ការ​ជំពាក់​បំណុល​របស់ “អ្នកមាន” និង “​អ្នក​ក្រ​” ខុសគ្នា​ដូចម្តេចខ្លះ?

ពាក្យ​ថា “​បំណុល​” មិនមែន​សុទ្ធតែ​មិន​ល្អ​នោះ​ទេ។ បំណុល​មាន​ពីរ​​ប្រភេទ គឺ​​​​បំណុល​​ងាប់​ ឬ​បំណុល​ខូច​ (Bad Debt) ​និង​បំណុល​រស់​ ឬបំណុល​ល្អ (Good Debt) គឺ​វា​អាស្រ័យ​លើ​​កម្មវត្ថុ​នៃ​ការ​ប្រើប្រាស់​បំណុល​នេះ​តែ​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះគេ​​បាន​មើល​ឃើញ​ជា​ទូទៅ​ថា បំណុល​ងាប់​ភាគច្រើន​ត្រូវ​​កាន់កាប់​ដោយ​​​អ្នកក្រ ខណៈ​ដែល​បំណុល​រស់​វិញ​​ភាគច្រើន​ត្រូវ​​កាន់កាប់​ដោយ​​អ្នកមាន។ នេះ​មិនមែន​ជា​ការ​រើសអើង​ទេ ប៉ុន្តែ​​របៀប​នៃ​ការ​ជំពាក់​បំណុល​របស់​អ្នក​មាន​ និង​អ្នកក្រ​ពិត​ជា​​មាន​ស្ថានភាព​ដូច្នេះ​មែន។ ​

​ការ​ជំពាក់​បំណុល​របស់​​អ្នក​មាន

តើ​អាច​ចាត់ទុក​ថា ជា​អ្នក​មាន​ដូចម្តេច​ទៅ​បើ​ខ្លួន​ជំពាក់​បំណុល​គេ​ដែរ​នោះ? ជា​ការ​ពិតរបៀប​​ជំពាក់បំណុល​របស់​អ្នក​មាន​​ត្រូវ​បាន​គេ​កត់សម្គាល់​​ឃើញ​ មាន​លក្ខណៈ​ខុស​​ទាំងស្រុង​ពី​បំណុល​របស់​អ្នក​ក្រ។

កម្មវត្ថុ​នៃ​ការ​ជំពាក់​បំណុល​របស់​អ្នក​មាន​​នោះ គឺ​កើតឡើង​ដោយសារ​ពួកគេ​យក​ប្រាក់​​កម្ចី​​ក្នុង​ចំនួន​ណាមួយ​ ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​​សម្រាប់​បង្កើត​ប្រាក់​ចំណូល​មកវិញ។ ជា​​ទូទៅ​ការ​វិនិយោគ​​ គឺ​ជា​​ហេតុផលមួយ​ដ៏​សុក្រឹត​បំផុត​នៅ​ពី​​ក្រោយ​ការ​​ជំពាក់បំណុល​របស់​អ្នក​មាន​​។

ជា​ឧទាហរណ៍​ អ្នក​​មាន​បាន​​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​ធនាគារ​ក្នុង​ទឹកប្រាក់​​២ម៉ឺន​ដុល្លារ ​ដើម្បី​​យក​មក​ធ្វើ​ដើមទុន​បើក​អាជីវកម្ម​លក់​សំលៀកបំពាក់​ទំនើបៗ​នៅ​ទីតាំង​មួយ​កន្លែង។ ត្រង់​ចំណុច​នេះ ទោះបីជា​​ពួកគេ​ដឹង​ថាខ្លួន​កំពុង​ជំពាក់​បំណុល​ក៏ដោយ នៅ​ថ្ងៃ​ខាងមុខ​ពួកគេ​នឹង​​មាន​លទ្ធភាព​អាច​​រក​ប្រាក់​ចំណូល​មកវិញ​ពីអាជីវកម្ម​នេះ​សម្រាប់​​ទូទាត់​ប្រាក់​ទៅ​ធនាគារ​វិញ​ជាក់ជា​មិនខាន។ នេះ​​ជា​​ហើយ​ជា​យុទ្ធសាស្ត្រ​​​​មួយ​របស់​អ្នក​មាន​ដែល​ប្រែក្លាយ​បំណុល​នៃ​ប្រាក់កម្ចី​របស់​ខ្លួន​ឲ្យ​កើត​ចេញ​ជា​មាសប្រាក់​បាន (Good Debt)។

​​ការ​ជំពាក់​បំណុល​​របស់​អ្នកក្រ

ងាក​មក​មើល​​ការ​ជំពាក់​បំណុល​របស់​អ្នកក្រ​វិញ ខុស​គ្នា​ពី​ការ​ជំពាក់​បំណុល​របស់​អ្នក​មាន​ដូចម្តេច​ខ្លះ? របៀប​នៃ​ការ​​​ជំពាក់​បំណុល​របស់​អ្នក​​ក្រ​ភាគច្រើន​ គឺ​ការ​ខ្ចីប្រាក់​ក្នុង​​ចំនួន​ណា​មួយ​សម្រាប់​យក​ទៅ​ដោះស្រាយ​កង្វះខាត​ក្នុង​ជីវភាព​របស់​​ពួកគេ​​។ ​និយាយ​ឲ្យ​ខ្លី​ជំពាក់​បំណុល​ដើម្បី​ខ្ចី​ប្រាក់​យក​ទៅ​ចំណាយ​ភាព​ទីទ័លក្រ​ ហើយ​ទី​បំផុត​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​ភាព​ទី​ទាល់ក្រ​ដដែល ឬកាន់តែ​ក្រ​ជាង​នេះ​ក៏​ថា​បាន។​

នេះ​ជា​អ្វី​ដែល​​គេ​អាច​និយាយ​បាន​ថា ​កម្មវត្ថុ​នៃ​ការ​ជំពាក់​បំណុល​របស់​អ្នក​​ក្រ​គឺ​​ដើម្បី​ចំណាយ​ មិនមែនជំពាក់បំណុល​ដើម្បី​​យក​ប្រាក់​មក​បង្កើត​ចំណូល​ដូច​អ្នកមាន​នោះ​ឡើយ។ ប្រការ​នេះ​ហើយ​ដែល​គេ​អះអាង​ថា អ្នកក្រ​​គ្មាន​សមត្ថភាព​​អាច​ប្រើប្រាស់​ប្រាក់កម្ចី​របស់​ខ្លួន​​ដើម្បី​បង្កើត​ចំណូល​នោះ​ឡើយ ដែល​នោះ​ហៅ​ថា​បំណុល​ងាប់ (Bad Debt) ​នោះ​ឯង៕