កុំ​ភ្លេច​​យក​ចំណុច​ “ទាំង៥” នេះ​មក​ដាស់តឿន​ឲ្យ​​ខ្លួន​ឯងជារៀងរាល់​ថ្ងៃ

នៅ​ពេល​ដែល​ជីវិត​របស់​អ្នក​សាត់អណ្តែត ស្ថានភាព​នេះ​​ហើយ​ដែល​ទាមទារ​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​ដំណើរ​ជីវិត​ខ្លួន​ឯង​ឲ្យ​​បាន​ត្រឹមត្រូវ​​ ជា​ពិសេស​នោះ​គឺ​ការ​ធ្វើ​គ្រូ​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង។ ហេតុផល​នេះ​ហើយ​ដែល​អ្នក​ត្រូវ​ក្រើនរំលឹក​ខ្លួន​ឯង​នូវ​​​ចំណុច​សំខាន់ៗ​ទាំង៥ ខាងក្រោម​​នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​សាបព្រោះ​ជីវិត​របស់​អ្នក​​ឲ្យ​ដុះ​ពន្លក​ឡើង​​ពោរពេញ​ដោយ​​ការ​ឲ្យ​តម្លៃ។​

​​​​​១) ​គិត​ថាខ្លួន​អ្នក​ពិត​ជា​អស្ចារ្យ​

ជា​ការពិត​ណាស់ អ្នក​ច្បាស់​ជា​ធ្លាប់​គិត​យ៉ាងហោចណាស់​ម្តង​ដែរ​​ពី​ភាព​ធុញទ្រាន់​ក្នុង​ជីវិត​របស់​អ្នក​​។ អ្នក​អាច​គិត​​ថាមិន​ពេញ​ចិត្ត​អ្វី​ដែល​អ្នក​​​មាន​នៅ​ថ្ងៃ​នេះ ឬក៏​មើល​ឃើញ​ថា ជីវិត​របស់​អ្នក​នៅ​មិន​ទាន់​ដល់​គោលដៅ​អ្វី​ដែល​អ្នក​ចង់​បាន។ តែ​កុំ​ប្រញាប់​ពេក សាកសួរ​ខ្លួន​ឯង​​បន្តិច​សិន​ថាតើ​​អ្នក​ជា​មនុស្ស​អស្ចារ្យ​ដែរ​ឬទេ?

ការ​ពិត​ទៅ​​ភាព​អស្ចារ្យ​ចំពោះ​អ្នក​នៅ​ទី​នេះ មិន​មានន័យ​ថាអ្នក​ល្អ​ជាង​អ្នក​ដទៃ ឬគ្រាន់បើ​ជាង​អ្នក​ដទៃ​នោះ​ទេ តែ​វា​ជា​ការ​ក្រើន​រំលឹក និងដាស់តឿន​ខ្លួន​ឯង​​ឯង ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន​ភាព​អស្ចារ្យ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក។​​​

២) គិត​ថាខ្លួន​អ្នក​អាច​ធ្វើ​អ្វីៗ​បាន

អ្នក​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ជោគជ័យ ខណៈ​ដែល​បុគ្គល​ខ្លះ​ទៀត​បរាជ័យ? ពេលខ្លះ​អ្នក​ថែម​ទាំង​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទៀត​ផង នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ អស់សង្ឃឹម និងតូចចិត្ត​នឹង​ឆាក​ជីវិត​ខ្លួន​ឯង​។ ឈប់​គិត​ពី​បញ្ហា​​នេះ ហើយ​​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​​ខ្លួន​អ្នក ងាក​មក​ដាស់​តឿន​ខ្លួន​ឯង​វិញ​ថា បើ​គេ​​ធ្វើ​បាន អ្នក​ក៏​ត្រូវ​តែ​​ធ្វើ​​ឲ្យ​បាន​ដែរ។ ​

៣) គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច

មិន​ខុស​ពី​ចំណុច​ទី២ខាងលើ វា​​ស្តាប់​ទៅ​ហាក់​ដូច​ជា​មិន​សម​ទំនង​សោះ​ដែល​អ្នក​មិន​ទាន់​បាន​ធ្វើ​អ្វី មួយ​ផង ស្រាប់​តែ​ទម្លាប់​ទង់ជ័យ​ចុះចាញ់​ទៅ​ហើយ។ តាម​ពិត​ទៅ​ដូច​ព្រះពុទ្ឋ​ទ្រង់​​បាន​មាន​បន្ទូល​​​ដូច្នេះ​​ថា​៖ «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​​បាន​​អាក្រក់»។

