កំពូល​សហគ្រិន​វ័យ​ក្មេង​មាន​អាយុ​ត្រឹមតែ៩ឆ្នាំ​សោះ ​​​ហ៊ាន​​​​បោះ​ទុន​ ១,៥ សែន​ដុល្លារ​បើក​អាជីវកម្ម​

គេ​សង្កេត​ឃើញ​ថាសហគ្រិន​ទូទៅ ​ហ៊ាន​ប្រឡូក​អាជីវកម្ម​លុះត្រា​តែ​មាន​បទពិសោធន៍ ឬបាន​សិក្សា​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​​ជា​មុន​សិន ​​យ៉ាងហោចណាស់​​មាន​អាយុ​ខ្ទង់​ ២០ ​ឡើងលើ​​​​ដែរ ត្បិតអី​នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​​គេច​ផុត​ពី​​ហានិភ័យ​​មួយ​ចំនួន​ និងមាន​ទំនុកចិត្ត​ខ្ពស់​​ក្នុង​ការ​បើក​អាជីវកម្ម។

យ៉ាងណាមិញ ងាក​មក​មើល​កុមារា​​ជនជាតិ​អាមេរិក​​ម្នាក់​នេះ​វិញ ស្ទើរតែ​និយាយ​ថា មិន​ទាន់​​​បញ្ចប់​ថ្នាក់​បឋមសិក្សា​ស្រួលបួល​ផង​ផង​ហ៊ាន​បើក​អាជីវកម្ម​​ទាំង​ក្មេង​ខ្ចី​ទៅ​ហើយ​​តាំង​ពី​អាយុ​៩​ឆ្នាំ​។ នោះ​គឺកុមារា​ Moziah Bridges។ តាំងពីអាយុ៩ឆ្នាំ ​គាត់ហ៊ាន​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ក្នុង​ទឹកប្រាក់​១,៥ សែន​ដុល្លារ។ មាន​ដើម​កំណើត​មក​ពី​រដ្ឋ Texas កុមារា​ម្នាក់​នេះ​មាន​គំនិត​បើក​អាជីវកម្ម​ ខណៈ​ដែល​មិត្ត​រួម​ថ្នាក់​ឯទៀត​កំពុង​សិក្សា​នៅ​ឡើយ។ ​

នៅ​ពេល​នេះ​ Moziah Bridge កំពុង​កាន់កាប់​ក្រុមហ៊ុន​តូច​មួយ​ឈ្មោះ​ថា Mo’s Bows ដែល​ជា​ក្រុមហ៊ុន​​ផលិត និង​លក់​បូ​ក្រវ៉ាត់ក។ គំនិត​​អាជីវកម្ម​​យ៉ាង​ក្មេង​ខ្ចី​បែប​នេះ កំពុង​​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ល្បីៗ​របស់​អាមេរិក។ ក្នុង​នោះ Moziah Bridge ក៏​បាន​លេចមុខ​នៅ​​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ទូរទស្សន៍ “Shark Tank” នៅ​ពេល​កន្លង​មក និងនៅ​លើ​ក្រប​ទស្សនាវដី្ត “O Magazine” និង “Vogue” ផង​ដែរ។

ដោយ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន Moziah Bridge បាន​មាន​និយាយ​​​ដូច្នេះ​ថា ៖ «ខ្ញុំ​ចូលចិត្ត​ពាក់​បូ​ក្រវ៉ាត់ក ព្រោះ​មើល​ទៅ​ស្អាត និងធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ​ទៀត​ផង»។ សហគ្រិន​វ័យ​ក្មេង​ម្នាក់​នេះបាន​បន្ត​ទៀត​ថា ៖ «ការ​ឌីសាញ​បូ​​ឲ្យ​មាន​ពណ៌​ស្រស់​ស្អាត​ផ្សេងៗ​គ្នា គឺ​ជា​បេសកកម្ម​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​នេះ​មើលទៅ​កាន់តែ​រីករាយ និងមាន​សោភណភាព​ជាង​មុន»។​

យ៉ាងណាមិញ​ នេះ​​មិនមែន​ជា​រឿង​មួយ​ចៃដន្យ​នោះ​​ឡើយ​ និងអាច​​ចាត់ទុក​ថាជា​មហិច្ឆតា​មួយ​ដក់​ជាប់​នឹង​ខ្លួន​រហូត​ ព្រោះ​ថាប្រធាន​ក្រុមហ៊ុន​បូ​ក្រវ៉ាត់ក​​រូប​នេះ​ចូលចិត្ត​ពាក់​វា​តាំង​ពី​អាយុ ៤​ ឆ្នាំ​មក​ម្ល៉េះ។ នេះ​​ជា​ចំណាប់​អារម្មណ៍​ដ៏​ធំ​បំផុត​របស់ Moziah ដែល​បាន​ផ្សារ​ភ្ជាប់​នឹង​អាជីវកម្ម​​ខ្លួន​នៅ​​ពេល​នេះ​ ទន្ទឹម​នឹង​ការ​ជួយ​ជ្រោមជ្រែង​ និង​លើក​ទឹកចិត្ត​ឲ្យ​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ជា​បន្តើរៗ​ដោយ​​​ជីដូន​របស់​​​​ខ្លួន។

