប​នេះត្រូវ​ចំណាយពេល​ជា​ច្រើន​ឆ្នាំ និងត្រូវ​ឆ្លងកាត់​ដំណាក់កាល​នីមួយៗ​របស់​វា។ ប្រសិន​បើ​អ្នក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​លើ​ទីផ្សារ និងចរចារ​​ទិញ​លក់​ផលិតផល​របស់​ក្រុមហ៊ុន​ណាមួយ​មក​លក់​បន្ត ​សូម​កុំ​​បញ្ចុះ​តម្លៃ​ផលិតផល​របស់​អ្នក​ឲ្យ​សោះ ទោះបី​ជា​មិន​មាន​​អតិថិជន​ណា​ម្នាក់​ចូល​មក​ទិញ​ផលិតផល​របស់​អ្នក​ក៏ដោយ។ ​​​

បញ្ហា​នៃ​ការ​ចុះ​តម្លៃ​នោះ​គឺ​ថា អាជីវកម្ម​ថ្មីថ្មោង​អាច​រីក​ចម្រើន​​មិន​ដោយសារ​តែ​ការ​បញ្ចុះ​តម្លៃ​នោះ​ឡើយ។ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ អ្នក​មិន​អាច​យក​ឈ្នះ​​​គូប្រជែង​របស់​អ្នក​ដែល​​មាន​បទពិសោធន៍​លើ​អាជីវកម្ម​យូរឆ្នាំ​បាន​ភ្លាមៗ​នោះ​ឡើយ។

តួនាទី​របស់​អ្នក​ក្នុង​ដំណាក់កាល​នេះ​គឺ​ការ​ដកស្រង់​បទពិសោធន៍ និងការ​យកចិត្តទុកដាក់​ពី​អ្វី​ដែល​ជា​តម្រូវការ​របស់​អតិថិជន។ អតិថិជន​មួយ​ចំនួន​ពិនិត្យ​លើ​តម្លៃ​ជា​សំខាន់ ខណៈ​ដែល​អតិថិជន​ផ្សេងទៀត​ពិនិត្យ​លើ​គុណភាព តែ​អ្នក​ត្រូវ​ចាំ​ថាក្នុង​ទីផ្សារ​អាជីវកម្ម​គុណភាព​​មាន​សារសំខាន់​ជាង​បរិមាណ។ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​លក់​ជើង​ខ្លួន​ឯង​ជា​មិន​ខាន។ ​​​

៥) មិន​ចុះ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន

សហគ្រិន​មួយចំនួន​យល់​ថា ក្រុមហ៊ុន​របស់​ខ្លួន​នៅ​តូច មិន​មាន​បុគ្គលិក​ច្រើន មាន​ចំណែក​​ទីផ្សារ​តូចតាច​នៅ​ក្នុង​​សង្គម។ នេះ​ហើយ​​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សហគ្រិន​ទាំង​​នោះ មិន​ខ្វាយខ្វល់​រឿង​ចុះ​ឈ្មោះ​ក្រុមហ៊ុន​នោះ​ឡើយ ម្យ៉ាង​ទៀត​វា​ក៏​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន និង ស្មុគស្មាញ​​ទៀត​ផង។ ​​

អ្នក​មាន​សួរ​ខ្លួនឯង​ទេ​ថា តើ​នឹង​មាន​អ្វី​កើតឡើង​​ប្រសិន​បើ​​មាន​ជន​ទីពីរ ឬគូប្រជែង​​ណា​ម្នាក់​មក​ប្តឹង​ថា អ្នក​​បាន​លួច​ចម្លង ឬអាជីវកម្ម​របស់​អ្នក​មិន​ស្រប​ច្បាប់​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​គេ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ? ទោះបីជា​ពេល​ខ្លះ​គេ​គិត​ថាមិន​អាច​ឈ្នះ​ក្តី ប៉ុន្តែ​អ្នក​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​​សម្រាប់​ការ​ពារ​ខ្លួន​តតាំង​នឹង​ភាគី​នោះ​ដែល​រឹត​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​ច្រើន​ទៀត។

ចុះ​​បើ​អ្នក​ចាញ់​វិញ ហើយ​មិន​មាន​ឈ្មោះ​ក្រុមហ៊ុន​ពិតប្រាកដ នោះ​ទ្រព្យសម្បត្តិ និងអាជីវកម្ម​របស់​អ្នក​មិនត្រូវ​រឹបអូស ឬបិទទ្វារ​ឬ​យ៉ាងម៉េច?​​ គុណវិបត្តិ​នេះ​ពិតជា​មាន ហើយ​អាច​មាន​ច្រើន​ក៏​ថា​បាន។ ដូច្នេះ​ហើយ​​ជា​ដំបូន្មាន​ដ៏​ល្អ ប្រសិន​បើ​អ្នក​ចង់​​ឲ្យ​អាជីវកម្ម​មាន​ស្ថិរភាព​​ស្របតាម​ច្បាប់ អ្នក​គួរតែ​ចុះឈ្មោះ​ក្រុមហ៊ុន​ទៅ​វា​ប្រសើរ​ជាង។

៦) មិន​រៀន​ពី​កំហុស​របស់​ខ្លួន

ការ​មិន​រៀន​ពី​កំហុស​របស់​ខ្លួន អាច​នឹង​ធ្វើ​ឲ្យ​អ្នក​​ធ្លាក់​ខ្លួន​ចូលក្នុង​​ជ្រោះ​​ម្ដងទៀត​ ហើយ​នៅ​ទីបំផុត​អ្នក​បន្សល់​ទុក​តែ​ភាព​ស្តាយក្រោយ​​សម្រាប់​ខ្លួន​ឯង។ ជា​សហគ្រិន​អ្នក​ត្រូវ​រៀន និង​ដកស្រង់​បទពិសោធន៍​​ល្អ​ៗពី​កំហុស​របស់​​អ្នក​ ដែល​នេះ​ជា​ចំណែក​មួយ​​អាច​​ធ្វើ​ឲ្យ​អ្នក​រឹងមាំ​បាន។ ការ​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​អ្នក​​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ចាស់ទុំ​ជាង​មុន ​អាច​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​​​ជាង​មុន​បាន។

៧) មិន​មាន​ប័ណ្ណ​​​ធានារ៉ាប់រង

​ក្រុមហ៊ុន​​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ផ្តល់​ប័ណ្ណធានារ៉ាប់រង​​គ្រប់គ្រាន់​​សម្រាប់​​បុគ្គលិក​របស់​ខ្លួន។ ​ការ​ធានារ៉ាប់រង​សម្រាប់​បុគ្គលិក កម្មករ គឺ​​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​​អត្ថ​ប្រយោជន៍​ឲ្យ​ពួកគេ​​លើ​ថ្លៃ​ព្យាបាល​ជំងឺ ឬគ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​យថាហេតុ។ ការ​ធានា​រ៉ាប់រង​គួរតែ​ធ្វើ​ទៅ​លើ​បុគ្គលិក​ពេញ​សិទ្ធិ​ តែ​មិន​គួរ​ធ្វើ​​​ទៅ​លើ​បុគ្គលិក​ជាប់​កិច្ចសន្យា​នោះ​ឡើយ។ បើ​អ្នក​មិន​មាន​ចំណុច​នេះ​ទេ បុគ្គលិក​របស់​អ្នក​​អាច​​បាត់បង់​ទំនុកចិត្ត យ៉ាងហោចណាស់​ក៏​មាន​ភាពស្ទាក់ស្ទើរ​​ធ្វើ​ការ​ឲ្យ​អ្នក​ដែរ៕