ហេតុដូច្នេះក្នុង​កាលៈទេសៈ​ណាក៏ដោយ បើ​អ្នក​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន លទ្ធផល​នឹង​អវិជ្ជមាន​ទៅ​តាម​នោះ​ដែរ។ ម្ល៉ោះហើយ​​នៅ​ចាំ​អី​ទៀត កម្ចាត់​ចោល​ទម្លាប់​គិត​ដ៏​ស្មុគស្មាញ​​ ការ​ខូចចិត្ត ភាព​ច្រណែនឈ្នានីស ភាព​លោភលន់​របស់​អ្នក​ចេញ​ទៅ​ ហើយ​ងាក​មក​ផ្លូវ​គំនិត​ជា​វិជ្ជមាន​វិញ​ទើប​ប្រសើរ​។​

៤) មោទនភាព​នូវ​អ្វី​ដែល​អ្នក​មាន​​ក្នុង​ថ្ងៃ​នេះ

មាន​មនុស្ស​មួយ​ចំនួន​តូចចិត្ត​នឹង​វាសនា​ដែល​កើត​មក​ជា​អ្នក​ក្រ ​រស់​នៅ​យ៉ាង​វេទនា តែ​មិន​ខំ​រើ​បម្រាស់​ចេញ​នោះ​ឡើយ​ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​រស់​នៅ​យ៉ាង​សុខសាន្ត​មិន​សូវ​ខ្វាយខ្វល់​អ្វី​នោះ​ឡើយ។ មើល​ទៅ​ឆាកជីវិត​របស់​បុគ្គល​ទាំងពីរ​នេះ​ខុសគ្នា​ដូច​មេឃ​ហើយ​នឹង​ដី។ ​លោក Bill Gates ធ្លាប់​មាន​ប្រសាសន៍​ថា៖ « កើត​មក​ក្រ​មិនមែន​ជា​កំហុស​របស់​អ្នក​នោះ​ទេ តែ​ស្លាប់​ទៅ​វិញ​ហើយ​នៅ​តែ​ក្រ​ទើប​ជា​កំហុស​របស់​អ្នក»។

ផ្អែក​​លើ​សម្ដី​របស់​មហាសេដ្ឋី​រូប​នេះ ទោះបី​ជា​ជីវិត​របស់​អ្នក​កើត​មក​​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ អ្នក​ត្រូវ​តែ​ទទួល​យក​វា និងមាន​មោទនភាព​ចំពោះ​វា​ជានិច្ច ហើយ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ការ​ផ្លាស់ប្ដូរ។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​មោទនភាព​ជាង​មុន និងយល់​ថា ជីវិត​របស់​អ្នក​ពិត​ជា​មានតម្លៃ​ពិតប្រាកដ​មែន។​ ​

៥) ត្រៀម​ខ្លួន​ដើម្បី​ឆក់​យក​ភាព​ជោគជ័យ​ឲ្យ​បាន

តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ ​ដើម្បី​ចាប់​យក​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក? បើ​នៅ​តើ​អ្វី​ខ្លះ​ជា​គោលដៅ​ដែល​អ្នក​ចង់​ជោគជ័យ? ការងារ? ការ​សិក្សា? តំណែង? កេរ្តិ៍ឈ្មោះ? អ្នក​ជំនួញ? គ្រួសារ​ដ៏​មាន​សុភមង្គល? ក្នុង​ចំណោម​ចំណុច​ទាំង​នេះអាច​មាន​ចំណុច​មួយ​ដែល​​អ្នក​ចង់​​បាន​ ហេតុដូច្នេះ​ហើយ វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​អែនអន​ដេក​រង់ចាំ​ឱកាស​ចូល​មក​ដល់​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ខ្លួន​អ្នក។ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​​ស្រវា​ចាប់​​យក​ឱកាស​ឲ្យ​ខ្លួន​ឯង​បាន និង​បង្កើត​ឱកាស​ឲ្យ​ខ្លួន​ឯង ដើម្បី​​មាន​ជ័យជំនះ​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​អ្នក​ពិតប្រាកដ៕