ក្នុង​រយៈ​ពេល​ ៣ ឬ ៤ខែ​ដំបូង Moziah បាន​ព្យាយាម​ដេរ​បូ​ដោយ​ខ្លួន​ឯង​បាន​​ត្រឹមតែ​ជាង ​២០​ បូ​ប៉ុណ្ណោះ​ ពី​ក្រណាត់​​យូរឆ្នាំ​របស់​ជីដូន​របស់​​​​ខ្លួន​។ ទោះបី​ជា​បែប​នេះ​ក្តី ក្រុម​គ្រួសារ​របស់ Moziah និង មិត្តភក្ដិ​ពិត​ជា​ពេញចិត្ត​នឹង​ផលិតផល​នេះ​ខ្លាំង​ណាស់​ត្បិតអី​មើល​ទៅ​វា​មាន​ពណ៌​ស្រស់​ស្អាត និង​ទាក់ទាញ​ទៀត​ផង។

​ក្រោយ​មក​ទៀត ​ក្តី​សុបិន្ដ​របស់ Moziah បាន​ក្លាយ​ជា​ការពិត​ ​និងកាន់តែ​មាន​ប្រជាប្រិយភាព​បន្តិចម្តងៗ​នៅ​តាម​បណ្ដាញ​សង្គម​ Facebook រហូត​ដល់​មាន​អ្នក​កុម្ម៉ង់​ទិញ​ជា​បន្តបន្ទាប់​​ចេះ​តែ​កើនឡើង​ទាំង​អនឡាញ និងនៅ​ទីតាំង​ផ្ទាល់ ដែល​នេះ​មិន​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅស្ងៀម​បាន​ឡើយ ពោល​គឺ​ចូល​រួម​​ជួយ​​ផ្តល់​សេវាកម្ម​ផលិតផល​​បូ​នេះ​បន្ថែម​ទៀត​តែម្តង។

នៅ​ពេល​គេ​សួរ​ថា តើ​អ្នកណា​ជា​បុគ្គល​គំរូ​របស់​ខ្លួន? Moziah បាន​ឆ្លើយ​យ៉ាង​រហ័ស​ថាគឺ​លោក Daymond John ដែល​ជា​វាគ្មិន​ល្បីល្បាញ​ប្រចាំ​ទូរទស្សន៍ និងជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន FUBU អាមេរិក។

ទោះបី​ជា​អាជីវកម្ម​របស់​​ Moziah មិន​ទាន់​ជោគជ័យ​ទាំងស្រុង កុមារា​ម្នាក់​នេះ​អាច​ក្លាយ​ជា​សប្បុរសជន​វ័យ​ក្មេង​​ល្បីល្បាញ​បំផុត​មួយ​ផង​ដែរ ​​ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​ប្រមាណ ១ ៦០០​ដុល្លារ​ដល់​ក្មេងៗ​ចំនួន ១០នាក់​នៅ​ស្រុក​កំណើត​របស់​ខ្លួន។ ក្រៅ​ពី​ការ​បរិច្ចាគ​ទឹក​ប្រាក់​​នេះ សហគ្រិន​ដ៏​គួរឲ្យ​កោតសរសើរ​ម្នាក់​នេះ​បាន​សន្យា​ទៀត​ថានឹង​បង្កើត​​គម្រោង​មូលនិធិ​ផ្ទាល់​ខ្លួន​​សម្រាប់​ជួយ​​ប្រជាជន​ក្រីក្រ​នៅ​សហគមន៍​របស់​ខ្លួន​​នៅ​ពេល​ដែល​រក​ប្រាក់​ចំណូល​​ច្រើន​ជាង​នេះ​។ ​​

Moziah បាន​ប្ដេជ្ញា​ចិត្ត​ថាខ្លួន​នឹង​សម្រេច​ក្តី​សុបិន្ដ​បង្កើត​ក្រុមហ៊ុន​ធំ​មួយ​ឲ្យ​បាន​នៅ​អាយុ ២០ឆ្នាំ។ ឥឡូវ​នេះអាជីវកម្ម​លក់​បូ​ក្រវ៉ាត់ក​របស់ Moziah បាន​ពង្រីក​ខ្លួន​​​ចំនួន​៣​រដ្ឋ​ហើយ​គឺ​នៅ​រដ្ឋ​ Texas រដ្ឋ South Carolina និង Tennessee៕